ប្រទេសថៃ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ កន្លងមកថា ចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកក្នុងការសម្របសម្រួលការវិនិយោគឯកជនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងអាស៊ីអាគ្នេយ៍នឹងជំរុញដល់ការលូតលាស់សម្រាប់តំបន់ ។
ក្រោមអនុស្សារណៈនៃការយោគយល់គ្នាដែលត្រូវបានសម្រេចកាលពីសប្តាហ៍មុនរវាងសិង្ហបុរីនិងសហរដ្ឋអាមេរិក ភ្នាក់ងារមើលការខុសត្រូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសទាំងពីរនឹងសហការជាមួយគ្នាដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងវិស័យឯកជនក្នុងតំបន់ក្នុងផ្នែកថាមពល ទឹក កាកសំណល់ ដឹកជញ្ជូន និងការអភិវឌ្ឍន៍ទីក្រុង។ វាកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពីគម្រោងផ្តល់ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលរួមមានកិច្ចព្រមព្រៀងនៅខែកក្កដាឆ្នំឫ ២០១៨ ជាមួយអូស្ត្រាលី និងជប៉ុនផងដែរ។
ឱកាសសម្រាប់តំបន់និងប្រទេសថៃជាពិសេសនឹងមានច្រើន។ បច្ចុប្បន្ន អាស៊ានគឺជាទីផ្សារនាំចេញធំជាងគេលេខបួនរបស់សហរដ្ឋអាមេរិក ដោយការធ្វើពាណិជ្ជកម្មជាមួយអាស៊ានបង្កើតការងារដល់ប្រជាជនអាមេរិកប្រមាណ១លានកន្លែង ។ ក្រុមហ៊ុនអាមេរិកប្រមាណ ៤,៧០០ ក្នុងដំណើរការក្នុងតំបន់ ហើយអាស៊ីអាគ្នេយ៍គឺជាទីតាំងលេខមួយសម្រាប់ការវិនិយោគផ្ទាល់ពីអាមេរិកក្នុងទ្វីបអាស៊ីផងដែរ។
អាស៊ានផ្តល់ជម្រើសផលិតកម្មដែលត្រូវការការចំណាយទាបដល់សហរដ្ឋអាមេរិក មូលដ្ឋានអតិថិជនដែលកំពុងតែកើនឡើង និងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរឹងមាំជាដើមផងដែរ។ ប៉ុន្តែទោះជាមានការគិតថានឹងមានការផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិនមកកាន់តំបន់នេះពិតមែនក្តី តំបន់នេះនៅមិនទាន់មើលឃើញការផ្លាស់ប្តូរដែលមានន័យនៅឡើយទេ។
មូលហេតុដែលបង្កឲ្យមានស្ថានការនេះកើតឡើងព្រោះក្រុមហ៊ុនបរទេសមានភាពស្ទាក់ស្ទើរក្នុងការវិនិយោគលុះត្រាតែពួកគេជឿជាក់ថាមានការកម្ម៉ង់គ្រប់គ្រាន់និងឋិតថេរ ហើយអាស៊ីអាគ្នេយ៍អាចបង្កើនប្រសិទ្ធិភាពក្នុងផ្នែកបច្ចេកវិទ្យាផលិតកម្ម និងការធ្វើសមារណកម្មតំបន់សិន។ កត្តាដែលសំខាន់គឺតម្រូវការក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថាអាស៊ីត្រូវការការវិនិយោគប្រមាណ២៧ទ្រីលានដុល្លារក្នុងរយៈពេល១០ឆ្នាំទៀតដើម្បីអភិវឌ្ឍន៍ ហើយវិស័យសាធារណៈមានសមត្ថភាពក្នុងការផ្គត់ផ្គង់ថវិកានេះមិនដល់ពាក់កណ្តាលនៃចំនួនខាងលើផង ៕
ចែករំលែកព័តមាននេះ