រាជធានីភ្នំពេញ ៖ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវបន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងមិនដកថយឡើយ ។

ជាក់ស្តែង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាស នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖ យោងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យលោក-លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌទាំង១៤ លោកនាយការិយាល័យជំនាញព្រហ្មទណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារដឹកនាំចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើ.ង ឲ្យមានប្រសិទ្ធភាព ។

ណែនាំឲ្យតាមបណ្តាខណ្ឌធ្វើបច្ចុប្បន្នភាពឡើងវិញគ្រប់គ្រងមុខសញ្ញាក្មេងទំនើ.ងក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ត្រូវដឹកនាំកិច្ចប្រជុំវាយតម្លៃសភាពការណ៍ភូមិសាស្ត្រក្នុងមូលដ្ឋានលើបញ្ហាប្រឈមនៃបទល្មើសក្មេងទំនើ.ង និងរាយការណ៍សុំគោលការណ៍ជូនជំនាញ ដើម្បីសហការដោះស្រាយឲ្យទាន់ពេលវេលា ។

ត្រូវប្រើប្រាស់កម្លាំងគ្រប់ជំនាញបង្កើនយកចិត្តទុកដាក់ចេញល្បាតត្រួតពិនិត្យនៅគោលដៅភូមិសាស្ត្រលើបញ្ហាប្រឈមប្រមូលផ្តុំដោយក្មេងទំនើ.ងដែលមានហានិភ័យបង្កបទល្មើស ដើម្បីទប់ស្កាត់ និងបង្ក្រាប ។
បទល្មើសក្មេងទំនើ.ងត្រូវអនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ និងមិនដកថយឡើយ ។ បន្តសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលត្រូវចូលរួមចេញសហការទប់ស្កាត់និងបង្ក្រាបក្មេងទំនើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

ចែករំលែកព័តមាននេះ