ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ជា​បញ្ហា​មួយ​ផុយ​ស្រួយ​ខ្លាំង​ណាស់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ឡើង​វិញ

50 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​តំបន់ និង​ជនបទ​នៃ​សហព័ន្ធ​ម៉ា​ឡេ​ស៊ី សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​បញ្ជាក់​បន្ថែម​ពី​ស្ថានភាព​ទូទៅ​នៃ​បញ្ហា​ព្រំដែន ដែល​ជា​កង្វល់​និង​ជា​បញ្ហា​មួយ​ផុយ​ស្រួយ​ខ្លាំង​ណាស់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​តំបន់ និង​ជនបទ​នៃ​សហព័ន្ធ​ម៉ា​ឡេ​ស៊ី សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​បញ្ជាក់​បន្ថែម​ពី​ស្ថានភាព​ទូទៅ​នៃ​បញ្ហា​ព្រំដែន ដែល​ជា​កង្វល់​និង​ជា​បញ្ហា​មួយ​ផុយ​ស្រួយ​ខ្លាំង​ណាស់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ឡើង​វិញ ។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​រវាង​ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​តំបន់ និង​ជនបទ​នៃ​សហព័ន្ធ​ម៉ា​ឡេ​ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ថា ទាក់ទង​ទៅ​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ សម្ដេច​តេ​ជោ​បាន​ពន្យល់​ទៅ​កាន់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​អំពី​ស្ថានភាព​នៃ​បញ្ហា​ព្រំដែន រួម​ទាំង​បច្ចុប្បន្នភាព​ទាក់ទង​ទៅ​នឹង​ការ​ចាក់​សំឡេង​ខ្មោច ឬ​ក៏​សំឡេង​ផ្សេង​ៗ​ទៀត​ពី​ភាគី​ថៃ​រំខាន​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុងភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់​ជាដើម ដែល​បាន​កើតឡើង​រយៈពេល​ប្រមាណ​៤​យប់​មក​ហើយ ។

សម្ដេច​តេ​ជោ​ក៏​បាន​បញ្ជាក់​បន្ថែម​ពី​ស្ថានភាព​ទូទៅ​នៃ​បញ្ហា​ព្រំដែន​ដែល​ជា​កង្វល់​និង​ជា​បញ្ហា​មួយ​ផុយ​ស្រួយ​ខ្លាំង​ណាស់ ក្នុង​ការ​ប៉ះទង្គិច​គ្នា​ឡើង​វិញ ។ ដូច្នេះ​ហើយ សម្ដេចតេ​ជោ​ក៏​បាន​បញ្ជាក់​ទៅ​កាន់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ថា អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​មិន​ត្រូវការ​ឲ្យ​ប្រទេស​ណាមួយ​សម្ព័ន្ធមិត្ត ឬ​ក៏​មិត្ត​របស់​កម្ពុជា​ទៅ​ថ្កោលទោស​ប្រទេស​ណា​ទេ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ការ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​គោរព​បទ​ឈប់​បាញ់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការ​ស្វែងរក​ដំណោះ​ស្រាយ ដើម្បី​ឈាន​ទៅ​រក​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ​ឡើង​វិញ ។

សម្ដេច​តេ​ជោ​មិន​ភ្លេច​អរគុណ​ចំពោះ​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ក្នុង​ការ​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​រវាង​កម្ពុជា និង​ថៃ ។
សម្ដេច​តេ​ជោ​បាន​បង្ហាញ​នូវ​ការ​គោរព​ចំពោះ​តួនាទី​ស្នូល​របស់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​យ៉ាងណា ទាំង​ការ​ធានា​បទ​ឈប់​បាញ់ និង​ការ​ដោះ​ស្រាយ​បញ្ហា​រវាង​កម្ពុជា និង​ថៃ ក្នុង​ឋានៈ​ឯកឧត្តម​ជា​ប្រធាន​អាស៊ាន ។

សម្ដេច​តេ​ជោ​បាន​ផ្ដាំផ្ញើ​នូវ​ការ​នឹករលឹក និង​អរគុណ​យ៉ាង​ក្រៃ​លែង ចំពោះ​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​ភាគី​ម៉ា​ឡេ​ស៊ី ។ សម្ដេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​មី​យ៉ា​ន់​ម៉ា​, ទី​ម័​រ​ឡេ​ស្ដេ ដែល​ម៉ា​ឡេ​ស៊ី ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ក៏​សម្រួល​ជួយ​ក្នុង​ការ​ឲ្យ​ទី​ម័​រ​ឡេ​ស្ដេ​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​នា​ពេល​បច្ចុប្បន្ន មាន​ភាពរឹងមាំ ហើយ​ទំនាក់ទំនង​នេះ មិនមែន​ត្រឹមតែ​ទំនាក់ទំនង​ការទូត ឬ​ក៏​នយោបាយ​ទេ ក៏​ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ប្រទេស​ទាំង​ពីរ ក៏​មាន​ភាពរឹងមាំ​ផង​ដែរ​។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​មួយ​ចំនួន​ទៅ​កាន់​សម្ដេច​តេ​ជោ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​វិស័យ​អាហារ​ហា​ឡា​ល់​នៅ​កម្ពុជា ដោយ​ឯកឧត្តម​ចង់​ជំរុញ​ឲ្យ​វិស័យ​នេះ កើត​ចេញ​ជា​រូបរាង និង​មាន​ភាព​រីក​ចម្រើន​នៅ​កម្ពុជា ហើយ​ឯកឧត្តម​សង្ឃឹមថា នឹង​មាន​គណៈកម្មការ​មួយ ដើម្បី​សិក្សា​និង​ធ្វើ​ទៅ​លើ​កិច្ច​ការងារ និង​ជំរុញ​ទៅ​ដល់​វិស័យ​អាហារ​ហា​ឡា​ល់​នៅ​កម្ពុជា ។

ឯកឧត្តម​ក៏​បាន​រំលេច​អំពី​ការ​ពង្រីក​នូវ​ទំនាក់ទំនង ផ្នែក​ទេសចរណ៍ ដែល​ឧត្តម​ចង់​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​កាន់តែ​រីក​ចម្រើន ហើយ​ម៉ា​ឡេ​ស៊ី ក៏​បាន​ត្រៀមខ្លួន​ក្នុង​ការ​ទទួល​នូវ​ទេសចរណ៍​កម្ពុជា ជា​ពិសេស គឺ​ទេសចរណ៍​ផ្នែក​សុខាភិបាល​ដែល​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ឯកឧត្តម​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា​ម៉ា​ឡេ​ស៊ី​នឹង​ពិនិត្យ​មើល​ជាក់ស្ដែង​ដើម្បី​ធ្វើ​យ៉ាងណា​អាច​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​មន្ទីរពេទ្យ​ម៉ា​ឡេ​ស៊ី​នៅ​កម្ពុជា ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​តំបន់ និង​ជនបទ​នៃ​សហព័ន្ធ​ម៉ា​ឡេ​ស៊ី ចំពោះ​ការ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី ឲ្យ​កាន់តែ​រីក​ចម្រើន​។ សម្ដេច​តេ​ជោ បាន​កត់​សម្គាល់ថា ដើម្បី​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដើរទៅ​ស្របគ្នា​ទាំង​សេដ្ឋកិច្ច និង​នយោបាយ ការ​ពង្រីក​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ ទេសចរណ៍ រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ភាព​រីក​ចម្រើន​ដូច​គ្នា​ដែរ​។

សម្ដេច​តេ​ជោ ក៏​បាន​កត់សម្គាល់​ដែរ​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី មានការ​កើនឡើង ប៉ុន្តែ​សម្ដេច​ចង់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ធ្វើ​យ៉ាងណា ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​មានការ​កើនឡើង​បន្ថែម​ទៀត ។ សម្ដេច​តេ​ជោ ក៏​បាន​អរគុណ​ម៉ា​ឡេ​ស៊ី ដែល​កន្លង​មក​បាន​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា ដោយ​ម៉ា​ឡេ​ស៊ី គឺជា​ប្រទេស​ទី​១ ដែល​នាំ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាងគេ រហូត​ដល់​ទៅ ៧​ម៉ឺន​តោន​កាល​ឆ្នាំ​២០២៤ ហើយ​សម្ដេច​សង្ឃឹមថា ម៉ា​ឡេ​ស៊ី​នឹង​ជួយ​ទិញ​ផលិតផល​កសិកម្ម​បន្ថែម​ទៀត​ពី​កម្ពុជា ។

ទាក់ទង​ទៅ​នឹង​ទេសចរណ៍​សុខាភិបាល សម្ដេច​តេ​ជោ​បាន​ឯកភាព​ទៅ​នឹង​ការ​លើក​ឡើង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហើយ​សម្ដេច​តេ​ជោ បាន​ផ្ដល់​យោបល់​ថា ម៉ា​ឡេ​ស៊ី គួរតែ​បង្កើត​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​មួយ​ពី​ការ​ផ្ដល់​សេវា​សុខាភិបាល​នៅ​កម្ពុជា​អំពី​ការ​ទៅ​ព្យាបាល​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ជា​ផ្នែក​មួយ​ឲ្យ​ប្រជាពលរដ្ឋ​ចង់ទៅ​ព្យាបាល​នៅ​ម៉ា​ឡេ​ស៊ី​អាច​ស្វែង​យល់​បន្ថែម​ទៀត​នៅ​ក្នុង​ការ​សិក្សា ក៏​ដូច​ជា​ស្វែងរក​ជម្រើស​ក្នុង​ការ​ទៅ​ព្យាបាល​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

ទាក់ទង​នឹង​វិស័យ​អាហារ​ហា​ឡា​ល់ សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ផង​ដែរ​ថា នេះ​ជា​បញ្ហា​មួយ​ដែល​បាន​លើក​ឡើង​យូរ​មក​ហើយ ដោយ​សម្ដេច​សង្ឃឹមថា នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​បាន​ក្នុង​កិច្ចសហការ​ជាមួយ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ