រាជធានីភ្នំពេញ ៖ មកទល់ពេលនេះរវាងក្បាច់គុនល្បុក្កតោ និងក្បាច់គុនយុទ្ធគុនខម កំពុងដណ្តើមគ្នាធ្វើជាមេក្បាច់គុនរបស់បុព្វបុរសខ្មែរដូចគ្នា ។ អំណះអំណាងថ្មីមួយបានបញ្ជាក់ពីបញ្ហានេះជាសាធារណៈទៀងផង បើទោះជាពុំទាន់មានអ្នកណាសង្កត់ទម្ងន់បន្ថែមក្តី ។ គ្មានអ្នកណាមិនដឹងនោះទេថា ល្បុក្កតោគឺជាក្បាច់គុនដ៏ចំណាស់របស់ខ្មែរបន្ទាប់ពីបង្កើតជាសហព័ន្ធកីឡា កាលពីថ្ងៃ ទី៣១ កក្កដា ឆ្នាំ២០០៦ ។
លោក សាន គឹមសា៊ន ប្រធានសហព័ន្ធបានអះអាងថា ល្បុក្កតោគឺជាក្បាច់គុនដ៏ចំណាស់របស់ខ្មែរ ដែលមានភាពខ្លាំងតាំងពីយូរលង់ណាស់មកហើយ ។ ក្នុងនោះស្នៀតដ៏ខ្លាំងគឺមានគុនក្រមា គុនដាវ គុនដំបង គុនដំបងវែង គុនដំបងខ្លី គុនខែល គុនដាល់ គុនចំបាប់ និងគុនផ្គាក់ជាដើម ដែលសុទ្ធសឹងជាក្បាច់គុនដ៏អស្ចារ្យរបស់ខ្មែរនៅក្នុងសម័យបុរាណ ។ ប៉ុន្តែយោងតាមការដកស្រង់ប្រសាសន៍របស់ព្រឹទ្ធាចារ្យភូមិ ណាគ្រី រស់នៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលចុះផ្សាយដោយសារព័ត៌មានអេឡិចត្រូនិកមួយបានឱ្យដឹងថា ល្បុក្កតោគ្រាន់តែជាការស្គាល់ទៅលើការកាន់ដំបង ឬជាអាវុធមួយប្រភេទដែលប្រើសម្រាប់អបនឹងកំភួនដៃ ក្នុងពេលប្រយុទ្ធប៉ុណ្ណោះ គឺមិនមែនជាស្នៀតឬក្បាច់អ្វីឡើយ ។ ការលើកឡើងរបស់លោកគ្រូភូមិ ណាគ្រីត្រូវគេមើលឃើញថាដូចគ្នាទាំងស្រុងនឹងការពន្យល់នៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួន ណាត ដែលបានអះអាងដូចគ្នាថា ល្បុក្កតោ គឺជាដំបង ឬជាដាវប្រើសម្រាប់អបកំភួនដៃក្នុងពេលប្រយុទ្ធរបស់ដូនតាខ្មែរ ។ លោកភូមិ ណាគ្រី បន្តថា លោកបានចំណាយពេលស្រាវជ្រាវពីប្រវត្តិល្បុក្កតោ និងយុទ្ធគុនខម ស្ទើរពេញមួយជីវិតឯណោះ ចាប់តាំងពីលោកបានធំដឹងក្តី ។
លោកបានហៅក្រុមមនុស្សដែលហៅល្បុក្កតោថាជាក្បាច់គុននោះគឺជាការយល់ច្រឡំដ៏ធំ ដែលបុព្វបុរសខ្មែរមិនអាចទទួលបាន ។ លោកបានប្រាប់បណ្តាញសារព័ត៌មាននោះថា ល្បុក្កតោជាអាវុធ ហើយយុទ្ធគុនខមឯណោះទេ ទើបជាក្បាច់គុន ឬជាមេក្បាច់គុនរបស់ខ្មែរពិតប្រាកដ ។ តាមភាសាសំស្ក្រឹត លោកបានឱ្យដឹងថា ល្បុក្កតោមានន័យថា ល្ពុឌទ្វី រល្ពុឌទ្វិ ដែលពាក្យនេះបាលីហៅថា លពុឡទ្វិ និងមានន័យថា អាវុធខ្លីដាក់ស្របនឹងកំភួនដៃ ប្រើសម្រាប់រងមុខអាវុធពីគូសត្រូវ ។
អាវុធល្បុក្កតោនេះបានបង្កើតឡើងដោយមេកន្ទ្រាញពីរនាក់បងប្អូនក្នុងឆ្នាំខាល ឆស័ក ពុទ្ធសករាជ១០២៥ ចំណែកយុទ្ធគុនខម គឺបានកើតក្នុងពុទ្ធសករាជ៧៥១ ត្រូវនឹងគ្រិស្តសករាជ២០៧ក្នុងរជ្ជកាលរបស់ព្រះបាទស្រីមារៈនៃនគរហ្វូណន ដោយស្នាដៃព្រះគ្រូគុនស្វរៈតុរិ ។ យុទ្ធគុនខមមានស្នៀតសរុបចំនួន៩.៥៦៣ និងចែកចេញជា១៣ទ្វារ និងត្រូវបានចងក្រងជាគម្ពីរគឺគម្ពីរអាត្ម័នអាយុទ្ធ (ទ្វារ១ដល់ទ្វារ៨) គម្ពីរហ័នយុទ្ធ(ទ្វារ៩ដល់ទ្វារ១០) គម្ពីរខ័ឌ្គអាយុទ្ធ (ទ្វារ១១ដល់១២ ) និងគម្ពីរមហារំដោះ(ទ្វារ១៣) ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ យុទ្ធគុនខម ត្រូវបានព្រះអង្គលើកកម្ពស់ និងប្រើប្រាស់ជាគម្ពីរចម្បាំងដ៏ខ្លាំងក្លា ហើយក្បាច់គុននេះទើបជាមេក្បាច់គុន ដែលសូម្បីតែក្បាច់ប្រដាល់ខ្មែរបច្ចុប្បន្នក៏ជាស្នៀតមួយនៅក្នុងយុទ្ធគុននេះដែរ ។ដោយឡែកល្បុក្កតោ គ្រាន់តែជាអាវុធប្រើក្នុងការការពារខ្លួនប៉ុណ្ណោះ ទើបលោកស្នើឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើការបកស្រាយឡើងវិញដើម្បីកុំឱ្យមានការភាន់ច្រឡំកាន់តែធំ ។
លោកម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំយុវជន និងកីឡា និងលោកមៀម ស៊ីសារ៉ា ប្រធានសហព័ន្ធគុនខ្មែរនៅប្រទេសបារាំងមិនហា៊នពន្យល់ចំពោះការបកស្រាយនេះទេ ដោយសារតែយល់ថារវាងលោកសាន គឹមស៊ាន និងលោកភូមិ ណាគ្រី សុទ្ធតែចាស់ទុំដូចគ្នា ។ ទំនងជាភាពចម្រូងចម្រាសនេះ ទើបយុទ្ធគុនខម មិនត្រូវគេអនុញ្ញាតឱ្យបង្កើតជាសហព័ន្ធ និងមិនអនុញ្ញាតឱ្យឡើងប្រកួតជាសាធារណៈដូចមុន ។ តាមការបកស្រាយរបស់លោកភូមិ ណាគ្រី បើគ្មានយុទ្ធគុនខម ក៏គ្មានស្នៀតប្រដាល់សព្វថ្ងៃ និងគ្មានការប្រើពាក្យអាវុធមួយប្រភេទឈ្មោះល្បុក្កតោ ដែលនាំទៅដល់ភាពចម្រូងចម្រាសថាមួយណាជាមេក្បាច់គុនដើមរបស់ខ្មែរពិតប្រាកដនោះដែរ ៕
ចែករំលែកព័តមាននេះ