ទីក្រុងហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ីបានប្រកាសពីការដំឡើងថ្លៃបន្ថែម ២៨% លើប្រេងឥន្ធនៈយន្តហោះ ហើយថែមទាំងបញ្ជាក់ថានឹងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រក្នុងស្រុក ដែលរដ្ឋាភិបាលបានកំណត់រហូតដល់ ១៣%។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP និង Reuters បានចេញផ្សាយ។
ចំពេលដែលតម្លៃប្រេងសកលឡើងថ្លៃខ្ពស់ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានប្រាប់អ្នកយកព័ត៌មានថា ការដំឡើងថ្លៃបន្ថែមលើប្រេងឥន្ធនៈយន្តហោះនឹងកើនឡើងពី ១០ ទៅ ៣៨% ហើយតម្លៃដើមនៃសំបុត្រយន្តហោះក្នុងស្រុកនឹងកើនឡើងរវាង ៩ និង ១៣% ផងដែរ។
លោក Airlangga ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងទទួលបន្ទុកពន្ធបន្ថែម ១១% លើសំបុត្រយន្តហោះក្នុងស្រុក ដើម្បីទូទាត់ផលប៉ះពាល់ពីការកើនឡើងតម្លៃ តាមរយៈចំនួនទឹកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលប្រហែល ១,៣ ទ្រីលានរូពី ឬ ៧៦ លានដុល្លារអាមេរិកក្នុង១ខែ។ លោកបានបន្ថែមទៀតថា វិធានការទាំងនេះ នឹងត្រូវឆ្លងកាត់ការវាយតម្លៃឡើងវិញ បន្ទាប់ពីអនុវត្តបានរយៈពេល២ខែ ដោយអាស្រ័យលើថា តើជម្លោះមជ្ឈិមបូព៌ានៅតែបន្ត ដែរឬទេ?
តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងដល់ជាង ១០០ ដុល្លារក្នុង១បារ៉ែល ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបង្កឱ្យមានជម្លោះទូទាំងតំបន់មជ្ឈិមបូព៌ា និងឈានទៅដល់ការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុនប្រេងរដ្ឋ Pertamina បានរាយការណ៍ថា នៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៃទីក្រុងហ្សាការតា តម្លៃប្រេងឥន្ធនៈយន្តហោះសម្រាប់ជើងហោះហើរក្នុងស្រុកបានកើនឡើងជាង ៧០% ចាប់តាំងពីខែមីនា។ សម្រាប់ជើងហោះហើរអន្តរជាតិ តម្លៃបានកើនឡើងជិតទ្វេដង។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា ខ្លួននឹងមិនកាត់បន្ថយការឧបត្ថម្ភធនលើប្រេងសាំង និងឧស្ម័នធម្មជាតិដែលប្រើប្រាស់ក្នុងស្រុកនោះទេ ដោយការឧបត្ថម្ភគ្របដណ្តប់ប្រហែល ៣០ ទៅ ៤០% នៃថ្លៃដើមសម្រាប់អ្នកប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ពោលជាង ២៨៧ លាននាក់មួយនេះ៕

ចែករំលែកព័តមាននេះ