ទីក្រុងម៉ូស្គូ៖ ប្រេសិតពិសេសរបស់លោកត្រាំទទួលបន្ទុកខាងការចរចាបញ្ហាអ៊ុយក្រែន លោកស្ទីវវីតខូស (Steve Witkoff) បានទៅដល់ទីក្រុងម៉ូស្គូហើយនៅល្ងាចនេះ ។ តាមពិត នេះមិនមែនជាលើកទី១ទេដែលលោកស្ទីតវីតខូសអញ្ជើញទៅម៉ូស្គូ។ គ្រាន់តែថាបេសកកម្មរបស់គាត់មិនសូវបានលទ្ធផលដូចការរំពឹងទុកទេ។ និយាយទៅដូចចាក់ទឹកលើក្បាលទា។ ភាគីជម្លោះទាំង២និយាយស្ដាប់គ្នាមិនសូវបានទេប្រៀបដូចចាប់ក្ដាមដាក់ចង្អេរដូច្នោះដែរ។
ឥឡូវនេះ គេកំពុងរង់ចាំអ៊ុតលទ្ធផលនៃបេសកកម្មការទូតរបស់គាត់លើកនេះទៀតថាតើនឹងមានលទ្ធផលបែបណាខ្លះ។ ការធ្វើដំណើរទៅដល់ម៉ូស្គូលើកនេះក៏កើតឡើងបន្ទាប់ពីរុស្ស៊ីទើបតែពន្លះអ៊ុយក្រែនមួយប្រាវយ៉ាងចាស់ដៃកណ្ដាលរដ្ឋធានីកៀវបណ្ដាលឱ្យស្លាប់មនុស្ស១២នាក់ និងរបួសរាប់សិបនាក់។ ការវាយប្រហារលើកនេះមានសភាពធំធេងមែនទែនដល់ថ្នាក់ត្រាំមិនអាចស្ងាត់មាត់តទៅទៀតទេ។ ត្រាំផ្ដាំទៅពូទីនថាគួរណាស់បញ្ឈប់ការវាយប្រហារទៅលើទីក្រុងកៀវព្រោះគ្មានប្រយោជន៍សម្រាប់រុស្ស៊ីទេ។
ទោះជាយ៉ាងនេះក្ដី ត្រាំយល់ថារុស្ស៊ីបន្ធូរដៃអស់ប៉ុណ្ណឹងហើយ កុំអីប្រទេសអ៊ុយក្រែនត្រូវរុស្ស៊ីវាយយកទាំងស្រុង។ ត្រាំចាត់ទុកថានេះជាការធ្វើសម្បទានដ៏ធំបំផុតរបស់រុស្ស៊ីចំពោះអ៊ុយក្រែន។ លោកស្ទីវវីតខូសបានក្លាយជាមនុស្សដ៏លេចធ្លោម្នាក់ក្នុងនាមជាអ្នកនាំពាក្យនាំសម្ដីទៅមករវាងវ៉ាស៊ីនតោន និងម៉ូស្គូ។ គិតទាំងលើកនេះទៀត វីតខូសជួបលោកពូទីនចំនួនបីដង។
កាលពីយប់មិញ ត្រាំសរសេរនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) របស់គាត់ថា «វ៉្លាឌីមៀ (ពូទីន) សូមបញ្ឈប់ការវាយប្រហារជាបន្ទាន់»។ ទោះបីសង្គ្រាមដ៏បង្ហូរឈាមនេះនៅតែបន្តកើតឡើងយ៉ាងក្ដៅគគុក ប៉ុន្តែត្រាំជឿជាក់ថាដំណើរការចរចាសន្តិភាពរីកចម្រើនទៅមុខ។ កាលពីមុននេះ គាត់ថាបើគ្មានការរីកចម្រើនដូចការរំពឹងទុកទេ គាត់នឹងដកខ្លួនថយ។
ត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាពីនេះទៅមុខពីរបីថ្ងៃទៀតជាដំណាក់កាលសំខាន់មែនទែន។ គម្រោងជួបគ្នានឹងចាប់ផ្ដើមឆាប់ៗនេះ។ គាត់គិតថាអាចនឹងមានកិច្ចព្រមព្រៀងជាមួយគ្នាខណៈដែលភាគីទាំង២ (អាមេរិក និងរុស្ស៊ី) កំពុងខិតជិតគ្នាកាន់តែខ្លាំង។ ត្រាំធ្លាប់យល់ថារុស្ស៊ីស្រួលនិយាយគ្នាទេ ណាស់តែលោកហ្សេឡិនស្គីទៅវិញទេដែលពិបាកនិយាយគ្នា។
កាលពីមុននេះ ត្រាំរិះគន់ហ្សេឡីនស្គីយ៉ាងចាស់ដៃ។ ត្រាំថាហ្សេឡិនស្គីចង់ឃើញសង្គ្រាមដ៏បង្ហូរឈាមនេះបន្តឆាបឆេះ និងចង់ឃើញការកាប់សម្លាប់បន្តកើតមាន។ គាត់ថ្លែងដូច្នេះបន្ទាប់ពីអាមេរិកត្រៀមទទួលស្គាល់តំបន់គ្រីម៉េជាទឹកដីរុស្ស៊ីដោយស្របច្បាប់ដើម្បីបញ្ចុះបញ្ចូលឱ្យរុស្ស៊ីទទួលយកកិច្ចព្រមព្រៀងសន្តិភាព។ នៅពេលដឹងរឿងនេះ ហ្សេឡិនស្គីប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ។ ហ្សេឡិនស្គីថាការធ្វើដូច្នេះជាការដើរហួសបន្ទាត់ក្រហម និងជាការធ្វើផ្ទុយពីរដ្ឋធម្មនុញ្ញអ៊ុយក្រែន។ ដូច្នេះ គេកំពុងរង់ចាំអ៊ុតជាបន្តទៀតដើម្បីចង់ដឹងថាតើលោកត្រាំនឹងដកចេញនូវសំណើពាក់ព័ន្ធនឹងគ្រីម៉េនេះឬយ៉ាងណា៕
ចែករំលែកព័តមាននេះ