ប្រទេសចិន ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានសម្តែងក្តីព្រួយបារម្ភចំពោះលទ្ធិគាំពារនិយម និងបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួបរួមគ្នាក្នុងការការពារពាណិជ្ជកម្មសេរី។ ការថ្លែងរបស់លោកកើតឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលត្រូវបានគេស្គាល់ថា «Summer Davos» រៀបចំឡើងនៅទីក្រុងធានជីន (Tianjin) ប្រទេសចិន ដោយមានការចូលរួមពីបណ្តាមេដឹកនាំនយោបាយ និងធុរកិច្ចមកពីជុំវិញពិភពលោក។
លោក លី បានសម្តែងការព្រួយបារម្ភដោយបានបញ្ជាក់ថា វិធានការការពារកំពុងតែកើនឡើងយ៉ាងខ្លាំង ដែលមួយផ្នែកដោយសារការបង្កើនភាពប៉ះទង្គិចពាណិជ្ជកម្មពិភពលោក ដោយសំដៅលើវិធានការពន្ធគយ ដែលបានអនុវត្តដោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានកត់សម្គាល់ថាក្នុងនោះក៏មានសកម្មភាពស្វែងរកការយល់ដឹងរួមគ្នា និងពង្រឹងកិច្ចសហការ ដើម្បីប្រឈមមុខនឹងហានិភ័យដែលមិនថិតថេរ និងមិនច្បាស់លាស់ទាំងនេះ។
នាយករដ្ឋមន្ត្រីចិនបានបង្ហាញក្តីសង្ឃឹមថា បណ្តាប្រទេសនានានឹងលើកកម្ពស់ទីផ្សារបើកចំហ និងកិច្ចសហប្រតិបត្តិការជានិច្ចកាល ស្របទៅតាមគោលការណ៍ទីផ្សារសេរី ដើម្បីការពារសកលភាវូបនីយកម្មសេដ្ឋកិច្ច និងបដិសេធការបែងចែក។
ទន្ទឹមជាមួយគ្នានោះ លោក លី ក៏បានរំលេចថា របកគំហើញប្រកបដោយនិរន្តរភាព និងភាពជឿនលឿននៃការបង្កើតថ្មីរបស់ប្រទេសចិន នឹងរួមបញ្ចូលភាពរឹងមាំថ្មីទៅក្នុងការអភិវឌ្ឍន៍សកល ដែលនឹងបង្កើនល្បឿនដល់កំណើនសេដ្ឋកិច្ចពិភពលោក។ ប្រទេសចិននឹងបន្តធ្វើឱ្យស៊ីជម្រៅលើសមាហរណកម្ម និងការតភ្ជាប់ទីផ្សារពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាមួយប្រទេសផ្សេងៗ។
លើសពីនេះទៀត លោកក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការស្ថាបនា នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ៕ ប្រភព ៖ NHK World និង Global Times
ចែករំលែកព័តមាននេះ