រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ បានស្នើសុំសមាជិកសភាកូរ៉េពីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ។

យោងតាមបណ្តាញសង្គមរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េបានឲ្យដឹងថា ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Hong Keewon សមាជិកសភាកូរ៉េ នៅវិមានរដ្ឋសភាជាតិកូរ៉េ ។

ក្នុងជំនួប នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះឯកឧត្តម Hong Keewon ដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួន២ដង និងបានព្យាយាមបកស្រាយអំពីស្ថានភាពពិត និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់ឯកឧត្តមនៅក្នុងកិច្ចប្រជុំសភា និង កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានផ្សេងៗ បន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានស្នើសុំឱ្យ ឯកឧត្តម Hong Keewon ជួយជម្រុញបន្ថែមទៅលើការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជា ដែលវិធានការនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម Hong Keewon បានសម្តែងការសោកស្តាយដែលយុវជនកូរ៉េបានស្លាប់ក្នុងទឹកដីកម្ពុជា ដែលវាបានបង្កឱ្យមានការប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជននៃប្រទេសទាំងសងខាង និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនកូរ៉េនៅកម្ពុជា និងប្រជាជនកម្ពុជានៅកូរ៉េ ។

ឯកឧត្តមក៏បានបន្តថា រដ្ឋាភិបាល និងប្រជាជនកូរ៉េ គួរទទួលស្គាល់ការពិតអំពីមូលហេតុនៃការស្លាប់របស់យុវជនកូរ៉េនៅកម្ពុជា និងស្ថានភាពពិតរបស់កម្ពុជា ដែលកម្ពុជារក្សាបាននូវសុខសុវត្ថិភាពសម្រាប់អ្នកទេសចរទូទៅ ហើយរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញនូវឆន្ទៈសហការដោះស្រាយបញ្ហានេះផងដែរ ។
ឯកឧត្តមក៏បានយល់ស្របនឹងសំណើរបស់ឯកឧត្តម ឯកអគ្គរាជទូតថា រដ្ឋាភិបាលកូរ៉េគួរបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជា និងសន្យាថា នឹងលើកករណីនេះក្នុងកិច្ចប្រជុំសភានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រ និងចូលចិត្តឯកឧត្តមតាមរយៈការចែករំលែក និងចូលចិត្តផេក Facebook និង youtube ផ្ទាល់របស់ឯក
ឧត្តម៕

ចែករំលែកព័តមាននេះ