ខេត្តមណ្ឌលគិរី ៖ ឡើងកាន់តំណែងមិនទាន់ប៉ុន្មានខែផង លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានមន្ត្រីថ្នាក់ក្រោមធ្វើលិខិតប្តឹងទៅរដ្ឋមន្ត្រី ដោយកើតទុក្ខមិនសុខចិត្តរឿងផ្លាស់ប្តូរតួនាទីនិងភារកិច្ច ដែលលិខិតនេះបានធ្វើឡើងកាលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានភ្ជាប់ស្នាមមេដៃមន្ត្រីបរិស្ថានចំនួន១៩នាក់ ។
យោងតាមលិខិតដែលកោះសន្តិភាពទើបទទួលបាននាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានខ្លឹមសារថា យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមគោពជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីមេត្តាជ្រាបថា យើងខ្ញុំទាំងអស់គ្នាមានការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបតែងតាំងថ្មី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ តាមអនុក្រឹត្យ លេខ ៦២ / អនក្រ.តត ។
១.មានការបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំមន្ទីរ នាំឲ្យមានការថ្នាំងថ្នាក់ពីថ្នាក់ដឹកនាំ ដោយសារតែ លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរមួយរូប ត្រូវទទួលបន្ទុកដឹកនាំដែនជម្រកសត្វព្រៃចំនួន០៥ដែន ហើយ ថែមទាំងដឹកនាំការិយាល័យចំណេះដឹងបន្ថែមមួយទៀត។
ក្រោយពីបានទទួលសិទ្ធិជាអនុប្រធានមន្ទីរទទួល បន្ទុកដែនជម្រករួចមក លោកអនុប្រធានមន្ទីរបានធ្វើការដោះដូរដាក់មន្ត្រីតាមទំនើងចិត្ត ដោយមិនមានកិច្ច ប្រជុំឆ្លងយោបល់ពីប្រធានការិយាល័យដែននោះទេ។ ការដឹកនាំបែបនេះ ជាការរំលោភបំពានសិទ្ធិអំណាច របស់ការិយាល័យរដ្ឋបាល ធនធានមនុស្សនិងហិរញ្ញវត្ថុ។
២.លោកប្រធានមន្ទីរ ធ្វើសំណើទៅរដ្ឋបាលខេត្តស្នើសុំផ្លាស់ប្តូរមន្ត្រីពីការិយាល័យមួយទៅ ការិយាល័យមួយ ទាំងដែលមិនបានប្រជុំវាយតម្លៃពីថ្នាក់ដឹកនាំមន្ទីរ ទាំងដែលគាត់មិនទាន់បានស្គាល់ឈ្មោះ នឹងស្គាល់មន្ត្រីអស់ផង ដោយមិនស្របតាមនិតិវិធីដែលផ្ទុយពីគោលការណ៍វិភាគមុខងារ របស់ក្រសួងបរិស្ថាន និងក្រសួងមុខងារសាធារណៈ ជាក់ស្តែងដូចជាករណី ដកលោក ញឹម វណ្ណៈ ពីអនុប្រធានការិយាល័យដែន ជម្រកសត្វព្រៃភ្នំព្រេច លំផាត់ ឲ្យមកបម្រើការងារជាអនុប្រធានការិយាល័យគាំពារបរិស្ថានវិញ។
៣.ការដឹកនាំបែបចាប់កំហុសមន្ត្រី ដូចជាការចុះទៅតាមដែននិមួយៗ លបទៅដោយមិនបានប្រាប់មន្ត្រី ឬប្រធានការិយាល័យដែន ដើម្បីឲ្យមានការចូលរួម ជាក់ស្តែងពេលគាត់ចុះទៅដែនស្រែពក បានជួបក្រុមហ៊ុន ឃុនយ័ន្តកំពុងសិក្សារុករករ៉ែមាស ដែលជាក្រុមហ៊ុនមានច្បាប់ ប្រធានមន្ទីរប្រើពាក្យថា ចុះពិនិត្យទីតាំងរ៉ែមាស អនាធិបតេយ្យ ដោយមិនបានសួរនាំព័ត៌មានពីមន្ត្រីការិយាល័យស្រែពកណាមលៀរថា ក្រុមហ៊ុននោះមាន ច្បាប់ ឬអត់ច្បាប់ ការដឹកនាំរបៀបនេះហាក់បីដូចជាមន្ត្រីតាមការិយាល័យដែននិមួយៗ មិនចង់សហការណ៍ ជាមួយគាត់។
៤.ការអនុវត្តច្បាប់មិនស្របតាមក្រមបរិស្ថាន ជាក់ស្តែងមានការដោះលែងជនសង្ស័យចំនួន២នាក់ និងរថយន្តសាំងយ៉ុងចំនួន១គ្រឿង ពាក់ព័ន្ធនិងការដឹកជញ្ជូនសត្វព្រៃ(សត្វពង្រូល)។
៥.ការប្រើប្រាស់មន្ត្រីមិនស្របទៅតាមច្បាប់សហលក្ខខន្តិកៈមន្ត្រីរាជការស៊ីវិល ដោយមានបុគ្គលម្នាក់ ពាក់ឯកសណ្ឋានមន្ត្រីឧទ្យានុរក្ស ដើរធ្វើការជាមួយមន្ត្រីឧទ្យានុរក្សនៅក្នុងខេត្តមណ្ឌលគិរី ដែលមិនមែនជា មន្ត្រីឧទ្យានុរក្សក្របខណ្ឌរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។យើងខ្ញុំទាំងអស់គ្នាមានសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រី និងមានកិច្ចអន្តរាគមន៍លើការគ្រប់គ្រងដឹកនាំ របស់លោកប្រធានមន្ទីរថ្មីរូបនេះ ដោយសាតែមន្ត្រីមួយចំនួននៅតាមតំបន់ការពារធម្មជាតិ ហាក់មិនពេញចិត្ត និងគ្មានទំនុកចិត្តក្នុងការដឹកនាំរបស់គាត់។
ទោះជាយ៉ាងណាករណីខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឡើយ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ តាមរយៈសារទំនាក់ទំនងអេឡិចត្រូនិច ដោយគ្មានការឆ្លើយតប ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕


ចែករំលែកព័តមាននេះ