រាជធានីភ្នំពេញ៖ ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានសង្កេតឃើញថា មានការចូលរួមយ៉ាងសកម្ម និងផុសផលល្អ ពីប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជថានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ សម្រាប់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បើទោះបីសំណូមពរ និងសំណើរផ្ទាល់មាត់មានចំនួនតិចក្តី ។
ក្នុងវេទិកានេះ ត្រូវបានឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្តម ម៉ប សារិន ប្រធានក្រុមប្រឹក្សា បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន ដែលមានការសហការគ្នាបានយ៉ាងល្អ ក្នុងការដោះស្រាយ បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើឡើង និងលើកឡើងកាលពីឆ្នាំមុន ដោយសម្រេចបានស្ទើតែទាំងស្រុង ជូនដល់ប្រជាពលរដ្ឋ។
បន្ថែមលើនេះ ឯកឧត្តម ជួប ខុន បានកត់សម្គាល់ថា ខណ្ឌដូនពេញ គឺជាខណ្ឌមួយ ដែលពោពេញដោយតំបន់ទេសចរណ៍ និងមានអនាម័យស្អាតជានិច្ច គួរឱ្យកោតសរសើរ ។
ក្នុងឱកាសនោះមានប្រជាពលរដ្ឋ បានលើកឡើងដោយផ្ទាល់មាត់ នូវសំណូមពររបស់ខ្លួន ចង់ឱ្យជួយផ្លាស់ប្តូរអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈដែលខូចៗ និងស្នើសុំឱ្យមានការជួយសម្របសម្រួល ដល់កិច្ចការកែតម្រូវសំបុត្រកំណើត ខណៈដែលពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយកែលម្អហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជូនប្រជាពលរដ្ឋខណ្ឌដូនពេញ បានយ៉ាងល្អប្រសើរផងដែរ ។
ជាមួយគ្នានេះ ក៏មានតំណាងគ្រូបង្រៀន ស្នើសុំឱ្យអាជ្ញាធរ ជួយដាក់គំនូសចរាចរណ៍ ប្រុងប្រយ័ត្ន នៅតាមផ្លូវតូចៗជាប់នឹងសាលារៀន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជូនដល់សិស្សានុសិស្ស និងជួយស្តាលូ ក្នុងសាលារៀន ដើម្បីឱ្យទឹកភ្លៀងហូរច្រោះបានលឿន។
ក្នុងឱកាសនេះ ឯកឧត្តម សុខ ពេញវុធ អភិបាលរង តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានសម្រេចបានសមិទ្ធផលជាច្រើន ជូនប្រជាពលរដ្ឋខណ្ឌដូនពេញ ដែលឆ្លើយតបនឹងតម្រូវការពលរដ្ឋ បានយ៉ាងល្អប្រសើរ ។
ឆ្លើយតបនឹងសំណូមពររបស់ពលរដ្ឋ ស្នើសុំផ្លាស់ប្តូរអំពូលភ្លើង និងកាត់លះមែកឈើសាធារណៈ ឯកឧត្តម សុខ ពេញវុធ បានប្រគល់ភារកិច្ចនេះ ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យនិងដោះស្រាយជូនតាមសំណូមពរ ។ ពាក់ព័ន្ធនឹងការកែតម្រូវសំបុត្រកំណើត ត្រូវបានឯកឧត្តម បានបញ្ជាក់ទៅវិញថា ជាកិច្ចការមួយ ដែលមិនអាចកំណត់បានជាក់ស្តែង នូវថេរវេលានោះទេ អាស្រ័យទៅតាមការកែតម្រូវនៃសំបុត្រកំណើតនេះ ។
ចំពោះការស្នើសុំដាក់គំនូសចរាចរណ៍ នៅតាមផ្លូវជុំវិញគ្រឹះស្ថានសិក្សា ក៏ឯកឧត្កត សុខ ពេញវុធ បានសម្តែងការគាំទ្រការលើកឡើង និងបានបញ្ជាក់ថា កិច្ចការទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ និងកំពុងតែសិក្សា ក៏ដូចជាអនុវត្តផងដែរ ធ្វើយ៉ាងណា កាត់បន្ថយនូវគ្រោះថ្នាក់នានា ដល់សិក្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ ដោយឡែក សំណូមពរ ក្នុងការស្តាលូ នៅតាមគ្រឹះស្ថានសិក្សា ក៏ត្រូវបានឯកឧត្តមអភិបាលរង ឯកភាព និងសម្រេចប្រគល់ភារកិច្ចជូនអង្គភាពពាក់ព័ន្ធ ដោះស្រាយជូនផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលរង ក៏បានគូសបញ្ជាក់ថា ស្ថានភាពការគ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ត្រូវបានសោះស្រាយបានយ៉ាងល្អជូនពលរដ្ឋ ជាពិសេសបណ្តាខណ្ឌកណ្តាលរាជធានីភ្នំពេញតែម្តង ដែលបានបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវយ៉ាងល្អប្រសើរ ។
ឯកឧត្តម សុខ ពេញវុធ ក៏បានសង្កេតឃើញថា មានការចូលរួម យ៉ាងសកម្មនិងមានការផុសផលល្អ ពីប្រជាពលរដ្ឋ បើទោះបីជាសំណើរ និងសំណូមពរផ្ទាល់មាត់ មានចំនួនតិចក្តី ក៏ឯកឧត្តមថាមានការចូលរួមបន្ថែម តាមរយៈការសរសេរជាលិខិតលាយលក្ខណ៍អក្សរ ដើម្បីរួមចំណែក ជាមួយអាជ្ញាធរ អាចបំពេញនូវចំណុចខ្វះខាត ក៏ដូចជាឆ្លើយតបឱ្យបានទាន់ពេលវេលា ជូនពលរដ្ឋ ដែលជួបប្រទះបញ្ហាប្រឈមនានា៕







ចែករំលែកព័តមាននេះ