ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០១៩ នៅតាមមាត់ស្ទឹងមួយកន្លែង ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គេសង្កេតឃើញប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីយ៉ាងពពាក់ពពូននាំគ្នាយកកញ្ច្រែង ដែកស្បែង ព្រមទាំងសម្ភារ:ផ្សេងៗមួយចំនួនទៀត ចុះទៅក្នុងស្ទឹង ដើម្បីជីកកកាយដីរែងរករ៉ែត្បូង ខណៈអាជ្ញាធរកំពុងតែយកគ្រឿងចក្រទៅជីកកកាយដីក្នុងបាតស្ទឹង និងមាត់ស្ទឹង គោលបំណងរៀបចំច្រាំងស្ទឹងឱ្យមានសោភ័ណភាពល្អទាក់ទាញភ្ញៀវនៅថ្ងៃខាងមុខ ។

ប្រភពព័ត៌មានពីលោក សុខ កំសាន្ត អាយុ៣៦ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិនបានរៀបរាប់ឱ្យដឹងទាំងអរសប្បាយថា អស់រយ:ពេលជាយូរថ្ងៃមកហើយ ដែលគេឃើញអាជ្ញាធរបានយកគ្រឿងចក្រ និងរថយន្តជាច្រើនគ្រឿងទៅជីកកកាយដីក្នុងបាតស្ទឹង និងជីកនៅតាមមាត់ស្ទឹង រួចដឹកយកទៅចាក់នៅកន្លែងផ្សេង ដើម្បីធ្វើឱ្យស្ទឹងក្លាយទៅជាជ្រៅល្អ ហើយនឹងរៀបចំចាក់បេតុងច្រាំងស្ទឹងឱ្យមានសោភ័ណភាពល្អ ដើម្បីងាយស្រួលទៅថ្ងៃមុខអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកំសាន្តក្នុងខេត្តប៉ៃលិន ។

លោកបន្តទៀតថា ស្របពេលដែលអាជ្ញាធរកំពុងជីកកកាយដីបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី បាននាំគ្នាយកសម្ភារ:ដូចជា កញ្ច្រែង ដែកស្បែង បង្គី ល្អី ចូលទៅអង្គុយរែងត្បូងយ៉ាងកុះករ ដោយអ្នកខ្លះបានកំទេចត្បូងយកទៅលក់ឱ្យកុងសែ (ឈ្មួញ) បានប្រាក់ក្នុង១ថ្ងៃ១០ ទៅ២០ម៉ឺនរៀល អ្នកខ្លះបានរហូតដល់រាប់លានរៀល សម្រាប់យកទៅដោះស្រាយផ្គត់ផ្គង់ជីវភាពគ្រួសារ ។
បើតាមលោក ហឿន ហេង អាយុ៤០ឆ្នាំ រស់នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំង ខណៈអាជ្ញាធរអភិវឌ្ឍន៍ស្ទឹងចាប់ពីស្ពានតារៀប រហូតស្ពានសន្តិភាព ដោយយកគ្រឿងចក្រទៅជីកកកាយដីដឹកយកទៅដាក់កន្លែងផ្សេង ។

លោកបន្តថា ហើយចាំដល់កាលណាទៀតវាជាឱកាសល្អ ដែលឱ្យពួកគាត់នាំគ្នាចុះទៅជីករែងយករ៉ែត្បូងទៅលក់បានលុយច្រើនជាងសព្វមួយដង ព្រោះគេជីកដីកាន់តែជ្រៅ លុះកំទេចត្បូងដែលនៅកប់ក្នុងដីក៏កាន់តែរាក់ ងាយស្រួលឱ្យពួកគាត់នាំគ្នារែងយករ៉ែត្បូងយកទៅលក់ ហើយម្នាក់ៗពិតជាសប្បាយចិត្តខ្លាំងណាស់ ដោយមួយថ្ងៃៗមិនហ៊ានសម្រាកនោះទេ ទោះបីជាយប់ក៏មិនចង់ឱ្យថ្ងៃលិចដែរ ព្រោះបើទុកយូរគេលែងឱ្យជីកកកាយខាតពេល ហើយខាតទាំងលុយកាក់ថែមទៀតផង ។

លើសពីនេះ ទោះបីជាតំបន់ខាងលើ ត្រូវបានថៃចូលមកជីកកកាយដឹកយកទៅស្រុកគេអស់ខ្ទេចខ្ទីកាលពីសម័យសង្គ្រាមក៏ដោយ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះក៏មាននៅសល់ខ្លះៗ អាចឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មួយចំនួនដែលគ្មានការងារធ្វើអាចនាំគ្នាទៅអង្គុយរែងត្បូងសន្សំកំទេចបានខ្លះៗដែរ តែបើប៉ះចំថ្ងៃហេងវិញ គឺអាចរកប្រាក់ចំណូលបានរាប់លានរៀលឯណោះ ។ ដូច្នេះ បើសិនជាប្រជាពលរដ្ឋណាមានពេលទំនេរអាចនាំគ្នាទិញយកកញ្ច្រែងទៅអង្គុយរែងលេងកំសាន្តផង និងផ្សងសំណាងផងដែរ ៕









ចែករំលែកព័តមាននេះ