ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើនឡើង ខណៈ​សង្គ្រា.ម​អា​មេ​រិ​ក​-​អ៊ី​ស្រា​អែ​ល ​ជាមួយ​អ៊ី​រ៉​ង់​ បន្ត​រំខាន​ការ​ផ្គត់ផ្គង់

1 ខែ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​កើនឡើង​ជាង ១% ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦ ដោយសារ​ការ​ភ័យ​ខ្លាច​ជា​បន្តបន្ទាប់​លើ​ការ​ផ្គត់ផ្គង់​បណ្តាល​មក​ពី​ការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​តំបន់​ផលិត​ប្រេង​ដ៏​សំខាន់​នៅ​មជ្ឈិមបូព៌ា ពី​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​ជាមួយ​អ៊ី​រ៉​ង់​។ នេះ​បើ​យោង​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

កិច្ចសន្យា​ប្រេង​ឆៅ​ប្រភេទ Brent បាន​កើនឡើង ១,៧១ ដុល្លារ ឬ ១.៦% ដល់​តម្លៃ ១១០,៧៤ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា (​ម៉ោង​នៅ​កម្ពុជា​)​។ ចំណែក​កិច្ចសន្យា​ប្រេង​ឆៅ​ប្រភេទ West Texas Intermediate របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង ០,៧១ ដុល្លារ ឬ ០.៦% ដល់​តម្លៃ ១១២,២៥ ដុល្លារ​ក្នុង​១​បារ៉ែល​។

ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដែល​ដឹក​ជញ្ជូន​ប្រេង​ឆៅ និង​ផលិតផល​ប្រេង​ពី​ប្រទេស​អ៊ី​រ៉ា​ក់ អា​រ៉ា​ប៊ី​សា​អូឌីត កា​តា គុយ​វ៉ែត និង​អា​រ៉ាប់​រួម នៅ​តែ​បន្ត​បិទ ភាគច្រើន​ដោយសារ​ការ​វាយប្រហារ​របស់​អ៊ី​រ៉​ង់​លើ​ការ​ដឹក​ជញ្ជូន ចាប់តាំងពី​សង្គ្រាម​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦​។ ដោយសារ​តែ​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​នៅ​មជ្ឈិមបូព៌ា​នេះ​ហើយ ទើប​បានជា​បណ្តា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​កំពុង​ស្វែងរក​ប្រភព​ជំនួស​។

កាលពី​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ តាម​រយៈ​ការ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​បង្កើន​សម្ពាធ​លើ​អ៊ី​រ៉​ង់ ដោយ​គំរាម​វាយប្រហារ​លើ​រោងចក្រ​ថាមពល និង​ស្ពាន​របស់​អ៊ី​រ៉​ង់ នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ប្រសិនបើ​ច្រក​សមុទ្រ​ហ័​រ​មូស​ជា​ផ្លូវ​ដឹក​ជញ្ជូន​យុទ្ធសាស្ត្រ​មិន​ត្រូវ​បាន​បើក​ឡើង​វិញ​នោះ​ទេ​៕