ទីក្រុងម៉ូស្គូ៖ គម្រោងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់ជប៉ុនចាប់ផ្ដើមទទួលរងការបញ្ចេញប្រតិកម្មជាបណ្ដើរៗពីប្រទេសជិតខាង។ បន្ទាប់ពីប្រទេសចិនប្រកាសរិះគន់ និងចាត់ទុកការដាក់ពង្រាយមីស៊ីលនេះជាទង្វើដ៏គ្រោះថ្នាក់ ដល់វេនរុស្ស៊ីចេញមុខបញ្ចេញប្រតិកម្មវិញម្ដង។ ក្រសួងការបរទេសរុស្ស៊ីព្រមានទុកជាមុនថាបើសិនជប៉ុនពិតជាដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសដូចការប្រកាសមែន ពេលនោះរុស្ស៊ីសូមរក្សាសិទ្ធិដើម្បីចាត់វិធានការឆ្លើយតបយ៉ាងខ្លាំងក្លាបំផុត។

ការថ្លែងដូច្នេះបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិជប៉ុនថ្លែងកាលពីថ្ងៃអាទិត្យថាជប៉ុននឹងដាក់ពង្រាយជើងទម្របាញ់មីស៊ីលទាំងនោះនៅលើកោះយ៉ូណាគូនី (Yonaguni) ដែលស្ថិតនៅចម្ងាយ១១០គីឡូម៉ែត្រពីដែនសមុទ្រតៃវ៉ាន់។ ជប៉ុនអះអាងថាមីស៊ីលនេះមិនបង្កភាពតានតឹងទេព្រោះវាជាមីស៊ីលប្រើសម្រាប់ការពារខ្លួន មិនមែនសម្រាប់វាយប្រហារទៅលើគេនោះទេ។

ជប៉ុនថាមីស៊ីលនេះទុកសម្រាប់បាញ់យន្តហោះ ឬនាវាដែលជ្រៀតចូលដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែរុស្ស៊ីមិនគិតដូច្នេះទេ។ រុស្ស៊ីចោទប្រកាន់ថាជប៉ុនដាក់ពង្រាយមីស៊ីលនេះដោយមានអាមេរិកជាអ្នកបញ្ជាពីក្រោយខ្នង។ រុស្ស៊ីថ្លែងបន្តទៀតថាជប៉ុនកំពុងដាក់ពង្រាយនៅតាមបណ្ដាកោះរបស់ខ្លួនសម្បើមណាស់ដើម្បីទុកជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកសាងកម្លាំងយោធាសាជាថ្មី។

អ្នកនាំពាក្យរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zhakarova) ថ្លែងថានៅតាមបណ្ដាកោះនានារបស់ជប៉ុនដូចជាកោះអូគីណាវ៉ាជាដើម យើងឃើញថាជប៉ុនក្រោមការចង្អុលបង្ហាញពីទីក្រុងវ៉ាស៊ីនតោនកំពុងតែដាក់ពង្រាយគ្រឿងសព្វាវុធសម្បើមណាស់មានទាំងអាវុធការពារខ្លួន និងអាវុធវាយប្រហារ។ លោកស្រីថ្លែងបន្តទៀតថាចំណាត់ការយោធារបស់ជប៉ុននឹងធ្វើឱ្យប៉ះពាល់សន្តិសុខនៅក្នុងតំបន់ ហើយនឹងបង្កហានិភ័យសម្រាប់ប្រទេសជិតខាង។ យើងសូមរក្សាសិទ្ធចាត់វិធានការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះផែនការរបស់ជប៉ុនក្នុងការដាក់ពង្រាយមីស៊ីលទាំងនោះ។ នេះបើយោងតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ