​​នាំ​ជ្រូក​ពី​វៀតណាម​…បន្ត​បំពាន​បម្រាម


ខេត្តកំពង់ចាម ៖ ទោះបីជា​មានការ​ហាម​មិន​ឲ្យ​មានការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម ដោយសារ​ព្រួយបារម្ភ​ពី​ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ជា​ជំងឺ​មួយ​មិន​មាន​ថ្នាំ​ព្យាបាល​នៅឡើយ ហើយ​មេរោគ​នេះ​នឹង​ឆ្លង​យ៉ាង​រហ័ស​ទៅ​ជ្រូក​ផ្សេង​ៗ​នឹង​ត្រូវ​ងាប់​បន្តបន្ទាប់​យ៉ាងណា​ក្តី ក៏​ក្រុម​ឈ្មួញ​នៅ​តែ​បំពាន​ដោយ​ប្រើប្រាស់​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ដឹក​ចូល​មក​កម្ពុជា ហើយ​ក៏​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​បង្ក្រាប​បាន​ហូរហែ ។ ជាក់ស្តែង​ គ្រាន់តែ​នៅ​ថ្ងៃ​ទី​១៤ ឧសភា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ជ្រូក​ចំនួន​៣៤​ក្បាល ត្រូវ​បាន​បង្ក្រាប​ទាន់​ពេលវេលា ។

លោក ន​ង ម៉េ​ង​ហ៊ា​ង ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ក៏​ដូច​ជា​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ស្ថាប័ន​ជំនាញ​របស់​លោក​ត្រូវ​ចេញ​បំពេញ​បេស​កកម្ម​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ខេត្ត ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​លំហូរ​ជ្រូក​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​កាត់​តាម​ខេត្ត​ត្បូងឃ្មុំ ចូល​មក​ក្រុង​កំពង់ចាម​បាន​ឡើយ ។

លោក ន​ង ម៉េ​ង​ហ៊ា​ង ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​ប្រាប់​បន្ត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​យប់​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ត្រង់​ចំណុច​ភូមិ​អណ្តូង​ស្វាយ ឃុំ​វិហារ​ធំ ស្រុក​កំពង់​សៀម មាន​រថយន្ត​តួ​រី​ស​១​គ្រឿង មិន​មាន​ពាក់​ស្លាក​លេខ ដឹក​ជ្រូក​ចំនួន​១៧​ក្បាល ចេញ​មក​ពី​ប្រទេស​វៀតណាម​កាត់​តាម​ខេត្ត​ត្បូងឃ្មុំ និង​ត្រូវ​បាន​បង្ក្រាប​និង​ដឹង​ថា​ម្ចាស់​ជ្រូក​នៅ​ខេត្ត​ត្បូងឃ្មុំ ។

ជ្រូក​និង​រថយន្ត​ត្រូវ​បាន​ដកហូត​ហើយ​នៅ​ថ្ងៃ​ទី​១៦ ឧសភា មន្ត្រី​របស់​លោក​នឹង​បូម​យក​ឈាម​ជ្រូក​ដើម្បី​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​បសុព្យាបាល​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ។ ជា​មួយ​គ្នា​នេះ មន្ត្រី​កំពុង​តែ​បំពេញបែបបទ​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដើម្បី​សុំ​គោលការណ៍​ផាកពិន័យ​រថយន្ត​ដឹក​ជ្រូក​នេះ​ចំនួន​១០​ទៅ​១៥​លាន​រៀល​តាម​ផ្លូវច្បាប់​ផង​ដែរ ។ ក្រុម​មន្ត្រី​ក៏​បានឱ្យ​ដឹង​ដែរ​ថា សម្រាប់​ករណី​បង្ក្រាប​មុន​ៗ​តាម​រយៈ​ការ​ធ្វើតេស្ត​ឈាម​មិនឃើញ​មាន​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ​ទេ ។

លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​ប​សុ​ព្យ​បាល​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ២០១៩ មន្ត្រី​របស់​លោក​បង្ក្រាប​បាន​ជ្រូក​ចំនួន​៦​ក្បាល នៅ​ថ្នល់ទទឹង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ និង​បន្ត​ចាប់​ជ្រូក​ចំនួន​១១​ក្បាល​ទៀត នៅ​ក្នុង​ទី​សត្តឃាត​ស្រុក​អូរ​រាំង​ឪ រថយន្ត​សាំ​យ៉ុ​ង​ដឹក​ជ្រូក​ចំនួន​១៧​ក្បាល បាន​ដឹក​ចេញ​មក​ពី​វៀតណាម​ដោយ​លួចលាក់ ហើយ​បាន​បើក​កាត់​តាម​ស្ពាន​មាត់​ឃ្មង់ ឆ្លងស្ពាន​គី​ហ្សុ​៊​ណា ចូល​ក្រុង​កំពង់ចាម ហើយ​កម្លាំង​របស់​លោក​ដែល​តាម​ប្រមាញ់​ក៏​បាន​ឲ្យ​ពេទ្យសត្វ​ខេត្តកំពង់ចាម ចាប់​បាន​ទាន់​ពេលវេលា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ