រាជធានីភ្នំពេញ៖ នាងកម្មការិនីរោងចក្រកាត់ដេរម្នាក់បានជិះម៉ូតូ១គ្រឿងចេញពីធ្វើការពេលយប់តែម្នាក់ឯងតាមផ្លូវលំ លុះពេលទៅដល់កន្លែងស្ងាត់ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ស្ទាក់ផ្លូវ រួចស្ទុះទៅវាយ៣ដំបងឈើប្លន់យកម៉ូតូ ។ បន្ទាប់ពីប្លន់បានសម្រេចជនសង្ស័យខាងលើក៏បានជិះគេចខ្លួន ហើយនាងបានស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់នគរបានខណ្ឌដង្កោចេញពួនស្ទាក់ ហើយកន្លះម៉ោងក្រោយមក ក៏ចាប់ជនសង្ស័យបានទាំង២នាក់និងយកម៉ូតូបានវិញ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវលំចូលផ្ទះសំណាក់សុខុម ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះ រីម គីមហៀក អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ HI BLUE ស្នាក់នៅបន្ទប់លេខ៧ផ្ទះជួល ស្ថិតនៅក្នុងភូមិកើតហេតុខាងលើនោះដែរ ។
ដោយឡែកជនសង្ស័យម្នាក់ឈ្មោះ អ៊ុង ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ម្នាក់ទៀតឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រុមហ៊ុន ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ នាងកម្មការិនីរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ស៊េរីឆ្នាំ ២០២៥ ពាក់ស្លាកលេខភ្នំពេញ1GL-9383 ចេញពីធ្វើការរោងចក្រ HI BLUE ស្ថិតនៅភូមិកើតហេតុទៅផ្ទះជួលដែលនាងស្នាក់នៅ ។ លុះពេលទៅដល់ត្រង់កើតហេតុក៏ត្រូវជនសង្ស័យឈរកាន់ដំបងស្ទាក់ផ្លូវ រួចស្ទុះមកវាយលើនាងចំនួន០៣ដំបងឈើមូលប្លន់យកម៉ូតូជិះគេចខ្លួនឡើងតាមផ្លូវជាតិលេខ៣ ហើយភ្លាមៗនោះនាងក៏បានស្រែឆោឡោឲ្យគេជួយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។
នគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រកំពុងល្បាតតាមផ្លូវជាតិលេខ៣ឮក៏បានជួយអន្តរាគមន៍ដេញតាមជនសង្ស័យ និងស្រែកប្រកាសតាមវិទ្យុទាក់ទងទៅបណ្ដាគោលដៅនានាឲ្យជួយពួនស្ទាក់ ។ ខណៈនោះលោកវរៈសេន៍យ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឲ្យកម្លាំង អធិការដ្ឋាននគរ បាលខណ្ឌឲ្យចេញជួយស្ទាក់ភ្លាមៗ ហើយកន្លះម៉ោងក្រោយមកក៏ចាប់បាន ខណៈជនសង្ស័យទាំង២នាក់ជិះគេចខ្លួនដល់ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់នោះបាន កម្លាំងនគរបាលដកហូតបាន ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ1GL-9383 ដែលជារបស់នារីរងគ្រោះមកវិញ ។ និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅគ្មានស្លាកលេខ(ម៉ូតូចាស់) ដែលជនសង្ស័យជិះធ្វើសកម្មភាពប្លន់ផងដែរ ។ បន្ទាប់មកបាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ៕






ចែករំលែកព័តមាននេះ