ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ដាំ​ស្តារ​ព្រៃកោងកាង​ឡើង​វិញ​ គឺ​ដើម្បី​បង្កើន​​គម្រប​​បៃតង​ជូន​មាតុភូមិ

1 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តម ភាវ សុ​វុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​គណៈ​កម្មាធិការ​គ្រប់គ្រង​គម្រោង CCA4CS ថ្លែង​ថា ការ​ដាំ​ដុះ​ស្តារ​ព្រៃកោងកាង​ឡើង​វិញ…

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តម ភាវ សុ​វុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​គណៈ​កម្មាធិការ​គ្រប់គ្រង​គម្រោង CCA4CS ថ្លែង​ថា ការ​ដាំ​ដុះ​ស្តារ​ព្រៃកោងកាង​ឡើង​វិញ គឺ​ដើម្បី​បង្កើន​គម្រប​បៃតង ជួយ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក៏​ដូច​ជា​ការ​វិនិយោគ​ជូន​បងប្អូន​ក្នុង​មូលដ្ឋាន ។

ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​ថ្លែង​បែប នេះ នៅ​ក្នុង​ពិធី​ដាំ​ដើម​កូន​កោង​កាង​ដើម្បី «​រួម​គ្នា​បង្កើន​គម្រប​បៃតង​ជូន​មាតុភូមិ​យើង​» នៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ។ ពិធី​នេះ រៀបចំ​ឡើង​ដោយ​អង្គការសហប្រជាជាតិ​សម្រាប់​លំនៅ​ឋានមនុស្ស​ជាតិ​(UN-Habitat)​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព អាជ្ញាធរ​មូលដ្ឋាន ប្រជា​សហគមន៍ និង​មន្ត្រី​រដ្ឋបាល​ជលផល ។

ឯកឧត្តម ភាវ សុ​វុ​ទ្ធី បាន​សាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មូលដ្ឋាន រហូត​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ដែល​ធ្វើការ​ដាំ​ដុះ​ស្តារ​ព្រៃកោងកាង​ជា​បន្តបន្ទាប់ ។ ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ដែនដី បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន ការ​កាន់កាប់ និង​ការ​រុករាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់ រួម​គ្នា​ការពារ​គម្រប​បៃតង ត្រូវ​ដាំ​ដុះ​ព្រៃកោងកាង​ឲ្យ​បានជា​អតិបរមា មាន​តុល្យភាព​ក្នុង​ការ​ស្រូប​យក​ឧស្ម័ន​ផ្ទះ​កញ្ចក់ ។​ទាក់ទង​នឹង​ភាព​បៃតង ក្រសួងបរិស្ថាន​បាន​ធ្វើ​យុទ្ធនាការ​ពន្លក​បៃតង ដោយ​បង្កើត​ឲ្យ​មាន​ថ្នាល​បណ្តុះ​កូន​ឈើ​តាម​តំបន់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​ដាំ​កូន​កោង​កាង​នៅ​ទី​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ស្តារ​ព្រៃកោងកាង​នៅ​ក្នុង​តំបន់ រួមចំណែក​ក្នុង​យុទ្ធនាការ​ពន្លក​បៃតង ។ គោលដៅ​សំខាន់ គឺ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ព្រោះ​ព្រៃកោងកាង​គឺជា​អង្គរក្ស​សមុទ្រ​មួយ​ដែល​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ផង​ដែរ ។

លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​លើក​ឡើង​ថា នៅ​ទីតាំង​នេះ​មាន​ព្រៃកោងកាង ២ ៨០០​ហិ​កតា ក្រៅពី​នេះ​សុទ្ធតែ​ជា​ផ្ទៃ​ទឹក សម្រាប់​អ្នកនេសាទ​ជា​លក្ខណៈ​​គ្រួសារ​មាន​ប្រមាណ ៥០០​នាក់ ។ នៅ​ទីតាំង​នេះ បាន​ដាំ​កូន​កោង​កាង​ឡើង​វិញ​ជាង៥០ ០០០​ដើម​រួច​ហើយ ។

យើង​នៅ​សល់​កូន​កោង​កាង​ជាង ១០​ម៉ឺន​ដើម ដាំ​បន្ត​នៅ​សហគមន៍​ជម្ពូ​ខ្មៅ និង​សហគមន៍​បែក​ក្រង់​បន្ថែម​ទៀត ។ ការ​ដាំ​ជា​រឿង​មួយ ក៏​ប៉ុន្តែ​ការ​ថែទាំ​ជា​រឿង​សំខាន់​ដែល​ទាមទា​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ។ លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ខេត្ត ចាត់​ទុក​សកម្មភាព​នេះ គឺជា​ការ​ការពារ​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី បង្កើត​ជា​ជម្រក​សម្រាប់​សត្វ​សមុទ្រ ។

ដើម​កោង​កាង​មាន​សមត្ថភាព​បំពេញ​តួនាទី​រំលាយ​កាបូន​ក្នុង​ខ្យល់ ដោយ​កាត់​បន្ថយ​ការ​បំពុល​អាកាស និង​អភិរក្ស​បរិស្ថាន កោង​កាង អាច​អភិវឌ្ឍន៍​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ សម្រាប់​ទេសចរ​ជីវចម្រុះ និង​ការ​អភិរក្ស​ធម្មជាតិ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ