រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានដាក់ឲ្យសាកល្បងទឹកខ្មៅជ្រលក់ម្រាមដៃលាងមិនជ្រះ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត/ក្រុង.ស្រុកខណ្ឌអាណត្តិទី៣នាថ្ងៃទី២៦ខែឧសភា នៅសល់ពេលតែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ ។

នៅទីស្តីការគ.ជ.ប កាលពីថ្ងៃទី១០ ឧសភានេះ បានបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ដៃ សម្រាប់បម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះ ដល់គណបក្សនយោបាយ សហគមន៍អន្តរជាតិ អង្គទូតប្រចាំកម្ពុជា អង្គការ សមាគមជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ដើម្បីបង្ហាញជាសាធារណៈថា ទឹកខ្មៅជ្រលក់ម្រាមដៃនេះមិនអាចលាងជ្រះទៅវិញ ក្នុងពេលតែមួយនៃថ្ងៃបោះឆ្នោត និងប៉ះពាល់ដល់សុខភាពរបស់អ្នកបោះឆ្នោតនោះឡើយ ។
បើតាមលោក ហ៊ឺ រ៉ុង ទីប្រឹក្សាគ.ជ.ប និងជាប្រធាននាយកដ្ឋានប្រតិបត្តិការ បញ្ជាក់ថា ទឹកខ្មៅ ជ្រលក់ម្រាមដៃនេះ ត្រូវបានពិនិត្យទាំងពីគុណភាព និងស្តង់ដារអន្តរជាតិ មុនធ្វើការបញ្ជាទិញ ដើម្បីប្រាកដថា មិនប៉ះពាល់ដល់សុខភាព និងលាងជ្រះទៅវិញនៅក្នុងថ្ងៃបោះឆ្នោត។ លោកបន្តថា គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃនេះពីក្រុមហ៊ុនមួយនៅប្រទេសឥណ្ឌា ក្នុងបរិមាណ៥៣០ដប គិតជាទឹកប្រាក់តម្លៃជាង៧ពាន់ដុល្លារអាមេរិក ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៩នេះ។
លោកស្រី ឯម សុវណ្ណារី ប្រធានអង្គការសម្ព័ន្ធស្ត្រីខ្មែរការពារសិទ្ធិមនុស្សដើម្បីអភិវឌ្ឍន៍ ដែលបានចូលរួមសាកល្បងលើគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃ ក្នុងចំណោមគណបក្សនយោបាយ និងអង្គការ ចំនួន១០ស្ថាប័នផ្សេងគ្នា ទទួលស្គាល់ថា ទឹកខ្មៅនេះមិនអាចលាងជ្រះក្នុងថ្ងៃបោះឆ្នោតបានឡើយ បើទោះជាត្រូវយកទៅលាងទឹកដោយសាប៊ូ និងទឹកលាងជម្រះផ្សេងទៀត។
សូមបញ្ជាក់ថា គណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោតអសកលនេះមាន ៖ គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។ មន្ត្រីគ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយទាំងនេះ អាចប្រកួតដណ្តើមយកអាសនៈជា សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ដែលសរុបចំនួន៥៥៩រូប និងជាសមាជិក ។
ចែករំលែកព័តមាននេះ