ទីក្រុងរ៉ង់ហ្គូន៖ ប្រមុខដឹកនាំយោធាមីយ៉ាន់ម៉ា ឧត្ដមសេនីយ៍មីនអុងឡាំង ប្រកាសច្បាស់ៗហើយថាលោកនឹងរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅខែធ្នូឆ្នាំ២០២៥ ឬយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៦។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា។ ដូច្នេះអាជ្ញាធរត្រូវតែប្រញឹកដៃបន្តិចទើបបានព្រោះនៅសល់ពេលត្រឹមតែកន្លះឆ្នាំទៀតប៉ុណ្ណោះ។ របបសឹកធ្លាប់បានអំពាវនាវទៅក្រុមប្រឆាំងប្រដាប់អាវុធទាំងឡាយសូមទម្លាក់អាវុធចុះ ហើយងាកមកដណ្ដើមអំណាចគ្នាតាមរយៈសន្លឹកឆ្នោតវិញ។ យោងតាមសារព័ត៌មានរបស់រដ្ឋក្លូបល ញូស៍ ឡាយ (The Global New Light) លោកមីនអុងឡាំងបានថ្លែងនៅក្នុងមហាសន្និបាតកាលពីថ្ងៃពុធថាលោកនឹងរៀបចំការបោះឆ្នោតនៅខែធ្នូឆ្នាំនេះ ឬខែមករាឆ្នាំក្រោយ។ លោកថំ អេនឌ្រូ (Tom Andrews) ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថ្លែងថារបបសឹកកំពុងព្យាយាមបង្ហាញទៅសហគមន៍អន្តរជាតិថាខ្លួនកាន់អំណាចដោយស្របច្បាប់ និងមានធម្មនុញ្ញភាពតាមរយៈការបោះឆ្នោត។ លោកយល់ថានៅក្នុងស្ថានភាពនេះមិនគួរប្រញាប់រៀបចំការបោះឆ្នោតពេកទេព្រោះនៅមានបញ្ហារញ៉េរញ៉ៃ ចាប់ដាក់ឃុំ ធ្វើទារុណកម្ម និងសម្លាប់ក្រុមអ្នករិះគន់។ យោធាមីយ៉ាន់ម៉ាបានរបូតទឹកដីមួយចំនួនទៅក្នុងដៃរបស់ពួកឧទ្ទាម ឬក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ។ រាល់ថ្ងៃនេះកុំតែបានរុស្ស៊ី និងចិនជួយទប់មិនឱ្យរបបនេះដួលរលំដោយផ្ដល់ជាអាវុធយុទ្ធភ័ណ្ឌ និងជំនួយសេដ្ឋកិច្ច។ កុំអីពួកគេ (របបសឹក) ក៏ប្រឈមនឹងបញ្ហាមិនតិចនោះទេ។ នៅក្នុងស្ថានភាពប្រទាញប្រទង់គ្នាបែបនេះ ការបោះឆ្នោតមិនអាចរៀបចំឡើងគ្រប់ទីកន្លែងបានឡើយ។ លទ្ធផលធ្វើជំរឿនកាលពីឆ្នាំ២០២៤បង្ហាញថារបបសឹកមិនអាចប្រមូលទិន្នន័យពីប្រជាជន១៩លាននាក់បានទេនៅក្នុងចំណោមប្រជាជនសរុប៥១លាននាក់។ លោកមីនអុងឡាំងថ្លែងថាយើងកំពុងត្រៀមលក្ខណៈសម្បត្តិដើម្បីរៀបចំការបោះឆ្នោតឱ្យបានទូលំទូលាយតាមដែលអាចធ្វើទៅបាន (រៀបចំបានប៉ុណ្ណាយកប៉ុណ្ណឹង)។ ចំណុចដែលសំខាន់បំផុតនៅត្រង់ថាយើងត្រូវតែធានាថាការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌៕
ចែករំលែកព័តមាននេះ