ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុន្នីជ័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហើយយកទៅលក់បន្តតម្លៃ១៣ម៉ឺនរៀល។
ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់បន្តបន្ទាប់គ្នា ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)÷ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្រសាំងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជាតិ សំភ័ស ភេទស្រី អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិស្ដៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នៅក្នុងពាក្យបណ្ដឹងនារីរងគ្រោះបានរៀបរាប់ថានៅវេលាម៉ោងប្រហែល០៣និង១០នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ រូបគាត់បានជិះម៉ូតូម្នាក់ឯង ចេញពីក្នុងភូមិ-ឃុំខាងលើ លុះពេលធ្វើដំណើរមកដល់ចំណុចផ្លូវកៅស៊ូលេខ 1KS1 ស្ថិតនៅក្នុងភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥(សង់C125) មិនចាំស៊េរីនិងផ្លាកលេខ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់ដែលទុកនៅហោប៉ៅខាងក្រោយ ពេលដែលជនសង្ស័យខាងលើធ្វើសកម្មភាពយកទូរស័ព្ទបានសម្រេចរួច ក៏បានជិះម៉ូតូគេចខ្លួនទៅ ខាងកើតបាត់ទៅ ។ដោយបាត់បង់សម្ភារៈ ទូរស័ព្ទ០១គ្រឿង ម៉ាក់IPhone 11 ពណ័ស្វាយ ។
នគរបាលស្រុកសាមគ្គីមុន្នីជ័យបានបន្តថាក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះនៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបានចំនួន០២នាក់ :ទី១-ឈ្មោះ ភ័ណ្ឌ ចិន ភេទប្រុស អាយុ២១ឆ្នាំ និងទី២- ឈ្មោះ ឌុល ថៃ ភេទប្រុស អាយុ២១ឆ្នាំ ទាំងពីរនាក់ខាងលើ រស់នៅក្នុងភូមិទួលកែស ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ។
បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភ័ណ្ឌ ចិន បានសារភាពថា រូបគេបានទិញទូរស័ព្ទ០១គ្រឿង ម៉ាកIPhone ពណ៌ស្វាយខាងលើនេះ ក្នុងតម្លៃ១៣មុឺនរៀន ពីឈ្មោះ សៅ ច័ន្ទរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ក្រោយពីសាកសួរចម្លើយ សមត្ថកិច្ចនគរបាលបានបន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ឈ្មោះ សៅ ច័ន្ទរ៉ា ដោយសារភាពថា រូបគេពិតបានធ្វើសកម្មភាព ឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើជាមួយឈ្មោះ គរ ដានីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិត្រពាំងអំពិល ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (គេចខ្លួន) ដោយបានខ្ចីម៉ូតូ ម៉ាកហុងដាសេ១២៥(សង់)ពីមិត្តភក្តិម្នាក់ទៀត ឈ្មោះ ណុប រុន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនគរបាលដកហូតវត្ថុតាង: -ទូរស័ព្ទចំនួន០២គ្រឿងម៉ាកIPhone 11 និងម៉ាក IPhone 12 និងម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ1LL-7669 ។
នគរបាលស្រុកសាមគ្គីមុន្នីជ័យបានបន្តទៀតថាលុះរហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលឈានទៅធ្វើការឃាត់មុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ ណុប រុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) ដែលជាម្ចាស់ម៉ូតូឱ្យជនសង្ស័យខាងលើខ្ចីម៉ូតូធ្វើសកម្មភាពឆក់ទូស័ព្ទ និងដកហូត: ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ សរុបជនសង្ស័យទាំងអស់៤នាក់។
នគរបាលស្រុកសាមគ្គីមុន្នីជ័យបានបញ្ជាក់ទៅដឹងថាបច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយនឹងមធ្យោបាយធ្វើដំណើរត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យទំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ