រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននិងកំពុងនាំគ្នាបញ្ចេញមតិរិះគន់ និងសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូកីឡាករគុនខ្មែរ ធឿន ធារ៉ា ជក់បារីអេឡិចត្រូនិកបង្ហុយផ្សែងហុយទ្រលោមក្នុងនាមជាកីឡាករលំដាប់ជួរមុខកម្ពុជា ដែលជាទង្វើមិនល្អ និងត្រូវគេយកមកបង្ហោះបន្តពាសពេញលើបណ្ដាញសង្គមហ្វេសប៊ុក។
វីដេអូដែលកំពុងផ្ទុះការជជែកវែកញែកនេះត្រូវបានបង្ហោះឡើងដោយគណនីឈ្មោះ មណ្ឌលវប្បធម៌ ដែលមានរយៈពេលប្រមាណ ១៨វិនាទី បង្ហាញពីសកម្មភាពកីឡាករគុនខ្មែរ ធឿន ធារ៉ា បឺតបារីអេឡិចត្រូនិកប្រភេទ YooZ បង្ហុយផ្សែងចេញនៅពីមុខកាមេរ៉ា ព្រមទាំងថតជាប់នារីម្នាក់ដែលបានគេងគ្របមុខនៅលើគ្រែផងដែរ ដោយភ្ជាប់ជាមួយសារ «ក្នុងនាមជាកីឡាករគុនខ្មែរជួរមុខ គួរធ្វើជាជនគំរូ មិនជក់បារី មិនផឹកស្រា ខំប្រឹងហ្វឹកហាត់ អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ក្លាយជាកីឡាករកំពូលលើកមុខមាត់ប្រទេសជាតិ និងគ្រួសារបានយូរអង្វែង ។ ការជក់ ការផឹក ជាសិទ្ធិបុគ្គល តែវាធ្វើឱ្យប៉ះពាល់ដល់អ្នកគាំទ្រ និងគ្រូបង្វឹកយ៉ាងខ្លាំង។ ត្រូវភ្ញាក់រឭកឡើងវិញ Idol»។
តាមរយៈវីដេអូឃ្លីបនេះ ក៏មានអ្នកបញ្ចេញមតិជាបន្តបន្ទាប់ផងដែរថា«ជក់ក៏ដោយ ផឹកក៏ដោយ ជាសិទ្ធិរបស់យើងគ្រប់គ្នា តែគួរគិតថាយើងមានមហាជនស្គាល់ច្រើន គួរពេលជក់ ឬផឹកលាក់បាំងខ្លះទៅកុំបង្ហាញ ព្រោះក្មេងៗ ជំនាន់ក្រោយអាចធ្វើតាមលឿនណាស់ ឱ្យតម្លៃខ្លួនឯងផង»។ លើសពីនេះ មានអ្នកបន្តថា «ធ្វើជាកីឡាករជូរមុខ ជាមនុស្សរបស់មហាជនគួរណាតែមានជាគំរូដល់អ្នកគាំទ្រ ថ្វីដ្បិតតែវាជាសិទ្ធិរបស់បុគ្គលក៏ពិតមែន តែយើងជាកីឡាករល្អមួយរូប មិនគួរណាមកធ្វើនូវទង្វើដែលគ្មានប្រយោជន៍អ្វីនៅក្នុងសង្គមអ៊ីចឹងនោះទេ! ឆាប់មានស្មារតីភ្ញាក់រឭកឡើងវិញផងណា Idol» ។
ជាមួយនឹងការបែកធ្លាយវីដេអូឃ្លីបរបស់កីឡាករធឿន ធារ៉ា ជក់បារីអេឡិចត្រូនិកនេះ គឺស្របពេលកម្រិតគុណភាពនៃការប្រកួតនៅលើសង្វៀនរបស់គេមួយរយៈចុងក្រោយនេះកំពុងតែមានការធ្លាក់ចុះខ្លាំងធ្វើឱ្យមានការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រថា រូបគេមិនសូវយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ប្រដាល់ រវល់តែវក់វីនឹងការលេងបាល់ទះ លេងប៊ូលទៅវិញ ។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែមិនពេញចិត្តថែមទៀតនោះ គឺការប្រកួតមួយរយៈចុងក្រោយ រូបគេឆាប់អស់ស៊ុហ្វខ្លាំងណាស់ ។ ជាក់ស្ដែង ការប្រកួតជាមួយកីឡាសេណេហ្គាល់ កាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៥ ធឿន ធារ៉ា បានកើតមានអាការគ្រុនញាក់វាយទាក់ៗមិនលះស្ទើរតែចាញ់គូប្រកួតទៀតផង ។ តាមការឱ្យដឹង នេះមិនមែនជាលើកទី១នោះទេដែលមហាជនចាប់អារម្មណ៍ទៅលើសកម្មភាព
ផ្ទាល់ខ្លួនរបស់គេ ។ កន្លងមក ធឿន ធារ៉ាធ្លាប់ខកខានចូលរួមការប្រកួតជាលក្ខណៈម៉ារ៉ាតុងអន្តរជាតិដែលមានបេក្ខភាព៨នាក់មកពី៨ប្រទេសផ្សេងគ្នា ដោយសារការលេងបាល់បង្កឱ្យ
មានរបួសខ្លួនឯងផងដែរ។
តាមប្រភពម្ចាស់ផេកមួយដែលមានឈ្មោះថាBong Thyបានឱ្យដឹងថា«រឿងVideo ដែលធឿន ធារ៉ា ជក់YOZZជាមួយប្រពន្ធទី៣របស់គាត់ ខ្ញុំមានយូរហើយតែខ្ញុំមិនផុស ព្រោះចង់រក្សាឯកជនភាពរបស់គាត់។ បើតាមម្ចាស់ផេកមួយទៀតដែលមានឈ្មោះថាសារិ ស៊ូន Kun Khmerបានឱ្យដឹងថា វីដែអូដែលធឿន ធារ៉ាជក់បារីអេឡិចត្រូនិកនេះមានតាំងពីដើមខែកុម្ភះ ឆ្នាំ២០២៥ មកម្ល៉េះ ប៉ុន្ដែមកដល់ពេលនេះគេឈប់ប្រើប្រាស់យូរមកហើយ សូម្បីតែការលេងបាល់ឬលេងប៊ូល និងការជិះម៉ូតូធំក៏គេបានឈប់ហើយដែរ។
តាមប្រភពអ្នកជិតស្និទ្ធជាមួយកីឡាករធឿន ធារ៉ា បានឱ្យដឹងថា អ្នកដែលយករូបកីឡាករធឿន ធារ៉ា ជក់បារីអេឡិចត្រូនិកមកបង្ហោះពេញបណ្ដាញសង្គមនាពេលនេះ គឺគេមានបំណងចង់ជាន់ពន្លិចកីឡាករធឿន ធារ៉ា តែប៉ុណ្ណោះ ព្រោះគេក៏បានដឹងរួចមកហើយដែរថា កីឡាកររូបនេះបានបោះបង់ចោលតាំងពីយូរយារណាស់មកហើយ។ ប៉ុន្តែគេនៅមានការងឿងឆ្ងល់ថាហេតុអីរហូតមកទល់ពេលនេះ អត់ទាន់ឃើញធឿន ធារ៉ា ចេញមុខមកបកស្រាយជាមួយមហាជនបែបនេះ។
ជុំវិញវីដេអូបែកធ្លាយរបស់ធឿន ធារ៉ា នេះ លោកអេ ភូថង ដែលជាគ្រូបង្វឹកបានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា«លោកអត់ដឹងទេ អត់ដឹងទេ កុំសួរលោកគ្រូ។ ការហ្វឹកហាត់ធម្មតាទេ មានឈ្មោះវ៉ៃក៏ហ្វឹកហាត់ធម្មតាអត់មានឈ្មោះវ៉ៃគាត់នៅផ្ទះគាត់ ដឹងតែប៉ុណ្ណោះវា(ធារ៉ា)ទៅធ្វើអីទៀតគ្រូអត់សូវដឹងទេ តែមិនអីទេចាំមកហ្វឹកហាត់វិញគ្រូដាស់តឿនទៀតដើម្បីកុំឱ្យបំពុលសង្គម។ យើងជាបុគ្គលល្បីត្រូវធ្វើជាគំរូដល់មហាជន ចាំគ្រូជួយដាស់តឿនទៀត»។
ចំណែកលោកឧត្តមសេនីយ៍ទោខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់
ជុំវិញកីឡាករធឿន ធារ៉ា ជក់បារីអេឡិចត្រូនិក(វែប)ថា អាចឈានទៅដល់ហៅគាត់មកជួប
ដើម្បីអប់រំ ឬអាចឈានទៅដល់ការដាក់ពិន័យបន្ទាប់ពីធឿន ធារ៉ា បង្ហោះពីកង្វះការឱ្យតម្លៃខ្លួន
ឯង។ ជក់បារីអេឡិចត្រូនិកហើយបង្ហោះគឺមិនសក្តិសមជាកីឡាករគុនខ្មែរដ៏ល្បីឡើយ។ ដូច្នេះ
ចំពោះករណីរបស់ធឿន ធារ៉ា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កំពុងតែសិក្សាលើករណី បើសិន
ជាយើងឈានដល់ការហៅគាត់មកជួបដើម្បីអប់រំ ឬក៏អាចឈានដល់ការដាក់ពិន័យ បើសិនជាករណីហ្នឹងធ្ងន់ធ្ងរ។ អ៊ីចឹងយើងកំពុងពិនិត្យលើករណីហ្នឹងហើយ»៕



ចែករំលែកព័តមាននេះ