ខេត្តបន្ទាយមានជ័យ ៖ បាតុភាពមួយបានផ្ទុះឡើង ក្រោយពលរដ្ឋខ្មែរ២នាក់ ត្រូវទាហានថៃឃាត់ខ្លួនពេលតវ៉ានៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃមិនព្រមបើកច្រកឲ្យពួកគាត់បានចេញមកប្រទេសខ្លួនវិញ ។

យោងតាមសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយថា ស្ដ្រីខ្មែរ២នាក់ដែលជាពលករធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ានៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ដើម្បីបានចូលមកទឹកដីកម្ពុជា ។ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឲ្យតាំងពីព្រឹករហូតដល់ម៉ោងជាង៧យប់ ។

មិនទាន់ដឹងថា អាជ្ញាធរខ្មែរនឹងជួយអន្តរាគមន៍ទៅភាគីថៃ ដើម្បីឲ្យដោះលែងស្ត្រីខ្មែរទាំង២នាក់នោះត្រឡប់មកវិញ ឬបែបណានោះទេ ។ បើតាមការបញ្ជាក់របស់អភិបាលខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាង១០០នាក់ទៀត មានទាំងក្មេងចាស់ប្រុសស្រី បានវិលពីតំបន់ផ្សេងៗនៅស្រុកថៃ មកកាន់ស្រុកកំណើតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

តាមពិតបងប្អូនខ្មែរយើងខ្លះ បានធ្វើដំណើរមកដល់ច្រកទ្វារខ្លងលឹក ជាប់នឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាំងពីព្រឹក តែទាហានថៃ មិនឲ្យឆ្លងចូលមកដីខ្មែរនោះឡើយ រហូតមកដល់ម៉ោងជាង៧យប់ទើបទាហានថៃយល់ព្រមបើកច្រកឲ្យបងប្អូនបានឆ្លងកាត់មកដីខ្មែរបាន ។

កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៥ បងប្អូនខ្មែរយើងជាង៦ពាន់នាក់ បានឆ្លងមកស្រុកខ្មែរវិញ ក្រោយភាគីកម្ពុជា-ថៃ បានយល់ព្រមទុកពេល៣ម៉ោង ដើម្បីបើកច្រក ហើយថ្ងៃនេះនៅតែមានបងប្អូនមកទៀត ដោយសារចេញមកមិនទាន់ពេល ។

សម្រាប់កម្ពុជា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានបញ្ជាក់ហើយថា បងប្អូនយើងមកប៉ុន្មាន គឺទទួលទាំងអស់ ហើយជួយដឹកជញ្ជូនទៅផ្ទះថែមទៀត ។
កម្លាំងនគរបាលខេត្តចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានចាត់បញ្ជូនកម្លាំងនគរបាលជំនាញកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់ ឯកឧត្តម អ៊ុំ រាត្រី បានចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកស្រុកកំណើត នៅច្រកអន្តរជាតិប៉ោយប៉ែតក្រោយពីអាជ្ញាធរថៃបិទច្រកព្រំដែន ។

កម្លាំងនគរបាលយើងបានចុះជួយការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជួយជញ្ជូនសម្ភារៈរបស់របរ និងដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ស្រុកកំណើត ខ្លះនៅខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តកែប ខេត្តបាត់ដំបង ខេត្តកំពង់ធំ កំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តតាកែវ និងខេត្តសៀមរាប ៕



ចែករំលែកព័តមាននេះ