រាជធានីភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជាគឺ ពេជ្រ សម្បត្តិ ត្រូវបានគេផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករជើងខ្លាំងអេស្ប៉ាញ Mario Alvarez នៅលើសង្វៀនកោះពេជ្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។
នៅក្នុងកម្មវិធីប្រដាល់ គេឃើញឈ្មោះជើងខ្លាំងគុនខ្មែរ ៤ នាក់ នឹងត្រូវជួបតតាំងជាមួយជើងខ្លាំងឆ្លងទ្វីបមកពីអេស្ប៉ាញ៤នាក់ដែរ ។ ក្រៅអំពីគូ ពេជ្រ សម្បត្តិ ជួបជាមួយ Alvarez គឺមាន ៣ គូទៀតដូចជា សំអឿន សុផា ត្រូវជួបជាមួយកីឡាករ វិចទ័រ កូនេសា, ស្តេចតុកែធន់ វណ្ណា ត្រូវជួបជាមួយ ម៉ាទីន សាន់ដ្រូ និង រិទ្ធី សុវណ្ណឃីម ត្រូវជួបជាមួយកីឡាករ ហ្គូនហ្សាឡូ ថេបារ។
ក្នុងចំណោមការប្រកួតទាំង៤គូខាងលើ គឺគូ ពេជ្រ សម្បត្តិ និង Mario Alvarez ត្រូវបានគេចាត់ទុកជាគូប្រកួតដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដោយសារកីឡាករ អេស្ប៉ាញ ធ្លាប់បានផ្តួលជើងខ្លាំងគុនខ្មែរ២រូបរួចមកហើយដូចជា ឈុត សេរីវ៉ាន់ថង និងឃីម បូរ៉ា ខណៈឥឡូវនេះរូបគេត្រូវជួបពេជ្រ សម្បត្តិ ដែលជាកីឡាករកំពុងឡើងកូដរបស់កម្ពុជា ។
ដូច្នេះហើយទើបអ្នកគាំទ្ររំពឹងថា ការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត និងមិនអាច
រំលងបាន ។ ចាំមើលក្របីព្រៃពេជ្រ សម្បត្តិ អាចសងសឹកជូនមិត្តរួមជាតិ និងរួមអាជីពបានដែរ
ឬយ៉ាងណា ខណៈកីឡាករអេស្ប៉ាញដែលរូបគេ ត្រូវជួបនាពេលនេះមានសមត្ថភាពខ្លាំងមិន
ធម្មតាបែបហ្នឹងនោះ ។ មុនប្រកួតគ្រូបង្វឹកកីឡាករទាំងពីរបានឌឺដងដាក់គ្នាផងដែរ។
កីឡាករ Mario Alvarez ដែលទេីបផ្តួលឈុត សេរីវ៉ាន់ថង ឱ្យសន្លប់ក្នុងទឹកទី១ នៅបារាំង និងគ្រូបង្វឹករបស់គេថា ចង់ជួបកីឡាករ ពេជ្រ សម្បត្តិ ។ នៅពេលនោះ លោកគ្រូពេជ្រ ផាន់ ដែលជាគ្រូបង្វឹកពេជ្រ សម្បត្តិ បានតបថា «អូខេ»។ លោកគ្រូថា គូនេះចង់លេងយ៉ាងម៉េចក៏បានដែរ លោកស្វាគមន៍ជានិច្ច ហេីយបេីចង់ឱ្យជក់ចិត្ត កក្រេីកកាន់តែខ្លាំង ប្រកួតហ្គង់ចេញម្រាមតែម្ដងទៅ៕



ចែករំលែកព័តមាននេះ