ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានីភ្នំពេញប្រកាសឱ្យ​មនុស្សវ័យ​ចាស់ដែល​មាន​ការ​ខ្វះ​ខាតត្រូវ​ទាក់​ទងមកសង្កាត់ ខណ្ឌ អាជ្ញាធរនឹង​ជួយឧបត្ថម្ភភ្លាម

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​វ័យចាស់ ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ខ្លាំង​ណាស់ គឺ​មិនទុក​ឱ្យ​មនុស្ស​វ័យចាស់​រស់នៅ​ក្នុង​ភាព​ឯកោ​ឡើយ ។ បើ​មានការ​ខ្វះខាត​អ្វីមួយ សូម​មនុស្ស​វ័យចាស់​ទាំងអស់​ទាក់ទង​មក​សង្កាត់ ខណ្ឌ នោះ​អាជ្ញាធរ​នឹង​ជួយ​ឧបត្ថម្ភ​ភ្លាម…

រាជធានី​ភ្នំពេញ ៖ មនុស្ស​វ័យចាស់ ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ខ្លាំង​ណាស់ គឺ​មិន
ទុក​ឱ្យ​មនុស្ស​វ័យចាស់​រស់នៅ​ក្នុង​ភាព​ឯកោ​ឡើយ ។ បើ​មានការ​ខ្វះខាត​អ្វីមួយ សូម​មនុស្ស​វ័យចាស់​ទាំងអស់​ទាក់ទង​មក​សង្កាត់ ខណ្ឌ នោះ​អាជ្ញាធរ​នឹង​ជួយ​ឧបត្ថម្ភ​ភ្លាម ពោល​គឺ​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​ឡើយ ។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​សំណេះ
សំ​ណា​ល​ជាមួយ​មនុស្ស​វ័យចាស់ ខួប​លើក​ទី​២៧ នៃ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរ​ជាតិ ១ តុលា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​សាលា​រាជធានី​ភ្នំពេញ ។
ឯកឧត្ដម ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា សម្តេច​ទាំង​ទ្វេ​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ចំពោះ​មនុស្ស​ចាស់ ពោល​គឺ​មិន​ទុក​ឱ្យ​មនុស្ស​វ័យចាស់​រស់នៅ​ក្នុង​ភាព​ឯកោ​ឡើយ ហើយ​ក៏មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​ដែរ ។ បើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​កាន់​អំណាច គោលនយោបាយ​នេះ​នៅ​តែ​អនុវត្ត​ជា​រៀង​រហូត​។

ឯកឧត្ដម ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​អាជ្ញាធរ និង​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​ចំពោះ​មនុស្ស​ចាស់ ជាមួយនឹង​ការ​កៀរគរ​សប្បុរស​ជន​រក​ចំណូល ជួយ​ដល់​មនុស្ស​ចាស់ មើល​ការ​ខុស​ត្រូវ​មនុស្ស​ចាស់ មាន​បញ្ហា​អ្វីមួយ​ត្រូវ​ជួយ​ពួក​គាត់​ភ្លាម ពោល​គឺ​មិន​ត្រូវ​ទុក​ឱ្យ​ពួក​គាត់​ទទួល​នូវ​ភាព​ឯកោ​ឡើយ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម ឃួ​ង ស្រេង បាន​សូម​ឱ្យ​លោក​អ៊ំ លោកពូ អ្នក​មីង វ័យចាស់​ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជឿជាក់​មក​លើ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រីក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​ពី​ចោរ​សៀម​ឈ្លានពាន ។

ឯកឧត្ដម ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា ការ​បង្កើត​ឱ្យ​មាន​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​មនុស្ស​វ័យចាស់​ក្នុង​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​មនុស្ស​ចាស់ ដែល​ពួក​គាត់​កន្លង​មក​បាន​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ និង​អបអរសាទរ​ខួប​លើក​ទី​២៧ នៃ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​១ តុលា ក្រោម​ប្រធានបទ​«​មនុស្ស​ចាស់​ដោយ​សេចក្តី​ថ្លៃថ្នូរ​»​។

ឯកឧត្ដម ឃួ​ង ស្រេង បាន​បញ្ជាក់​ថា អំណោ​យ​ដែល​ផ្តល់​ជូន​លោក​អ៊ំ លោកពូ អ្នក​មីង វ័យចាស់​ទាំង​៥២៥​នាក់​នា​ពេល​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដោយ​ក្នុង​១​រូប​ៗទទួល​បាន​អង្ករ ២៥​គីឡូក្រាម ភួយ​១ ក្រមា​១ត្រីខ​១​យូរ មី​១​កេស​តូច ទឹកបរិសុទ្ធ​១​កេស និង​ប្រាក់ ៥០ ០០០​រៀល ។
លោក រឿ​ន រិ​ទ្ធី​ពង្ស ប្រធាន​ស្តីទី​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា មនុស្ស​វ័យចាស់សរុប​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន ១៤៥ ៨៩៩​នាក់​(​ស្រី​៧៧ ២១៤​នាក់​) ។ មនុស្ស​វ័យចាស់​ទទួល​បាន​ប័ណ្ណ​សមធម៌​សរុប​ចំនួន ១៦ ៦៨៥​នាក់​(​ក្នុង​គ្រួសារ​សរុប​ចំនួន ៣៣ ៩៥០​គ្រួសារ​)​។

មនុស្ស​វ័យចាស់​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ក្នុង​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ចំនួន​១៤ ៦១៨​នាក់ ។លោក រឿ​ន រិ​ទ្ធី​ពង្ស បាន​បញ្ជាក់​ថា បច្ចុប្បន្នមនុស្ស​វ័យចាស់​ស្ថិត​ក្នុង​សមាគម​មនុស្ស​ចាស់​តាម​សង្កាត់​សរុប​មាន​ចំនួន ១៤៥ ៨៩៩​នាក់ (​ស្រី ៧៧ ២១៥​នាក់​) មាន​សមាគម​ដំណើរការ​សរុប​៨៧​សមាគម​ក្នុង​ចំណោម​១០៥​សមាគម​ក្នុង​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ ។ មនុស្ស
វ័យចាស់​ជា​អតីត​យុទ្ធ​ជន​កំពុង​ទទួល​របប​គោលនយោបាយ​សរុប​ចំនួន ១៤ ៧៦៣​នាក់ និង​មនុស្ស​វ័យចាស់​ជា​អតីតមន្ត្រី​រាជការ​ស៊ី​វិល​ទទួលបាន​របប​គោលនយោបាយ​សរុប ១៧ ៦៩២​
នាក់ ។

នៅ​តាម​បណ្ដាញ​សង្គម​បច្ចុប្បន្ន ការ​បង្ហាញពី​ទុក្ខវេទនា​របស់​មនុស្ស​ចាស់​គឺ​មាន​រាល់ថ្ងៃ ហើយ​ក៏​បាន​រំលេច​នូវ​ធម៌​សប្បុរស​ជា​ច្រើន​ផងដែរ ដែល​បាន​ជួយ​ឧបត្ថម្ភ​ទៅ​តាម​ការ​ផ្សាយ​ព័ត៌មាន ។ រឿងរ៉ាវ​ខ្លះ​គឺ​វេទនា​ភ្នែក​ជា​ពន់ពេកណាស់​ដូច​ជា មនុស្ស​ចាស់​វ័យ​៧០​ទៅ​ជា​៨០​ឆ្នាំ ដើរ​រើស​អេ​ត​ចាយ ដើរ​បេះ​បន្លែ​ក្នុង​ព្រៃ​…​។​ល​។ ដូច្នេះ​ហើយ ទើប​សាធារណ​មតិ​មួយ​ចំនួន​បាន​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល គួរ​កសាង​មជ្ឈមណ្ឌលគាំពារ​មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង ។ សំណូមពរនេះ គឺ​សំខាន់​ណាស់​ក្នុង​ការ​ជួយ​មនុស្ស​ចាស់​នាដង្ហើម​ចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ