តាមវិទ្យុបារាំងអន្តរជាតិបានផ្សាយឱ្យដឹងថា ថ្ងៃទី៤ឧសភា គឺជាថ្ងៃឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការនៃព្រះមហាក្សត្រថ្មីរបស់ព្រះរាជាណាចក្រថៃ ។ ក្នុងព្រះជន្ម៦៦ព្រះវស្សា ព្រះចៅមហាវិជ្ជរ៉ាឡុងកន បានឡើងគ្រងរាជ្យសម្បតិ្ត ស្នងពីព្រះបិតាព្រះអង្គ គឺព្រះចៅភូមិបុល អាឌុលយ៉ាដេត ដែលបានសោយទិវង្គត កាលពីឆ្នាំ២០១៦ ។ ពិធីឡើងគ្រងរាជ្យសម្បតិ្តនេះបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ទៅតាមទំនៀមទម្លាប់ប្រពៃណី នៃព្រះរាជវង្សចក្រីរបស់ថៃ ។

ព្រះរាជពិធីបរមរាជាភិសេកនេះ មានពិធីតាមទំនៀមបែបព្រហ្មញ្ញសាសនាផង និងតាមបែបព្រះពុទ្ធសាសនាផង ។ ជាដំបូង គឺមានពិធី ស្រង់ព្រះគង្គាអមដោយវត្តមាននៃគណៈសង្ឃ ធំៗរបស់ថៃ ។ ព្រះមហាក្សត្រថ្មីគ្រងស្បៃផាហ៊ុមពណ៌ស យាងស្រង់ព្រះគង្គាមុននឹងទ្រង់គ្រឿងយាងឡើងប្រថាប់លើព្រះរាជបល្ល័ង្ក ។
ពិធីគ្រងមកុដមាស គង់លើរាជបល័ង្ក ក្រោមស្វេត្រឆត្រ
នៅក្នុងព្រះទីនាំងចក្រីមហាប្រាសាទ ក្រុម ព្រះញាតិវង្ស និងនាម៉ឺនសព្វមុខមន្ត្រី មានវត្តមានរង់ចាំព្រះមហាក្សត្រថ្មី ។ ពិធីឡើងគ្រងរាជ្យនៅថ្ងៃទីមួយដូចតាមទំនៀម គឺគេពុំយាងព្រះមហាក្សត្រនៃប្រទេស ផ្សេងៗ ឲ្យចូលរួមជាអធិបតីទេ ។ វេលាម៉ោង១២ និង៩នាទី ដែលជាវេលាគន់គូរដោយគ្រូហោក្នុងព្រះបរមរាជវាំងថៃ ព្រះចៅមហាវិជ្ជរ៉ាឡុងកន បានយាងឡើងលើព្រះរាជបល្ល័ង្ក ស្ថិតនៅពីក្រោយព្រះមហាស្វេត្រឆត្រ ពណ៌ស៩ជាន់ ។ ព្រះអង្គបានលើកមកុដមាស មកគ្រងដោយព្រះអង្គឯង ។ មកុដមាស ដែលដាំដោយគ្រាប់ពេជ្រ និងត្បូងមានតម្លៃមានទម្ងន់ជាង៧គីឡូក្រាមនេះ មានឈ្មោះថា ព្រះមហាភិឆ័យមង្គត់ ។

ព្រះមហាក្សត្រថ្មី អង្គនេះមានព្រះនាមពេញថា«ព្រះចៅមហាវិជ្ជរ៉ាឡុងកន បូឌីន្ទ្រទេភាយ៉ាវ៉ារ៉ាងគូន »។ បន្ទាប់ពីបានគ្រងមកុដរាជ ព្រះអង្គបានថ្លែងសារ ដោយសន្យាគ្រងរាជ្យសម្បត្តិ ប្រកបដោយទសពិធរាជធម៌ ដើម្បីសុខសុភមង្គលនៃប្រជានុរាស្ត្រថៃ ។ បន្ទាប់មកទៀត ព្រះអង្គក៏បានតែងតាំងព្រះជាយារបស់ព្រះអង្គព្រះនាមស៊ុធីតា ជាម្ចាស់ក្សត្រី ។
នៅថ្ងៃទី២ គឺជាពិធីដង្ហែ ព្រះមហាក្សត្រថ្មី ដើម្បីឲ្យប្រជារាស្ត្របានឃើញ និងថ្វាយបង្គំ។ ព្រះមហាក្សត្រយាងឡើងលើគ្រែប៉ាឡាកាំង ដោយមានអាមាត្យ ជាអ្នកសែង អមដោយនាម៉ឺនសព្វមុខមន្ត្រី ។ តាមទម្លាប់ ក្បួនដង្ហែ ព្រះមហាក្សត្រនេះ នឹងដើរជុំវិញព្រះបរមរាជវាំង ហើយឈប់នៅតាមទីវត្តមួយចំនួន ដើម្បីឲ្យព្រះមហាក្សត្រ បានចុះចូលទៅក្នុងព្រះវិហារ ថ្វាយបង្គំព្រះពុទ្ធបដិមា ។

ក្បួនដង្ហែផ្លូវគោកចប់ហើយ គឺត្រូវដង្ហែតាមផ្លូវទឹក ។ នៅខាងមុខព្រះបរមរាជវាំង មាត់ទន្លេចៅប្រាយ៉ា ព្រះមហាក្សត្រីថ្មី នឹងយាងឡើងលើព្រះទីនាំងទូកហង្សដ៏វែងមួយ ដើម្បីធ្វើដំណើរតាមទន្លេចៅប្រាយ៉ា ហើយឆ្លងទៅវត្តអារុណ រ៉ាត់ឆាវ៉ារ៉ារាម នៅត្រើយម្ខាងទៀត នៃទន្លេចៅប្រាយ៉ា ។
ចំណែកនៅថ្ងៃទី៣ចុងក្រោយ ព្រះមហាក្សត្រថ្មី យាងចេញមកខាងក្រៅបង្កាន់ដៃនៃប្រាសាទស៊ូថាយសុវណ្ណ ដើម្បីថ្លែងរាជសារ ទៅកាន់នាម៉ឺនសព្វមុខមន្ត្រី និងប្រជានុរាស្ត្រ។ បន្ទាប់មកទៀតមហាក្សត្រថ្មី បើកសវនាកា រទទួលជួបអង្គទូតបរទេសនានា ដែលចូលសម្តែងគារវកិច្ច នៅឯព្រះទីនាំងចក្រីមហាប្រាសាទ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺគ្រឿងកេតនភណ្ឌទាំង៥ នៃមហាក្សត្រថៃតាមទំនៀមបុរាណ គឺមានគ្រឿងកេតនភណ្ឌជាច្រើន ដែលអមនឹងព្រះរាជបល្ល័ង្កដែលជានិមិត្តរូបនៃអំណាចរបស់មហាក្សត្រថៃ ។ គ្រឿងកេតនភណ្ឌអមព្រះរាជបល្ល័ង្កថៃ គឺមានតាំងតែពីការចាប់បដិសន្ធិ នៃរាជវង្សចក្រីនៅឆ្នាំ១៧៨២ នៅរាជវាំងក្រុងទេពមហានគរ ដែលកាលនោះ គឺព្រះចៅរាមាទី១ បានឡើងគ្រងរាជ្យ ។
គ្រឿងកេតនភណ្ឌទាំង៥ មាន៖ទី១ មកុដរាជឈ្មោះថា«ព្រះមហាភិឆ័យមង្គត់» និមិត្តរូបធំជាងគេបង្អស់នៃអំណាចមហាក្សត្រ។ មកុដនេះកម្ពស់ ៦៦សង្ទីមែ៉ត្រ ទម្ងន់៧,៣ គីឡូក្រាម មានដាំត្បូង និងពេជ្រជាច្រើនគ្រាប់ ។ ពេជ្រធំជាងគេស្ថិតនៅលើកំពូល បានមកពីក្រុងកាល់គូតា ប្រទេសឥណ្ឌា ដែលពេជ្រនេះក៏មានឈ្មោះដែរ ហៅថា ព្រះមហាវិឆៀនម៉ានី ។

ទី២ គឺព្រះខ័នរាជ មានឈ្មោះថា «ព្រះសែងខ័នឆ័យស៊ី» ។ ព្រះខ័ននេះ តំណាងឲ្យជោគជ័យនៃការការពារព្រះនគរ និងប្រជានុរាស្ត្រថៃ ។
ទី៣ គឺដំបងរាជ្យ មានឈ្មោះថា ឋានព្រះកន ។ ដំបងនេះធ្វើពីឈើ ស្រោបមាស ប្រវែង១១៨សង្ទីម៉ែត្រ ហើយតំណាងឲ្យភាពទៀងត្រង់ នៃព្រះមហាក្សត្រ ចំពោះព្រះរាជនគរ។
ទី៤ គឺផ្លិតរាជ្យឈ្មោះថា «វ៉ាឡាវីឆានី»។ ផ្លិតរាជ្យធ្វើពីស្លឹកត្នោត លំអដោយមាស និងគ្រាប់ត្បូងមានតម្លៃ ហើយអមដោយប្រដាប់បក់មួយទៀត ដែលធ្វើពីរោមដំរី និងមានដងស្រោបមាស ។ កេតនភណ្ឌទាំង២នេះ គឺជានិមិត្តរូបនៃការបក់ផាត់ក្តីទុក្ខអពមង្គល និងកលិយុគ ឲ្យបរវៀសចៀសឆ្ងាយពីព្រះនគរ។

ទី៥ គឺទ្រនាប់ជើង ដែលមានឈ្មោះថា«ឆាឡង ព្រះបាតជើង ង៉ន» ។ ទ្រនាប់ជើងនេះ ធ្វើពីសន្លឹកមាសសុទ្ធ លំអដោយគ្រាប់ត្បូង និងគ្រាប់ពេជ្រ។ នៅក្នុងពេលគ្រងរាជ្យ គឺអាចារ្យបារគូព្រហ្មញ្ញសាសនា យកទ្រនាប់ជើងនេះ បំពាក់ថ្វាយមហាក្សត្រ ដែលគង់លើរាជបល្ល័ង្ក។
ព្រះខ័នរាជ្យយកពីខេត្តសៀមរាប ?
ក្នុងចំណោមគ្រឿងកេតនភណ្ឌទាំងនេះ គឺមានព្រះខ័នរាជ្យមួយដែលយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ ថាព្រះខ័នរាជ្យនេះ ត្រូវបានគេយកពីខេត្តសៀមរាប នៅចុងសតវត្សទី១៨ ។ កាសែត Bangkok Post ក៏ដូចជាកាសែត The Nation ដែលផ្អែកលើឯកសារស្រាវជ្រាវ Bencharajakakuthaphan: The Quintet of Royal Regalia បានសរសេរថា តួព្រះខ័នដែលមានប្រវែង៨៩,៨ សង្ទីម៉ែត្រ និងទម្ងន់ ១,៣ គីឡូក្រាម គឺត្រូវបានរកឃើញ ដោយអ្នកនេសាទខ្មែរម្នាក់ នៅក្នុងបឹងមួយ នៅខេត្តសៀមរាបអំឡុងឆ្នាំ១៧៨០ ជាង ។

កាលនោះប្រទេសកម្ពុជាមួយចំហៀងខាងលិច ស្ថិតក្រោមចំណុះសៀម មួយចំហៀងខាងកើត ស្ថិតក្រោមចំណុះអាណាម ។ ខេត្តសៀមរាប ស្ថិតក្រោមការគ្រប់គ្រងរបស់សៀម ម្ល៉ោះហើយព្រះខ័ននេះត្រូវបានគេបញ្ជាឲ្យយកទៅថ្វាយស្តេចសៀម ព្រះចៅរាមាទី១ នៅបាងកក ។ ឯកសារស្រាវជ្រាវដដែលលើកឡើងពីពាក្យតំណាល តៗគ្នាថា ព្រះខ័នរាជ្យនេះ ពេលដែលធ្វើដំណើរជិតចូលដល់វាំងបាងកក បានបញ្ចេញពន្លឺរស្មីចំនួន៧ដង ភ្លឺផ្លេកទៅលើផ្ទៃមេឃ ធ្វើឲ្យគ្រប់គ្នាកោតខ្លាចគោរព។ ក្រោយមកទៀតទើបព្រះចៅរាមាទី១ បានបញ្ជាឲ្យគេស្រោមធ្វើពីមាស និងដាំត្បូង ដើម្បីស៊ករក្សាព្រះខ័ននេះរៀងរហូតមក ៕

ចែករំលែកព័តមាននេះ