ប្រវត្តិសាស្ត្រថ្មីលើដីកម្ពុជា សំបុត្រចូលទស្សនាការប្រកួត AFC Challenge League ត្រូវបានលក់អស់ច្រើនថ្ងៃមុនថ្ងៃប្រកួតមកដល់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចាត់ទុកជាប្រវត្តិសាស្ត្រថ្មីកើតឡើងលើដីកម្ពុជា នៅពេលសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ត្រូវបានលក់ដាច់អស់មុនថ្ងៃប្រកួតមកដល់។
តាមសេចក្តីប្រកាសជាផ្លូវការរបស់ក្លិបព្រះខ័នរាជស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ គឺសំបុត្រចំនួន៥៣០០០សន្លឹកត្រូវបានលក់ដាច់អស់បន្ទាប់ពីក្លិបបើកលក់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ពោលគឺរយៈពេល៦ថ្ងៃប៉ុណ្ណោះត្រូវបានលក់អស់ ខណៈការប្រកួតនៅសល់រយៈពេល៣ថ្ងៃទៀត។
នេះជាប្រវត្តិសាស្ត្រថ្មីនៃការលក់សំបុត្រចូល ទស្សនាការប្រកួតបាល់ទាត់នៅក្នុងប្រទេសកម្ពុជាដែលលក់ដាច់អស់មុនការប្រកួតច្រើនថ្ងៃ ហើយក៏ជាកំណត់ត្រាថ្មីក្នុងពានរង្វាន់ AFC Challenge League ដែលមានអ្នកទិញសំបុត្រច្រើនបំផុតគិតចាប់តាំងពីពានរង្វាន់នេះបង្កើតឡើងដំបូងកាលពីឆ្នាំ២០០៥ ។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និង Arkadag នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបង្កើតកំណត់ត្រាថ្មីដែលមានអ្នកទស្សនាផ្ទាល់ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់ AFC Challenge League។
គិតចាប់តាំងពីពានរង្វាន់ AFC Challenge Leagueបង្កើតឡើងនៅឆ្នាំ២០០៥ មានតែរដូវកាល២០២៤-២០២៥ ប៉ុណ្ណោះដែលមានអ្នកទស្សនាផ្ទាល់ច្រើនបំផុតចំនួន២៥.៤៩៧នាក់គឺក្នុងការប្រកួតរវាងក្រុម East Bengal ជាមួយក្រុម Arkadag វគ្គ៨ក្រុមចុងក្រោយនៅប្រទេសឥណ្ឌាកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។
ដូច្នេះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម Arkadag នឹងត្រូវបានចារក្នុងប្រវត្តិសាស្ត្របាល់ទាត់ពានរង្វាន់លំដាប់ទី៣អាស៊ីមួយនេះដែលមានអ្នកចូលរួមទស្សនាផ្ទាល់ច្រើនបំផុតមិនធ្លាប់មានពីមុនមក ៕




ចែករំលែកព័តមាននេះ