ខេត្តប៉ៃលិនទទួលបានជ័យលាភីជា«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ នៅសាលប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍…
ខេត្តប៉ៃលិន ៖ នៅសាលប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍…
ខេត្តប៉ៃលិន ៖ នៅសាលប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស(Marianna Trias)ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោក ហែម ឫទ្ធី អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាសជាផ្លូវការ
«ក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ។

នេះជាជ័យលាភីមួយ ដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង ស្រុក ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ។ ជ័យលាភីនេះ ក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ ។

ការឈានទៅដល់ការទទួលបានជ័យលាភីនេះ លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានលើកឡើងថា អាជ្ញាធរខេត្តបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារី រួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យវាយតម្លៃជាក់ស្ដែង ។
លើសពីនេះ ជ័យលាភីនេះក៏បានមកពីការចូលរួមខិតខំប្រឹងប្រែងយ៉ាងសកម្ម ប្រកបដោយឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ អាជីវករនៃសេវាកម្មផ្សេងៗ រួមទាំងប្រជាពលរដ្ឋទាំងអស់ ។ ជាពិសេស ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ។

លោកអភិបាលរងខេត្តបន្តថា ដោយមានការយកចិត្តទុកដាក់ពីក្រសួងទេសចរណ៍ ដែលបានខិតខំជំរុញការងារទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅក្រុងប៉ៃលិន ព្រមទាំងបានរៀបចំកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារី រួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យវាយតម្លៃជាក់ស្ដែង លើការអនុវត្តគោលការណ៍ណែនាំ ស្ដីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាពេលកន្លងមក រហូតទទួលបានការគាំទ្រពីក្រសួងទេសទេសចរណ៍ និងអង្គការសុខភាពពិភពលោក(WHO) ក្នុងការប្រកាសទទួលស្គាល់ក្រុងប៉ៃលិន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលនេះ គួរជាទីមោទនៈ ។

លោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអបអរសាទរក្នុងការប្រកាសជ័យលាភីក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិទ្ធនាមដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្ដាក្រុង ស្រុក ខណ្ឌ ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ បានល្អប្រសើរ ។ ជ័យលាភី គឺមានការទទួលស្គាល់ដោយបណ្ដាទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ផងដែរ ។
ម្យ៉ាងវិញទៀត ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក៏មានការគាំទ្រពីអង្គការសុខភាពពិភពលោក(WHO) ដែលបានបញ្ជាក់ឱ្យឃើញថា ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះ មិនត្រឹមតែលើកកម្ពស់សុខុមាលភាពភ្ញៀវទេសចរ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការចូលរួមកាត់បន្ថយផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលថ្នាំជក់មកលើសង្គមជាតិទាំងមូលទៀតផង ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗរបស់ខេត្តប៉ៃលិន ដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌ ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ តំបន់កសិ-ទេសចរណ៍ និងតំបន់គោលដៅទេសចរណ៍ថ្មីៗ ស្របតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០២៦-២០៣០ ដែលទើបនឹងដាក់ឱ្យអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ។
ដូច្នេះ ការទទួលបានជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅថ្ងៃនេះ គឺជាមោទនភាព និងបានជាតម្លៃបន្ថែមខ្ពស់មួយទៀត សម្រាប់ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕

ចែករំលែកព័តមាននេះ