ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវា​ទេសចរណ៍​វេជ្ជសាស្ត្រ​វៀតណាម​រំពឹង​ថា នឹង​រក​ចំណូល​បាន​ជិត​ ៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០៣៣

2 ថ្ងៃ មុន

ប្រទេស​វៀតណាម ៖ ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម មាន​គម្រោង​អភិវឌ្ឍ​សេវា​វេជ្ជសាស្ត្រ​ដែល​មានគុណ​ភាព​ខ្ពស់ និង​លើកកម្ពស់​ទេសចរណ៍​វេជ្ជសាស្ត្រ ដោយ​ទាក់ទាញ​អ្នកជំងឺ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ខណៈ​ទីផ្សារ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ឈាន​ដល់ ៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក…

ប្រទេស​វៀតណាម ៖ ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម មាន​គម្រោង​អភិវឌ្ឍ​សេវា​វេជ្ជសាស្ត្រ​ដែល​មានគុណ​ភាព​ខ្ពស់ និង​លើកកម្ពស់​ទេសចរណ៍​វេជ្ជសាស្ត្រ ដោយ​ទាក់ទាញ​អ្នកជំងឺ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ខណៈ​ទីផ្សារ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ឈាន​ដល់ ៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ ២០៣៣​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម VNA និង VnExpress បាន​ចេញផ្សាយ​។

ស្ថិត​ក្រោម​ផែនការ​នេះ​នៅ​ឆ្នាំ ២០៣០ ខេត្ត​/​ក្រុង​ចំនួន ៥ គឺ​ទីក្រុង​ហាណូយ ហូ​ជី​មិ​ញ ដា​ណាំង (Da Nang) ខេត្ត​ក្វា​ង​និ​ញ (Quang Ninh) និង​ខេត្ត​ខា​ញ់​ហ័​រ (Khanh Hoa) នឹង​សាកល្បង​គំរូ​ទេសចរណ៍​វេជ្ជសាស្ត្រ​រួម​បញ្ចូល​គ្នា​នូវ​មន្ទីរពេទ្យ សណ្ឋាគារ រមណីយដ្ឋាន និង​សេវាកម្ម​ធ្វើ​ដំណើរ​។ បើ​យោង​តាម​ក្រសួង ទីផ្សារ​ទេសចរណ៍​វេជ្ជសាស្ត្រ​របស់​ប្រទេស​វៀតណាម​មាន​តម្លៃ​ប្រហែល ៧០០ លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៤ ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ពង្រីក​ដល់​ជិត ៤ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០៣៣ តំណាង​ឱ្យ​អត្រាកំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រហែល ១៨%​។

ប្រទេស​វៀតណាម​ទទួល​បាន​អត្ថប្រយោជន៍​ពី​គុណសម្បត្តិ​នៃ​ការ​ប្រកួតប្រជែង​ជា​ច្រើន រួម​ទាំង​ការ​ចំណាយ​ទាប កម្លាំង​ពលកម្ម​វេជ្ជសាស្ត្រ​មាន​ជំនាញ​ខ្ពស់ និង​សមត្ថភាព​ក្នុង​ការ​អនុវត្ត​នីតិវិធី​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​ប្រភេទ​ជំងឺ​ដូច​ជា បេះដូង ការ​ប្តូរ​សរីរាង្គ ការ​បង្ក​កំណើត​ក្នុង​វី​ត្រូ (IVF) ឬ​បច្ចេកទេស​ជំនួយ​បន្ត​ពូជ​ដ៏​មាន​ប្រសិទ្ធភាព និង​ទន្តសាស្ត្រ (​សុខភាព​មាត់​ធ្មេញ​)​។ ចំណុចខ្លាំង​ទាំងនេះ​ទើប​ធ្វើ​ឱ្យ​វៀតណាម​ប្រកួតប្រជែង​ជាមួយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​។

ផែនការ​ខាងលើ​ទៀត​សោត ក៏​គ្រោង​នឹង​បង្កើត​មន្ទីរពេទ្យ​ដែល​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​យ៉ាង​ហោច​ណាស់​ចំនួន ១៥ នៅ​ត្រឹម​ឆ្នាំ ២០៣០ រួម​ទាំង​ស្ថាប័ន​សាធារណៈ​ចំនួន ៥ ផង​ដែរ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ កញ្ចប់​សេវាកម្ម​នឹង​ត្រូវ​បាន​ធ្វើ​ពិពិធ​កម្ម​ដើម្បី​រួម​បញ្ចូល​ការ​ព្យាបាល​វេជ្ជសាស្ត្រ​កម្រិត​ខ្ពស់ ឱសថ​បុរាណ​រួម​ផ្សំ​ជាមួយនឹង​ការ​សម្រាក​លំហែកាយ និង​កញ្ចប់​ថែទាំ​សុខភាព​ជា​ច្រើន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ