រាជធានីភ្នំពេញ ៖ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោកលោកឧត្តមសេនីយ៍ទោ ខូវ ឆាយ កាលពីថ្ងៃទី២២ ខែមេសា បានប្រាប់ឱ្យដឹងថា សព្វថ្ងៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានមេធាវីស្ម័គ្រចិត្តចំនួន៣រូបសម្រាប់ការពារក្ដីឱ្យកីឡាករ-កីឡាការិនីដែលរងនូវការរំលោភបំពាន ជាពិសេសការបរិហារកេរ្តិ៍ណាមួយ។
មេធាវីស្ម័គ្រចិត្តទាំង៣រូបមានភារកិច្ចដោះស្រាយនិងការពារក្ដីឱ្យកីឡាករ-កីឡាការិនីក្នុងករណីមានការរំលោភបំពានធ្ងន់ធ្ងរពីអ្នកគាំទ្រ តាមរយៈការជេរប្រមាថឬគំរាមកំហែងជាដើម។
លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ថា យើងនឹងរៀបចំចងក្រងជាក្រុម
មេធាវីស្ម័គ្រចិត្ត ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីការពារក្ដីឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែររបស់យើងប្រសិនបើមានករណីរំលោភបំពានណាមួយ។
ទោះបីយ៉ាងណា លោកប្រធានសហព័ន្ធរូបនេះសង្កត់ធ្ងន់ថា ទោះបីជាយើងមានមេធាវីការពារក្ដីក៏ពិតមែន ប៉ុន្តែក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនចង់មានក្ដីក្ដាំណាមួយជាមួយអ្នកគាំទ្រឬបុគ្គលណាមួយជាមួយវិស័យកីឡាប្រដាល់គុនខ្មែរនោះទេ។សហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅតែសំណូមពរទៅដល់អ្នកគាំទ្រឱ្យបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនាបានហើយមិនត្រូវជេរប្រមាថដែលនាំឱ្យឈានទៅដល់ការប្ដឹងប្ដល់នោះឡើយ។
គួររម្លឹកផងដែរថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិថ្មីដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោខូវ ឆាយ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកស្ទួយជ្រោមជ្រែងដល់វិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែមានការបោះជំហានទៅមុខយ៉ាងល្អប្រសើរ។ ជាពិសេសជំរុញនិងអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែមានឈ្មោះបោះសំឡេងខ្ទរខ្ទារលើឆាកអន្តរជាតិ ។
ជាក់ស្ដែង កាលពីពេលថ្មីនេះ លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដឹកនាំប្រតិភូកីឡាមួយក្រុមទៅចូលរួមការប្រកួតនៅសហរដ្ឋអាមេរិកទៀតផង ៕
ចែករំលែកព័តមាននេះ