រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យសាធារណជនចូលរួមគាំទ្រការកែច្នៃផលិតផលក្នុងវិស័យជលផលឱ្យកាន់តែមានភាពច្នៃប្រឌិតលើកកម្ពស់ផលិតផលខ្មែរ រក្សាបាននូវការផលិតបែបគុណភាពខ្ពស់ ។

ការលើកឡើររបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-CAPTURE) កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរនូវការអនុវត្តការងារគម្រោងពីមន្ត្រីជំនាញ និងដៃគូអភិ
វឌ្ឍន៍សហភាពអឺរ៉ុប ព្រមទាំងអង្គការយូនីដូ ដែលបានជំរុញតួអង្គពាក់ព័ន្ធទាំងអស់ក្នុង
វិស័យជលផលកម្ពុជាទទួលបាននូវចំណេះដឹង ចំណេះធ្វើ ក្នុងការកែច្នៃផលិតផលជលផលរួមមានត្រីងៀត ប្រហុក ផ្អកជាដើម ប្រកបដោយគុណភាព សុវត្ថិភាព អនាម័យខ្ពស់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់តាមរយៈការអនុវត្តគម្រោងនេះ ដែលនាំឱ្យវិស័យឯកជនទទួលបានទីផ្សារផ្សារភ្ជាប់នឹងការផលិត ការកសាងទំនុកចិត្តជាមួយអ្នកប្រើប្រាស់ រក្សាបានការកែច្នៃតាមស្តង់ដាអន្តរជាតិ មានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ ជាពិសេសតម្លៃនៃភាពជាម្ចាស់ ការគិតគូរកែច្នៃម្ហូបដែលជាវប្បធម៌ខ្មែរ រក្សាបាននូវរសជាតិដេីមប្រពៃណីខ្មែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកកែច្នៃទាំងអស់ពិចារណាធ្វើពិពិធកម្មមករកបរិបទថ្មី ដែលមានសក្តានុពល មានទីផ្សារល្អ ហើយសាកល្បងកែច្នៃនូវផលិតផលថ្មីៗថែមទៀត ដែលមានរសជាតិឆ្ងាញ់ មានភាពច្នៃប្រឌិត វេចខ្ចប់គិតគូរពីសុខភាពអ្នកប្រើប្រាស់ រក្សាបាននូវរសជាតិដើមប្រពៃណី ព្រមទាំងធានាអនាម័យ និងសុវត្ថិភាពជូនអតិថិជន ។

ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់សាធារណជន ព្រមទាំងអ្នកប្រើប្រាស់ និងបរិភោគ
បង្កើនការចូលរួមគាំទ្រផលិតផលក្នុងស្រុកដែលជាកត្តាសំខាន់ចាំបាច់ ជួយលើកទឹកចិត្តអ្នកផលិតក្នុងវិស័យជលផលឱ្យកាន់តែមានភាពច្នៃប្រឌិត លើកកម្ពស់ផលិតផលខ្មែរ រក្សាបាននូវការផលិតបែបគុណភាពខ្ពស់ សុវត្ថិភាព អនាម័យ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕
ចែករំលែកព័តមាននេះ