ទីក្រុងប្រាយ៉ា ៖ បន្ទាប់ពីទទួលបានការកោតសរសើរនៅជុំវិញពិភពលោក សម្រាប់ការបង្ហាញទម្រង់លេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ជាមួយក្រុមជម្រើសជាតិកាប់វែរហើយនោះ អ្នកចាំទី Vozinha ទទួលបានកិត្តិយសថ្មីមួយផ្សេងទៀត គឺប្រភេទខ្យងសមុទ្រអត់សំបក ដែលទើបតែបានរកឃើញថ្មី ត្រូវបានដាក់ឈ្មោះតាមអ្នកចាំទីដៃស្អិតវ័យ៤០ឆ្នាំរូបនេះតែម្តង។ នេះបើតាមប្រភពពី BBC បានចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
ខ្យងសមុទ្រអត់សំបកពណ៌ក្រហមដ៏តូច ដែលត្រូវបានរកឃើញដោយអ្នកជីវវិទូ លោក Jesus Ortea នៅសមុទ្រការីបៀន ហើយលោកបានសម្រេចចិត្តដាក់ឈ្មោះវាតាមអ្នកចាំទីកាប់វែរ Vozinha ពោលគឺ Aldisa Vozinha បន្ទាប់ពីអ្នកចាំទីវ័យចំណាស់រូបនេះ បង្ហាញទម្រង់លេងដ៏ល្អបំផុត សម្រាប់យុទ្ធនាការ World Cup លើកដំបូងបង្អស់របស់ប្រទេសកាប់វែរ ដោយពួកគេបានបញ្ចប់ជាមួយមោទនភាព ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ ដោយចាញ់ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន នៅក្នុងម៉ោងបន្ថែម ១៥នាទី ២ដង ដោយលទ្ធផលប្រទាញប្រទង់ ៣-២ កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅថ្មីៗនេះ។ កាប់វែរ គឺជាប្រទេសតូចបំផុតលំដាប់ទី ២ បានឡើងដល់ការប្រកួតជុំចុងក្រោយព្រឹត្តិការណ៍ World Cup។
ភាពអស្ចារ្យរបស់អ្នកចាំទី Vozinha គឺការសង្គ្រោះបាល់រហូតដល់១៨លើក ពីការប្រកួត ទាំង៤របស់កាប់វែរនៅ World Cup 2026 ជាពិសេសការបិទមិនឱ្យក្រុមខ្លាំងអេស្ប៉ាញស៊ុតបញ្ចូលទីបាន នៅក្នុងការប្រកួតពូល H។ នៅក្នុងរបាយការណ៍ដែលបង្ហាញពីការរកឃើញរបស់លោក Ortea បានអះអាងថា លោកចង់កត់ចំណាំពីតួនាទីដ៏លេចធ្លោរបស់ Vozinha ហើយបានចង្អុលបង្ហាញថា ភាពអស្ចារ្យនោះបានកើតឡើងនៅក្នុងការប្រកួតតទល់នឹងក្រុមអេស្ប៉ាញ។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី១ទេ ដែលលោក Ortea ធ្វើបែបនេះ។ ជាក់ស្តែង កាលពីមុន អ្នកគាំទ្របាល់ទាត់វ័យ៧៥ឆ្នាំរូបនេះ ធ្លាប់បានដាក់ឈ្មោះសត្វដែលលោកបានរកឃើញនៅក្នុងប្រទេសកូស្តារីកា តាមឈ្មោះ Keylor Navas អតីតអ្នកចាំទីឆ្នើមក្រុមជម្រើសជាតិកូស្តារីកា ដែលធ្លាប់លេងឱ្យក្លិប Real Madrid, PSG និង Nottingham Forest ផងដែរ។
គួរបញ្ជាក់ថា លោក Ortea គឺជាសាស្ត្រាចារ្យកិត្តិយសនៅឯសាកលវិទ្យាល័យ Oviedo ប្រទេសអេស្ប៉ាញ ដែលទទួលបានមេដាយគុណសម្បត្តិពីប្រទេសកាប់វែរក្នុងឆ្នាំ២០២៣ សម្រាប់ការងាររបស់លោក នៅក្នុងតំបន់ទឹកជុំវិញប្រទេសដីកោះមួយនេះ៕




ចែករំលែកព័តមាននេះ