ខេត្តសៀមរាប ៖ បឹងពារាំង ស្ថិតនៅភាគខាងត្បូងដែលមានចម្ងាយជាង១០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប គឺជាតំបន់ជម្រកសត្វស្លាបដ៏ទាក់ទាញមួយ នៅលើទឹកដីខេត្តសៀមរាប ដែលសព្វថ្ងៃបាននិងកំពុងក្លាយជាគោលដៅទេសចរណ៍ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅដល់ទឹកដីខេត្តសៀមរាប បន្ទាប់ពីភ្ញៀវដើរទស្សនាតាមប្រាសាទនានារួចមក។

បឹងពារាំងជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងស្រស់បំព្រង និងជាជម្រកដ៏សុខសាន្តសម្រាប់សត្វស្លាបជាង៣០០ប្រភេទរស់នៅបង្កើតបាននូវភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ បឹងពារាំងជាមួយនឹងចរន្តទឹកបឹងទន្លេសាបមានព្រៃលិចទឹក ប្រព័ន្ធជីវៈចម្រុះយ៉ាងសម្បូរបែប រួមទាំងហ្វូងសត្វស្លាបរស់នៅរកចំណីបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ប្រណីត ។

តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅតាមជម្រាលនៃទំនាបលិចទឹកបឹងទន្លេសាប ភាគខាងត្បូងទីរួមខេត្តសៀមរាប ប្រមាណជាង១០គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ជ្រាវ ជាប់ព្រំប្រទល់សង្កាត់សៀមរាបនិងសង្កាត់ចុងឃ្នៀស ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។

លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងបានឱ្យដឹងនៅរសៀលថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៩នេះថា ក្រៅពីសកម្មភាពទប់ស្កាត់ ការពារបទល្មើសជលផល ការពារព្រៃលិចទឹក និងការពារហ្វូងសត្វស្លាបក្នុងតំបន់បឹងពារាំងនេះ សហគមន៍មានគោលដៅប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយសារតែនៅតំបន់នោះមានសក្តានុពលធម្មជាតិអំណោយផលស្រាប់ ។ បឹងពារាំងជាបឹងធម្មជាតិមួយ ដែលសម្បូរធនធានធម្មជាតិ ដូចជាមច្ឆាជាតិ សត្វស្លាប និងជីវៈចម្រុះ ដែលត្រូវបានថែរក្សាការពារយ៉ាងខ្លាំងពីសហគមន៍។

លោក វ៉ន សម្បូរ ដែរជាអ្នកថតរូបសត្វនៅតំបន់បឹងពារាំងនេះបានឲ្យដឹងថា បច្ចុប្បន្ននេះ មានសត្វស្លាបជាង៣០០ប្រភេទ ក្នុងនោះមានដូចជា៖ សត្វរនាល ស, សត្វរនាលពណ៌, សត្វត្រដកតូច, សត្វទុងប្រផេះ, សត្វទាកាប៉ាព្រៃ, សត្វទាកាបព្រៃ, សត្វប្រវឹក, សត្វត្រយ៉ងខ្លួនស, សត្វស្មោញ, សត្វអកត្រីក្បាលប្រផេះ, សត្វប៉ាក់ខ្ទាវ, សត្វក្អែកទឹកមធ្យម, សត្វក្អែកទឹកតូច, សត្វកុកគ្រោងមធ្យម, សត្វកុកគ្រោងតូច, សត្វក្រសាប្រផេះ, សត្វក្រសាក្រហម, សត្វខ្វែកប្រផេះ, សត្វខ្វែកគុំនូរ, សត្វខ្វែកត្រោក, សត្វខ្វែកកន្ទុយខ្វែវ, សត្វចង្កៀលខ្យង, សត្វចចាតក្រឹម, សត្វរនាលកក, សត្វកដប ខ្មៅ ស, សត្វពពុះទឹក សត្វត្រដៀវក្បាលបែតង សត្វប្រហ៊ីតខ្មៅ, សត្វប្រហ៊ីតស សត្វទោម សត្វប្រវឹក សត្វត្រសេះក្បាលក្រហម និងត្រសេះខ្លូនត្នោត ។ល។៕











ចែករំលែកព័តមាននេះ