ខេត្តកំពង់ចាម៖ ឯកឧត្តមអភិបាលខេត្តកំពង់ចាម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ខេត្តកំពង់ចាម ស្ថិតនៅជាប់ដងទន្លេមេគង្គ ដូច្នេះឲ្យតែដល់រដូវវស្សា គឺអាជ្ញាធរតែងតែមានការព្រួយបារម្ភ ដោយសារទឹកជំនន់ទន្លេមេគង្គនេះតែម្ដង ជាពិសេស ឆ្នាំ ២០២៥ នេះ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហុកខ្ពស់ជាងឆ្នាំមុន។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវតែចុះពិនិត្យជាប្រចាំនូវតំបន់ងាយរងគ្រោះ រាប់ចេញពីស្រុកស្ទឹងត្រង់ រហូតដល់ស្រុកកងមាស-ស្រុកស្រីសន្ធរ ដែលជាមុខសញ្ញាត្រូវសង្គ្រោះ ដោយត្រូវណែនាំពួកគាត់ឲ្យមានការត្រៀមបង្ការ រកទីទួលមានសុវត្ថិភាព ដែលអាចឲ្យប្រជាពលរដ្ឋយើងផ្លាស់ប្ដូរមករស់នៅបណ្ដោះអាសន្នបាន និងត្រូវរៀបចំបម្រុងស្បៀងអាហារ ថ្នាំសង្កូវ ដើម្បីសង្គ្រោះ ដូចជាការប្រើប្រាស់កម្លាំង និងក្រុមឆ្លើយតប ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ក្នុងករណីដែលមានការទំនាក់ទំនងមក។
សូមជម្រាបជូនថា ការថ្លែងនេះរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
ចែករំលែកព័តមាននេះ