រដ្ឋធានីវ៉ាស៊ីនតោន ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មកកាលពីថ្ងៃទី៦ ឧសភា មកថាមន្ត្រីពាណិជ្ជកម្មថ្នាក់ខ្ពស់ប្រចាំសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទ ថាប្រទេសចិនបានក្បត់ពាក្យសន្យាទាក់ទិននឹងការប្តេជ្ញាក្នុងការចរចាពាណិជ្ជកម្មដែលបង្កឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) គម្រាមដាក់ពន្ធបន្ថែមកាលពីចុងសប្តាហ៍កន្លងមកនេះ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបើកទូលាយក្នុងការបន្តការចរចាប្រសិនបើប្រទេសចិនប្តូរគោលជំហរ។
លោក Robert Lighthizer ដែលជាអ្នកតំណាងពាណិជ្ជកម្មអាមេរិកបានប្រាប់ដល់សារព័ត៌មានថា ក្នុងកំឡុងពេលសប្តាហ៍មុន ពួកយើងបានមើលឃើញ… ការប្តេជ្ញារបស់ប្រទេសចិនបានធ្លាក់ចុះ ។ លោកបានបន្តថា ប្រទេសចិនបានក្បត់ពាក្យសន្យាមួយចំនួនដែលអាចបង្កឲ្យមានការផ្លាស់ប្តូរសំខាន់ៗក្នុងកិច្ចព្រមព្រៀងដែលកំពុងត្រូវបានចរចា។
ក្រុមប្រតិភូមួយតំណាងប្រទេសចិននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនាថ្ងៃព្រហស្បត្តិ៍ និងសុក្រ ហើយលោក Lighthizer បាននិយាយថា លោកគិតថាលោកឧប្បនាយករដ្ឋមន្ត្រី Liu He របស់ប្រទេសចិននឹងចូលរួមកិច្ចប្រជុំផងដែរ ។ លោក Lightizer បានបន្តថា លោកប្រធានាធិបតីត្រាំចង់ឃើញមានការផ្លាស់ប្តូរមួយចំនួនក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែវាមិនទាន់ដល់ពេលក្នុងការចរចាលើបញ្ហានេះទេ។
ជាមួយគ្នានេះផងដែរ លោក Steven Mnuchin ដែលជារដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងដែរថា វាពិតជាគួរឲ្យសោកស្តាយណាស់ប្រសិនបើភាគីទាំងពីរដែលជាសេដ្ឋកិច្ចធំជាងគេលើពិភលោកមិនអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយបាន ហើយលោកសង្ឃឹមថាពួកគេនឹងអាចសម្រេចវាបាននៅចុងសប្តាហ៍នេះដែរ ។ លោក Mnuchin បានបន្តថា ប្រសិនបើពួកគេលឺអ្វីខុសពីភាគីខាងប្រទេសចិននៅសប្តាហ៍នេះ ពួកគេនឹងរាយការណ៍ទៅកាន់លោកប្រធានាធិបតី ត្រាំ ៕
ចែករំលែកព័តមាននេះ