ប្រទេសថៃ៖ មន្ត្រីថ្នាក់ខ្ពស់ប្រចាំធនាគារ Kasikornbank (KBank) បានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៦ ខែឧសភា ថាកំណើនតម្លៃប្រាក់បាតនៅមានកម្រិតនៅឡើយ ព្រោះតែភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ។
លោក Kobsidthi Silpachai ដែលជាប្រធានផ្នែកស្រាវជ្រាវទីផ្សារមូលធននៅ KBank បានឲ្យដឹងថា កំណើនតម្លៃប្រាក់បាតនឹងបន្តកើតមានឡើងរហូតដល់ចុងខែនេះ ព្រោះតែភាពមិនប្រាកដប្រជានៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ។
នៅថ្ងៃពុធកន្លងមកនេះ តម្លៃប្រាក់បាតស្មើ ៣១.៥៩ក្នុងមួយដុល្លារ ឬទាបជាងថ្ងៃទី ២ ខែឧសភាដែលមានតម្លៃដល់ទៅ ៣២ក្នុងមួយដុល្លារ ។ ក្នុងកំឡុងពេល៦ខែកន្លងមកនេះ តម្លៃរូបិយវត្ថុរបស់ប្រទេសថៃបានកើនឡើង ៣.៩% បើធៀបនឹងប្រាក់ដុល្លារអាមេរិក ។
លោក Kobsidthi បានបន្តទៀតថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសថៃគឺជាចំណុចទាក់ទាញលំហូរមូលធនបរទេស ហើយវាអាចនឹងបន្តជំរុញដល់តម្លៃប្រាក់បាតផងដែរ ។ លោកបានបន្ថែមថា «ធនាគារកំពុងតែរងចាំរបាយការណ៍សេដ្ឋកិច្ចជាពិសេសសម្រាប់ការនាំចេញក្នុងកំឡុងពេលត្រីមាសទី១ ពីក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមមុននឹងធ្វើការសម្រេចចិត្តថានឹងកែប្រែការព្យាករណ៍លើតម្លៃប្រាក់បាតឬទេ» ។
ប្រសិនបើការនាំចេញរបស់ប្រទេសមិនមានកំណើនច្រើន ឬមានការធ្លាក់ចុះនោះ ការព្យាករណ៍តម្លៃប្រាក់បាតមិនចាំបាច់ត្រូវបានកែប្រែទេដែល KBank ព្យាករណ៍ថានឹងស្មើ ៣៣បាតក្នុងមួយដុល្លារ ។ លោកបានបន្តថា ការនាំចេញអាចនឹងប៉ះពាល់ដល់ការព្យាករណ៍តម្លៃប្រាក់បាតរបស់ KBank ក្នុងឆ្នាំនេះព្រោះការនាំចេញអាចនឹងធ្លាក់ចុះក្នុងឆមាសទីមួយ ៕
ចែករំលែកព័តមាននេះ