រាជធានីភ្នំពេញ ៖ ទីតាំងខារ៉ាអូខេ រ៉ូមេនទិច លក្ខណៈគ្រួសារមួយកន្លែង សង្ស័យឆ្លងចរន្តអគ្គិសនីចេញពីពិដាន បន្ទប់ជាន់ទី២ បង្កជាអគ្គិភ័យឆាបឆេះផ្សែងហ៊ុយខ្មួលខ្មាញ់ ផ្អើលភ្ញៀវកំពុងច្រៀងរត់ចេញមកក្រៅ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវលេខ ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីបុគ្គលិកខាងក្នុងបានអោយដឹងថា មុនពេលកើតហេតុពួកគាត់ កំពុងតែពិសាបាយ ស្របពេលនោះក៏ មានធំក្លិនឈ្ងៀមរត់រកមើល ស្រាប់តែឃើញមានផ្សែង ហុយខ្មៅខ្មួលខ្មាញ់ លាយឡំ អណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅចេញពីផ្នៅលើពិដាន។ ភ្លាមៗនោះពួកគាត់បាននាំគ្នាយកទុយោទឹក ដើម្បីជួយបាញ់ពន្លត់ភ្លើង តែទប់ទល់មិនបានទើបប្រញាប់ រាយការណ៍ ជូនសមត្ថកិច្ចអោយជួយចុះមកអន្តរាគមន៍ ដើម្បីកុំឱ្យមានការ ឆេះរាលដាលកាន់តែខ្លាំងដល់ហាងក្បែរនោះ ។
អគ្គិភ័យនេះបានបង្កការខូចខាតពិដាន នឹង សម្ភារៈមួយចំនួនតូច ប៉ុន្តែមិនបង្កអោយនរណារងរបួសនោះឡើយ ហើយបានប្រើប្រាស់រថយន្តពន្លត់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៨គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូង គឺ សង្ស័យឆ្លងចរន្តអគ្គិសនី ( ចេញពីពិដាន ) បង្កអោយកើតជាអគ្គិភ័យ ៕





ចែករំលែកព័តមាននេះ