ទីក្រុងតេអេរ៉ង់៖ អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ព្រមានថាលើកនេះបើប្រទេសដទៃវាយប្រហារមកលើប្រទេសរបស់លោក លោកនឹងមិនអត់ឱនជាដាច់ខាត។ លោកនឹងវាយបកវិញកាន់តែខ្លាំងជាងលើកមុនទៅទៀត។ ការថ្លែងដូច្នេះបន្ទាប់ពីអ៊ីរ៉ង់ និងអ៊ីស្រាអែលវាយប្រហារគ្នាទៅវិញទៅមកកាលពីខែមិថុនា។ ក្រោយមកភាគីទាំង២ក៏ស្រុះស្រួលគ្នាវិញអមដោយការចុះហត្ថលេខាលើបទឈប់បាញ់។
លោកខាមេនីព្រមានថាបើពួកខ្មាំងចង់វាយប្រហារយើងម្ដងទៀត យើងត្រូវតែចាត់ការពួកគេឱ្យបានខ្លាំងក្លាជាងសង្គ្រាមរយៈពេល១២ថ្ងៃកាលពីពេលកន្លងមក។ សង្គ្រាមដែលចាប់ផ្ដើមដំបូងកាលពីថ្ងៃទី១៣ ខែមិថុនានោះក៏ចូលរួមដោយអាមេរិកផងដែរ។ អាមេរិកជួយទម្លាក់គ្រាប់បែកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប្រសាសន៍របស់លោកខាមេនី (Khamenei) ជាការឆ្លុះបញ្ចាំងឱ្យឃើញថារដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចហើយដើម្បីវាយបកវិញ។ មានន័យថាបទឈប់បាញ់មិនមែនជាការបិទបញ្ចប់អរិភាពនឹងគ្នានោះទេ។
នៅពេលភាពតានតឹងបន្តកើតមានកាន់តែខ្លាំងរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងអាមេរិក ការព្រមានរបស់អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់រំលេចឱ្យឃើញសន្តិភាពដ៏ផុយស្រួយនៅតំបន់មជ្ឈិមបូព៌ាដែលងាយនឹងធ្លាក់ចូលទៅក្នុងជម្លោះជាទីបំផុត។ តាមរយៈពាក្យសម្ដីទាំងនេះ អ៊ីរ៉ង់ខ្លួនឯងក៏ទទួលស្គាល់ផងដែរថាខ្លួនទទួលការគំរាមកំហែងពីខាងក្រៅមិនត្រឹមតែគំរាមកំហែងផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែគំរាមកំហែងដល់របបដឹកនាំរបស់ខ្លួនថែមទៀត។ ពោលគឺការប៉ុនប៉ងផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់តែម្ដង។
លោកខាមេនីចោទប្រកាន់ថាអ៊ីស្រាអែលកំពុងរិះរកវិធីធ្វើឱ្យចុះខ្សោយប្រព័ន្ធដឹកនាំនៅអ៊ីរ៉ង់ដោយដាក់ផែនការតាមកម្ចាត់ឥស្សរជនសំខាន់ៗ និងវាយប្រហារទីតាំងសំខាន់ៗនៅក្នុងសង្គ្រាមកាលពីខែមិថុនា។ លោកថ្លែងថានោះជាការប៉ុនប៉ងធ្វើឱ្យមានភាពវឹកវរជ្រួលច្របល់ និងធ្វើឱ្យមនុស្សចេញហែបាតុកម្មនៅតាមផ្លូវដើម្បីផ្ដួលរំលំរបបដឹកនាំនៅអ៊ីរ៉ង់។ លោកខាមេនីព្រមានថាអ្នកនៅពីក្រោយផែនការនេះត្រូវតែផ្លាស់ប្ដូរជំហររបស់ខ្លួន។ បើមិនដូច្នេះទេ ពួកគេប្រឈមនឹងការកម្ទេចចោល៕
ចែករំលែកព័តមាននេះ