រាជធានីភ្នំពេញ ៖ បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់ក្រោយពេលចេញពីធ្វើការថែមម៉ោងពេលយប់ ត្រឡប់ដល់បន្ទប់ជួលវិញ បានខ្ចីឧបករណ៍ឆក់ត្រីពីមិត្តភក្ដិរបស់ខ្លួនចេញទៅឆក់ត្រីដើម្បីទុកធ្វើម្ហូប ថ្ងៃស្អែក រួចក៏ស្រាប់តែបាត់ខ្លួនរហូតពេញ១យប់អត់ឃើញត្រឡប់ទៅបន្ទប់ជួលវិញឡើយ ។
ដោយឡែកស្ត្រីជាប្រពន្ធដែលជាកម្មការិនីរោងចក្រដែរ ចេញពីធ្វើការដល់បន្ទប់ជួល ក្រោយប្ដី ហើយបាត់ប្ដីយូរពេក ក៏បានជិះម៉ូតូតាមរកទាំងយប់ ប៉ុន្តែទោះបីជាខំរកគ្រប់ទីកន្លែង តែរកអត់ឃើញសោះ ព្រោះនាងអត់ដឹងពីទីកន្លែងដែលប្ដីទៅឆក់ត្រីឡើយ ។
លុះព្រឹកឡើងនាងដើររកម្ដងទៀត ស្រាប់តែប្រទះឃើញមានមនុស្សផ្អើលឈូឆរទៅចោមរោមមើលសាកសពមនុស្សម្នាក់នៅក្នុងទឹកត្រពាំងឈូកមួយកន្លែ ហើយនាងក៏បានដើរចូលទៅមើលនឹងគេ ស្រាប់តែឃើញអ្នកស្លាប់នោះគឺជាប្ដីនាងទៅវិញ ។
សាកសពកម្មកររូបនោះត្រូវបានស្ត្រីអ្នកដាំឈូកម្នាកប្រទះឃើញកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅត្រពាំងឈូក ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយសមត្ថកិច្ចពិនិត្យឃើញថាបុរសនេះឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង ។
បុរសដែលស្លាប់ខាងលើនោះឈ្មោះម៉ាប់ មិច អាយុ២៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តសៀមរាប មានប្រពន្ធឈ្មោះវៀង សាវីន អាយុ៣៤ឆ្នាំ កម្មការិនីរោងចក្រ ។ អ្នកទាំង២និងមានកូនស្រីអាយុ៥ឆ្នាំម្នាក់ ហើយសព្វថ្ងៃគ្រួសារ១នេះ ស្នាក់នៅផ្ទះជួល ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។
ស្ត្រីជាប្រពន្ធបាននិយាយរៀបរាប់ប្រាប់អ្នកភូមិថា នៅវេលាយប់ថ្ងៃទី១៣ ខែតុលា នាងនិងប្ដីធ្វើការថែមម៉ោងដូចគ្នា ប៉ុន្តែប្ដីដល់ម៉ោងចេញមុន និងទៅផ្ទះជួលមុននាង គឺគាត់ចេញនៅវេលាម៉ោង៨យប់ថ្ងៃដដែលនោះ ។ លុះពេលទៅដល់បន្ទប់ជួលវិញ ប្ដីនាងបានបានផឹកស្រាបៀរអស់២ទៅ៣កំប៉ុង បន្ទាប់មកបានខ្ចីឧបករណ៍ឆក់ត្រីពីមិត្តភក្ដិ រួចចេញទៅឆក់ត្រីម្នាក់ឯងទាំងយប់ ដើម្បីទុកធ្វើម្ហូបនៅថ្ងៃស្អែក ហើយក៏ស្រាប់តែបាត់រហូតអត់ឃើញត្រលប់ទៅបន្ទប់ជួលវិញឡើយ ។
ស្ត្រីជាប្រពន្ធ បានបន្តទៀតថា ដោយឡែករូបនាងបានចេញពីធ្វើការទៅដល់ផ្ទះបន្ទប់ជួលតាមក្រោយ ហើយពុំដឹងថាលោកប្ដីទៅឆក់ត្រីនៅទីណានោះទេ លុះពេលបាត់ប្ដីយូរពេក នាងបានជិះម៉ូតូចេញទៅតាមរកទាំងយប់ ។ នាងក៏បានខលរកប្ដីដែរ ប៉ុន្តែបែរជាឭទូរស័ព្ទរោទិ៍នៅក្នុងបន្ទប់ជួលទៅវិញ ព្រោះអីប្ដីរបស់នាងអត់បានយកទៅតាមខ្លួនឡើយ យប់នោះនាងបានតាមរកគ្រប់កន្លែង
ប៉ុន្តែរកអត់ឃើញសោះ ។
ស្ត្រីជាប្រពន្ធបាននិយាយបន្ថែមទៀតថា រហូតដល់ព្រឹកឡើងថ្ងៃទី១៤ ខែតុលា នាងបានបន្តតាមរកទៀត ក៏បានឃើញអ្នកភូមិឆ្អើលឈូឆរ នាងក៏សួរនាំត្រូវអ្នកភូមិប្រាប់ថា មានសាកសពបុរសម្នាក់នៅក្នុងស្រែឈូក ។ ខណៈនោះអ្នកភូមិបាននាំគ្នាចោមរោមមើលសាកសព ឃើញបែបនេះ នាងក៏បានចូលទៅមើលនឹងគេដែរ ពេលនោះបានធ្វើឲ្យនាងមសនការតក់ស្លុតស្ទើរគាំងបេះដូងទៅហើយ ព្រោះអ្នកស្លាប់នោះគឺជាប្ដីរបស់នាង ។
ប្រជាពលរដ្ឋបាននិយាយថា នៅវេលាព្រឹកថ្ងៃទី១៤ ខែតុលា មានស្រីម្នាក់ដែលជាអ្នកភូមិខាងលើ និងជាអ្នកដាំឈូកផង បានទៅបេះផ្កាឈូក ស្លឹកឈូក និងផ្លែឈូកនៅស្រែឈូកខាងលើ ដើម្បីយកទៅលក់ ។ ខណៈពេលទៅដល់ ស្រាប់តែប្រទះឃើញបុរសនោះ រួចក៏បានស្រែកប្រាប់អ្នកភូមិជាមួយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាទៅចោមរោមមើល ។ ប៉ុន្តែភ្លាមៗនោះពុំមានអ្នកស្គាល់សាកសពនេះថាជានរណានោះទេ ព្រោះបុរសរងគ្រោះពុំមែនជាអ្នកស្រុកភូមិនោះឡើយ លុះក្រោយមកពេលប្រពន្ធជនរងគ្រោះទៅដល់ ទើបដឹងថាបុរសរងគ្រោះរូបនោះគឺជាអ្នកស្នាក់នៅផ្ទះជួលក្នុងភូមិនោះដែរ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូលបានចុះទៅកាន់ទីនោះ បន្ទាប់មករាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ ។ លទ្ធផលនៃការធ្វើកោសល្យវិច័យរកឃើញថា បុរសនោះស្លាប់ដោយសារឆក់ត្រី ហើយភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង រួចនគរបាលបានប្រគល់សពជូនប្រពន្ធឲ្យនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕









ចែករំលែកព័តមាននេះ