ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ប្រាប់​ថៃ ថា​ការ​ចរចា​ពិត​ត្រូវធ្វើ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មិនមែន​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​ទេ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ប្រាប់​ទៅ​ភាគី​ថៃ ថា ការ​ចរចា​ពិត ត្រូវធ្វើ​ដោយ​នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ប្រាប់​ទៅ​ភាគី​ថៃ ថា ការ​ចរចា​ពិត ត្រូវធ្វើ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មិនមែន​ជាមួយ​ប្រធាន​ព្រឹទ្ធសភា នោះ​ទេ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ ថា «​មុន​នេះ​លោក ឃ្លាំង ហួត បាន​ឆ្លើយ​តប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ ដែល​បាន​វាយប្រហារ​ចំពោះ​ខ្ញុំ​» ។

សម្តេច​បាន​បញ្ជាក់​ថា ៖ “​ខ្ញុំ​ក៏​ចង់​បញ្ជាក់​បែប​ទះកំភ្លៀង​ចំពោះ​បុគ្គល​រូប​នេះ ថាបើ ហ៊ុន សែន អត់​មាន​តម្លៃ​សម្រាប់​ការ​ចរចា ហេតុ​អ្វី​លោក​ត្រូវ​អមដំណើរ​អតីត​នាយក​រដ្ឋមន្ត្រី ដែល​កំពុង​ព្យួរ​តំណែង មក​ចាំ​ទូរ​សព្ទ​ជួប​ខ្ញុំ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មិន​មានការ​ណាត់​ជា​មុន ?​” ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ពួក​លោក ចាត់​ទុក ហ៊ុន សែន ជា​មនុស្ស​មាន​តម្លៃ ដែល​អស់លោក​យល់​ថា ត្រូវ​សុំ​ឱវាទ ឬ​សុំ​យោបល់ ឬ​សុំ​ចរចា តែ​ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ លោក​បែរជា​និយាយ​ថា លោក ហ៊ុន សែន មិន​មាន​តម្លៃ​ក្នុង​ការ​ចរចា​។ តើ​លោក​លេបថ្នាំ​ខុស​ទេ​ដឹង ទើប​ធ្វើ​ឲ្យ​លោក​បាត់​ការ​ចង​ចាំ​បែប​នេះ ?

សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ៖ “​សម្រាប់​តួនាទី​ក្នុង​តំណែង​គ្រប់គ្រង​រដ្ឋ ខ្ញុំ​ស្គាល់​ច្បាស់​ណាស់ ព្រោះ​ខ្ញុំ​ដឹកនាំ​នីតិប្រតិបត្តិ តាំងពី​លោក​នៅ​ជា​កងទ័ព​ថៃ​ក្រហម (​កុម្មុយនីស្ត​ថៃ​) មិន​ទាន់​ចេញពី​ព្រៃ​មក​ម្ល៉េះ និង​ឆ្លងកាត់​នាយក​រដ្ឋមន្ត្រី​ថៃ ជាង​១០​នាក់​។ ការ​ចរចា​ពិត ត្រូវធ្វើ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មិនមែន​ជាមួយ​ប្រធាន​ព្រឹទ្ធសភា ហ៊ុន សែន នោះ​ឡើយ​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​រំលឹក​កាលពីមុន ក៏​ដូច​ជា​ថ្ងៃនេះ លោក​តែង​ប្រាប់​ជនជាតិ​ថៃ ថា​កុំ​ឲ្យ​ស្តា​ប់លោក ហ៊ុន សែន ពេក តើ​លោក​ខ្លាច​បណ្តាញ​សង្គម ដែល​ខ្ញុំ​បង្ហោះ​សារ​ចេញ​មែន​ទេ ?

សម្តេច​ក៏​បាន​សង្កត់ធ្ងន់​ថា ៖ “​ខ្ញុំ​មិន​ចង់​ឆ្លើយ​តប​ជាមួយ​មនុស្ស​ព្រហើន ដូច​លោក​ទេ តែ​ខ្ញុំ​មានការ​ចាំបាច់​បញ្ជូន​សារ​ទៅ​ប្រាប់​ប្រជាជន​ថៃ ថា នាយក​រដ្ឋមន្ត្រី​ស្តីទី​របស់​ថៃ សព្វ​ថ្ងៃនេះ មាន​ចំណែក​ទទួលខុសត្រូវ​លើ​ការ​សុំ​ឱវាទ ឬ​យោបល់ ឬ​ចរចា​តាម​ទូរ​សព្ទ នា​ល្ងាច​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ជាមួយ​លោកស្រី អ៊ុ​ង អ៊ី​ន កន្លង​មក​។ ជូនពរ​លោក ប្រឹង​តោង​កៅអី​នាយក​រដ្ឋមន្ត្រី​ស្តីទី ឲ្យ​បាន​យូរ​បន្តិច​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ