តោះ​ទៅ​មើល​ឃី​ម បូ​រ៉ា និង​លន បញ្ញា ប៉ះ​ថៃ​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​​ទាំង​អស់​​​គ្នា​!


រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចំនួន​២​រូប​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង ជំនួប​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍​ទី​១៨ ឧសភា ចុង​ស​ប្ដា​ហ៍​នេះ ។ ជើង​ខ្លាំង​កម្ពុជា ទាំង​ពីរ​រូប​នោះ​មាន​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​វិត​ថៈ​យ៉ា​យុ​ត និ​ធិ​ត ណាយ​ក្វា​ម និង​លន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ប្រាក់​ចាន​បាន ស​.​ច វី​ឈី​ត​ប៉ែ​តទី​វ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើងជា​រៀង រាល់ថ្ងៃ​សៅរ៍ ដែល​មាន​កីឡាករ​បរទេស​២​រូប​កម្ពុជា​២​រូប ។ ចំពោះ​រូបមន្ត​ប្រកួត​វិញ​ឈ្នះ​ទទួល​បាន​ប្រាក់​រង្វាន់​ក្រៅពី​តម្លៃ​ខ្លួន​ចំនួន​១​លាន​រៀល បើ​ស្មើ​ទទួល​បាន​ពាក់កណ្ដាល​ម្នាក់​។ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ គេ​នៅ​មិន​ទាន់​ដឹង​ថា កីឡាករ​កម្ពុជា ឬ​កីឡាករ​ថៃ​នោះ​ទេ​ដែល​ជា​អ្នកមាន​សំណាង​ដណ្ដើម​បាន​ប្រាក់​លាន​លើក​នេះ​។

ឃី​ម បូ​រ៉ា ត្រូវ​បាន​អ្នក​តាមដាន​ការ​ប្រកួតភាគច្រើន​វាយតម្លៃ​ថា ការ​ប្រកួត​លើក​នេះវា​មិនមែន​ងាយស្រួល​នោះ​ទេ ព្រោះ​អី​កីឡាករ ថៃ​ម្នាក់​នេះ​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​បទ ពិសោធន៍​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ​។ មិនតែប៉ុណ្ណោះ គេ​ថែម​ទាំង​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ញឹកញាប់​ទៀត​ផង ។ ទោះបី​យ៉ាងណា​សម្រាប់​អ្នកគាំទ្រ​មួយ​ចំនួន​ទៀត​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ ឃី​ម បូ​រ៉ា ជា​និច្ច ព្រោះ​លោក​ជា​អ្នក​ប្រដាល់ ជើង​ចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​មិន​ចាញ់ កីឡាករ​ថៃ​ម្នាក់​នេះ​ប៉ុន្មាន​ទេ​។

ចំណែក​លន បញ្ញា ប៉ះ​កីឡាករ​ថៃ​ដែល​ទើប តែ​ឈាន​ជើង​ចូល​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ជា​លើក​ដំបូង ក៏​មិន​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ដែរ ។ ប៉ុន្តែ​លន បញ្ញា គេ​បាន​សន្យា​ថា នឹង​ព្យាយាម​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ។

ទោះបី​យ៉ាងណា លោក ម៉ា ស៊ី​ថេ​ត អ្នក គ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី បាន​អះអាង​ថា កីឡាករ​ថៃ​ម្នាក់​នេះ ជា ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​ប្រចាំ​ប្រទេស​ថៃ​ដែល​អ្នក ប្រកួត​ជាមួយ​មិន​អាច​លេងសើច​បាន​ឡើយ​។

ដោយឡែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​​ជាមួយ​កីឡាករ ថា សា​រុន​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ។ កីឡាករ ទេស សុខ​ហេង មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ប្រកួត​ជាមួយ​កីឡាករ​សូត្រ សាណូ មក​ពី​ក្លិប​បក្សី​ស្លាប​ដែក និង​គូ​ចុង​ក្រោយ​កីឡាករ លី​ន សា​រ៉ា​ក់ មក​ពី​ក្លិប​បុរី​រាជសីហ៍ ប្រកួត​ជាមួយ កីឡាករ ពេជ្រ វិចិត្រ មក​ពី​ក្លិប​ចលនា​យុវជន​១៥៧ ៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ