រាជធានីភ្នំពេញ ៖ ទើបតែមានមុខលើសង្វៀនបានមួយរយៈសោះ កីឡាករវ័យក្មេង គឹម វាសនា ស្រាប់តែគេឃើញមានមុខឡើងប្រកួតជាមួយកីឡាករថៃ រីណយ ដែលជាជើងខ្លាំងមួយរូបនៅក្នុងពិភពប្រដាល់ថៃ នៅថ្ងៃសៅរ៍ទី១៨ ឧសភា ក្នុងព្រឹត្តិការណ៍ TV5 Knock Out Serie by K-Cement នៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រែកកំពិស។
ការប្រកួតដែលនឹងចាប់ផ្ដើមពីម៉ោង៦ល្ងាចស្អែកនេះ ត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេល ល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រាតប្រដេញគ្នា ។
កីឡាករកម្ពុជាដែលជាជើងថ្មីទើបឡើងកូដត្រូវគេចាប់អារម្មណ៍ហួសប្រមាណក្រោយពី មានការប្រកាសថាតម្រូវឱ្យស្វាគមន៍កីឡាករ ថៃ រីណយ ដែលអ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំងធ្លាប់ប្រកួតឈ្នះកីឡាករកម្ពុជាកន្លងមក។ សមាសភាពគូអន្តរជាតិនេះ ត្រូវបានគេអះអាងថា មានការសម្រាំងយ៉ាងពិសេស ដើម្បីឱ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ ក្នុងពេលដែលសប្ដាហ៍នេះគឺជាការប្រកួតរវាងអ្នកមានឈ្មោះប្រកួតទាំង៤នាក់ ក្នុងវគ្គជម្រុះបន្តក្នុងចំណោមបេក្ខភាពអ្នកឈ្នះទាំង១៦រូប ដើម្បីជម្រុះយកតែ៨នាក់បន្តទៀត។
លោក សេង កដិកា អ្នករៀបចំកម្មវិធីប្រកួតបញ្ជាក់ថា សមាសភាពខាងកម្ពុជា សម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ គឹម វាសនា ដ្បិតថាគេមិនសូវមានឱកាសឡើងប្រកួតអន្តរជាតិ ។ លោកសម្រេចដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិ គឺដោយសារតែកីឡាកររូបនេះមានសមត្ថភាពឈានឡើង និងទទួលបានការចាប់អារម្មណ៍នៅក្នុងវិស័យប្រដាល់។ លោកប្រកាសថា វត្តមានចុះមករបស់កីឡាករថៃ រីណយ លោកចង់ផ្ដល់ឱកាសឱ្យ គឹម វាសនា កសាងកេរ្តិ៍ឈ្មោះ ទើបលោកហ៊ានសម្រេចផ្គូផ្គង បើទោះជាមានអ្នកគាំទ្រភាគច្រើនថា កីឡាករកម្ពុជាអាចនឹងពិបាកទប់ជាមួយកីឡាករថៃក្ដី ។
លោកក៏បានកំណត់ឱ្យកីឡាករកម្ពុជារូបនេះ ហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ផងដែរមុនពេលផ្គូផ្គង ទើបលោកយល់សមាសភាពរបស់កីឡាករកម្ពុជាមួយនេះ គ្រប់គ្រាន់សម្រាប់ឱ្យប៉ុស្តិ៍លេខ៥ដាក់ប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍នេះបាន។ លោកថា កីឡាករកម្ពុជា និងថៃ សុទ្ធតែត្រូវបានអះអាងថា មានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។
មួយគូនេះ មានការចាប់អារម្មណ៍ភាគច្រើន ថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត ដោយសារជាបទពិសោធន៍ កីឡាករកម្ពុជា គឹម វាសនា មិនសូវមានទម្លាប់ឡើងវ៉ៃលាក់ដៃស្រាប់ទៅហើយ ស្របគ្នាដែលគេក៏ជាកីឡាករក្លាហាន និងវាយស៊ូ គឺលោកពេញចិត្ត។ លោក សេង កដិកា បន្តថា ជំនួបអន្តរជាតិដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកឱ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២ លោកជឿជាក់ថានឹងកក្រើក ដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថា មិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជា វិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តលោក តាំងពីមុនផ្គូផ្គង ។
យ៉ាណាមិញ លោកថា កីឡាករកម្ពុជាដ្បិតថារូបលោក និងអ្នកគាំទ្រទុកចិត្តពីសមត្ថភាពយ៉ាងហ្នឹង តែបើគេប្រកួតមិនល្អ ឬមិនអស់ពីសមត្ថភាព ក៏ពិតជារងការរិះគន់មិនតិចដែរ ។ ដោយឡែកសម្រាប់គូប្រកួតជម្រុះដណ្ដើមយកកៅអី២នាក់ក្នុង សប្ដាហ៍នេះ ត្រូវបានគេអះអាងថា សុទ្ធតែត្រៀម ខ្លួនយ៉ាងខ្ជាប់ខ្ជួនមុនការឡើងរេញ ដែលក្នុងវគ្គកន្លងមកគឺល្អមើលរួចស្រេចដូចគ្នា៕
ចែករំលែកព័តមាននេះ