ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ប្រកាស​រង​ចាំ​មើល​នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​ក្តី​សង្ឃឹមថា នៅ​ប្រទេស​ថៃ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​ក្តី​សង្ឃឹមថា នៅ​ប្រទេស​ថៃ នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី ហើយ​ចេញ​មក ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​កម្ពុជា ព្រោះថា នៅ​ពេល​នេះ មិនដឹង​ថា ត្រូវ​ចរចា​ជាមួយ​អ្នក​ណា ? អំណាច​ពិត​ប្រាកដជា​អ្នក​ណា ? ។

ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​សួរសុខទុក្ខ​ជនភៀសសឹក នៅ​ទីទួល​សុវត្ថិភាព វត្ត​ពោធិ ៥០០០​ដើម នា​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ខេត្តព្រះវិហារ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ខណៈ​នេះ​កម្ពុជា កំពុង​រង់ចាំ​មើល​នាយក​រដ្ឋមន្ដ្រី​ថ្មី​របស់​ថៃ ដែល​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​នៅ​ពេល​ខាង​មុខ ដើម្បី​ដោះស្រាយ ករណី​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា ព្រោះ​ការ​ដោះស្រាយ​បញ្ហា​នេះ លុះត្រាតែ​មាន​នាយក​រដ្ឋមន្ដ្រី​ថៃ​ថ្មី ទើប​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បាន ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​សង្ឃឹម​រង់ចាំ​ថា នៅ​ប្រទេស​ថៃ នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី ហើយ​ចេញ​មក ដើម្បី​នឹង​ដោះស្រាយ​ជា​កម្ពុជា ព្រោះ​នៅ​ពេល​នេះ យើង​មិនដឹង​ថា ត្រូវ​ចរចា​ជាមួយ​អ្នក​ណា អំណាច​ពិតប្រាកដ គឺជា​អ្នក​ណា តើ​ជា​ទ័ព ឬ​ក៏​ជា​បក្សនយោបាយ ឬ​ក៏​អ្នក​នៅ​ក្រោយ​បក្សនយោបាយ ឬ​ក៏​ជា​នាយក​រដ្ឋមន្ត្រី វា​អត់​ដឹង​ថា អ្នក​ណា​ជា​អ្នកមាន​អំណាច​ពិតប្រាកដ​» ។

សម្តេច បាន​បញ្ជាក់​បន្ថែម​ថា ស្ថានភាព​នៅ​ថៃ បច្ចុប្បន្ន​នេះ អាច​បង្ហាញ​បាន​ថា លុះត្រាតែ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី ចូល​កាន់​តំណែង​នា​ពេល​ខាង​មុខ ទើប​អាច​នឹង​មាន​សុ​ឆន្ទៈ​ដោះស្រាយ​ជាមួយ​កម្ពុជា ហើយ​កម្ពុជា​បាន​ត្រៀមខ្លួន​ហើយ ក្នុង​ការ​ធ្វើការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​ក្រោយ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ទៀត​ថា មិនមែន​តែ​កម្ពុជា​ទេ ដែល​រំពឹង​ថា កម្ពុជា​នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី សូ​ម្បី​តែ​ប្រជាជន​ថៃ ក៏​ត្រូវការ​មាន​មេដឹកនាំ​ថ្មី ផង​ដែរ ។

ទន្ទឹម​គ្នា សម្តេច​តេ​ជោ សង្កត់ធ្ងន់​ថា កម្ពុជា​មិន​មើលទៅ​ថៃ និង​ទុក​ថៃ ជាស​ត្រូវ​នោះ​ទេ ហើយ​កម្ពុជា ក៏​មិន​ដែល​គាំទ្រ​ខាង​បក្ស​អាវ​ក្រហម ឬ​អាវ​លឿង ឬ​បក្ស​ណា​នោះ​ទេ គឺ​កម្ពុជា​ធ្វើការ​គ្រប់​ជាមួយ​តួអង្គ​ទាំងអស់ ដែល​ចូល​មក​គ្រប់គ្រង​ប្រទេស​ថៃ ។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ផង​ដែរ​ថា ក្នុង​ជំនាន់​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចារ ដែល​បាន​ដឹកនាំ​ថៃ រយៈពេល​ជិត​១០​ឆ្នាំ ដែល​កាលនោះ ទំនាក់ទំនង​កម្ពុជា​-​ថៃ មិន​ដែល​មានរឿង​អ្វី​កើតឡើង​នោះ​ទេ ហើយ​បាន​ឈាន​ទៅ​ការ​ភ្ជាប់​ទំនាក់ទំនង​ខ្ពស់​បំផុត​។ បើ​ទោះបីជា​លោក​ចេញពី​យោធា​ក៏​ដោយ ប៉ុន្តែ​លោក​បាន​ដឹកនាំ​ប្រទេស និង​បង្កើន​ទំនាក់ទំនង​សាមគ្គីភាព​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ផ្ទុយ​ពី​ប​ច្ចុ​ប្ប​នេះ ប្រទេស​ថៃ មាន​បញ្ហា​ជាមួយ​គ្រប់​ប្រទេស​ជាប់​របង​ទាំងអស់ ដែល​រួម​មាន​បញ្ហា​ព្រំដែន​ជាមួយ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ឡាវ ហើយ​បច្ចុប្បន្ន​នេះ ក៏​មាន​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​ទៀត ដែល​ព្រំដែន​ត្រូវ​បាន​បិទ​ជា​ឯកតោភាគី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ