អាស៊ីអាគ្នេយ៍ ៖ អាជ្ញាធរឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី កាលពីថ្ងៃទី២៧ វិច្ឆិកា បានប្រមូលផ្ដុំការខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាជនដែលជាប់ក្នុងទឹកជំនន់ ដែលបណ្ដាលឲ្យមនុស្សច្រើនសិបនាក់ស្លាប់នៅអាស៊ីអាគ្នេយ៍រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
នៅកោះស៊ូម៉ាត្រា ជាកោះធំនៅឥណ្ឌូណេស៊ី តុល្យការទឹកជំនន់និងការបាក់ដី អ្នកស្លាប់កើនដល់១៩នាក់ និង២០នាក់បាត់ខ្លួន ។ នេះជាការគូសបញ្ជាក់ កាលពីថ្ងៃទី២៧ វិច្ឆិការបស់អ្នកទទួលខុសត្រូវខាងសង្គ្រោះម្នាក់ ។ ភ្លៀងបានធ្លាក់ខ្លាំងបំផុតអស់ពេលច្រើនថ្ងៃមកហើយ ក្នុងខេត្តស៊ូម៉ាត្រាខាងជើង ពិសេស ក្នុងស្រុកតាប៉ានូលីខាងត្បូង ដែលកំពុងជួបប្រទះទឹកជំនន់ចាប់តាំងពីថ្ងៃទី២៤ វិច្ឆិកា មក ។
ក្នុងខេត្តជិតខាងអាសេនាចុងខាងលិចកោះស៊ូម៉ាត្រា ភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក៏បណ្ដាលឲ្យមានទឹកជំនន់និងការបាក់ដី និងនាំឲ្យមានការជម្លៀសមនុស្សចេញជិត១៥០០នាក់ ។ នៅខេត្តនោះអគារសិក្សាមួយបានត្រូវបាក់ធ្លាក់ចូលស្ទឹងក្រោមក្រសែភ្នែកតក់ស្លុតរបស់សិស្ស និងគ្រូពេលកំពុងជួបគ្រោះទឹកជំនន់ ។
ភ្លៀងធ្លាក់ខ្លាំងក៏បណ្ដាលឲ្យមានទឹកជំនន់ខ្លាំងក្លាបំផុតនៅភាគខាងត្បូងថៃ ពិសេស នៅហាតយ៉ៃជិតព្រំដែនម៉ាឡេស៊ី ។ បណ្ដាសង្កាត់ទាំងមូលត្រូវទឹកជន់លិចបណ្ដាលឲ្យប្រជាជននាំគ្នាគេចចេញពីទឹកលិចទៅនៅលើដំបូល ។ អាជ្ញាធរប្រកាស នាថ្ងៃទី២៦ វិចិ្ឆកា ពីមនុស្សសា្លប់៣៣នាក់ ក្នុងខេត្ត៧ នាភាគខាងត្បូងថៃ ។ ទឹកចាប់ស្រកចុះហើយនៅហាតយ៉ៃ តែប្រជាជនមួយចំនួននៅមិនអាចវិលចូលផ្ទះវិញបាននៅឡើយ ។ នៅហាតយ៉ៃទឹកបានឡើងលិចដល់ជាន់ទី២ហើយការជួយសង្គ្រោះត្រូវធ្វើតាមនាវា ។ ប្រជាជនជាច្រើនបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ។
នៅម៉ាឡេស៊ី កងកម្លាំងការពារស៊ីវិល បានប្រើបណ្ដានាវា ដើម្បីជម្លៀសមនុស្សចេញនៅកានហ្គាររដ្ឋព័រលីស ។ ទឹកជំនន់នៅម៉ាឡេស៊ី ក៏បណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ដែរ ៕
ចែករំលែកព័តមាននេះ