រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសើរចំពោះការដឹកនាំរបស់រដ្ឋបាលខណ្ឌឬស្សីកែវ និងជំរុញឲ្យរដ្ឋបាលខណ្ឌផ្សេងដែលមិនទាន់ធ្វើត្រូវយកគំរូតាម ។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៧ ធ្នូ ឆ្នាំ២០២៥ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការគិតគូរយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ជាពិសេសមានការចុះដឹកនាំដោយផ្ទាល់ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ និងបរិស្ថាន នៅតាមដងផ្លូវ និងតំបន់មួយចំនួន ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះ លោកក៏សូមលើកទឹកចិត្តដល់បណ្តាខណ្ឌផ្សេងទៀត ដែលមិនទាន់បានអនុវត្ត ឬពង្រឹងលើការងារនេះ សូមបង្កើនការយកចិត្តទុកដាក់ក្នុងការចូលរួម«ចលនារំដោះចិញ្ចើមផ្លូវ និងអនាម័យ បរិស្ថាន» ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្តាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងប្រទេស ។
ជាមួយគ្នានេះដែរលោក ឧបនាយករដ្ឋមន្ត្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម«ចលនារំដោះចិញ្ចើមផ្លូវ និងអនាម័យ បរិស្ថាន» ឱ្យបានគ្រប់ៗគ្នា ព្រោះការចូលរួមរបស់បងប្អូន គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យផ្លូវធំទូលាយ មានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង សម្រាប់កង់ ម៉ូតូ និងធ្វើឱ្យមូលដ្ឋានទាំងមូល ពោរពេញដោយសោភ័ណភាព និងបរិយាកាសស្រស់បំព្រង ពិសេសនាំមកនូវសុខភាពល្អ ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ផងដែរ៕
ចែករំលែកព័តមាននេះ