រាជធានីភ្នំពេញ ៖ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(អនឡាញ)ជាច្រើនកន្លែង នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងបឹងកេងកងទី៣ ខណ្ឌបឹងកេងកង ត្រូវបានកម្លាំងចម្រុះ នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្ក្រាបជាបន្តបន្ទាប់ដោយឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ជនជាតិចិន និងជនជាតិវៀតណាម សរុបចំនួន១០០នាក់ និងដកហូតឧបករណ៍ប្រព្រឹត្តបទល្មើសជាច្រើន ។
ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានធ្វើឡើងជាបន្តបន្ទាប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងដែរ ។
តាមព័ត៌មានឱ្យដឹងថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ធ្វើឡើងជាបន្តបន្ទាប់នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងនោះមូលដ្ឋានសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវគេដឹងថាធ្វើឡើងតាំងពីវេលាម៉ោង១២ថ្ងៃត្រង់ រហូតដល់ក្បាលព្រលប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយសមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរវីឡាចំនួន ៥នៅក្នុងបុរីអង្គរ ។
នៅក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសសរុប ចំនួន១០០នាក់ ក្នុងនោះ ជនជាតិចិនតៃវ៉ាន់ ចំនួន៧៥នាក់, ជនជាតិចិន ចំនួន ២៤នាក់, ជនជាតិវៀតណាម ចំនួន១នាក់ ព្រមទាំងដកហូតសម្ភារៈ ប្រព្រឹត្តបទល្មើសរួមមានៈទូរស័ព្ទ ៤៦៩គ្រឿង, កំព្យុទ័រ ចំនួន១២២ គ្រឿង , Laptop ចំនួន ០៥គ្រឿង, លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់),រថយន្តចំនួន ០២គ្រឿងនិងស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់ ។
បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ៕










ចែករំលែកព័តមាននេះ