ទីក្រុងញូដេលី៖ សំណុំរឿងធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែឥណ្ឌា (Air India)មិនទាន់បិទបញ្ចប់នៅឡើយទេព្រោះវាជាមេរៀនដែលវិស័យអាកាសចរណ៍ទូទាំងពិភពលោកកំពុងជជែកដេញដោលគ្នាយ៉ាងផុលផុស។ ឥឡូវនេះមតិខ្លះយល់ថាគេគួរតែបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់អ្នកបើកបរបន្ថែមពីលើប្រអប់ខ្មៅដែលបំពាក់នៅក្នុងនោះរួចហើយ។ តាមពិត ការលើកឡើងនេះមិនមែនទើបតែពេលនេះទេ ប៉ុន្តែធ្លាប់មានអ្នកបំផុសគំនិតនេះតាំងពីមួយទសវត្សមុនមកម៉្លេះ។
ស្ថាប័នអន្តរជាតិដ៏មានឥទ្ធិពលមួយឈ្មោះសមាគមដឹកជញ្ជូនតាមជើងអាកាសអន្តរជាតិ (IATA) ថ្លែងថាមានហេតុផលរឹងមាំដែលថាគួរណាស់ពិចារណាបំពាក់កាមេរ៉ានៅក្នុងបន្ទប់អាកាសយានិកដើម្បីកត់ត្រាសកម្មភាពរបស់អាកាសយានិក។ ធ្វើដូច្នេះ យើងបានទាំងសំឡេងដែលកត់ត្រានៅក្នុងប្រអប់ខ្មៅផង និងបានទាំងរូបភាពដែលថតដោយកាមេរ៉ាសុវត្ថិភាពផង។
នៅក្នុងករណីធ្លាក់យន្តហោះអ៊ែរឥណ្ឌាច្បាស់ណាស់ថាកុងតាក់បង្ហូរប្រេងបានកាច់ចុះពិតមែនដើម្បីបិទប្រព័ន្ធប្រេងទៅកាន់ម៉ាស៊ីនយន្តហោះ។ អីចឹងហើយបានជាយន្តហោះទើបតែហើបកង់ពីដីប្រហែលជាង៤០វិនាទីក៏សំកាំងនៅលើអាកាស និងធ្លាក់មកដីវិញ។ សំណួរថាតើអាកាសយានិកមានចេតនាកាច់កុងតាក់ប្រេង ឬយ៉ាងណា? គេមិនទាន់ដឹងនៅឡើយទេ។
លទ្ធផលស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតឧបទ្ទវហេតុធ្លាក់យន្តហោះឥណ្ឌា (AAIB) នាំឱ្យគេចោទជាសំណួរថានៅក្នុងចំណោមអាកាសយានិកទាំង២នាក់នោះ មួយណាជាអ្នកកាច់កុងតាក់បង្ហូរប្រេង។ រឿងកាច់កុងតាក់ប្រាកដជាកាច់ហើយ។ ប៉ុន្តែមិនដឹងម្នាក់ណា។ តាមរយៈសំឡេងដែលស្រាវចេញពីក្នុងប្រអប់ខ្មៅ គេស្ដាប់ឮសំឡេងអាកាសយានិកធំ (កាពីទែន) សួរទៅអាកាសយានិករងថាម៉េចបានបិទកុងតាក់ប្រេង? ពេលនោះ អាកាសយានិករងតបថាគាត់មិនបានបិទកុងតាក់ទេ។
សេណារីយោអាចមាន៣ធំៗ ទី១អាកាសយានិករងមិនបានកាច់កុងតាក់ពិតមែន ទី២ គាត់អាចនឹងកាច់កុងតាក់ ប៉ុន្តែគាត់ប្រកែកថាមិនបានកាច់កុងតាក់ និងទី៣អាកាសយានិកធំ (កាពីទែន) ជាអ្នកកាច់កុងតាក់ រួចហើយគាត់ធ្វើពើជាសួរអាកាសយានិករង។ ត្រង់ចំណុចនេះហើយដែលមានមតិស្នើសុំឱ្យបំពាក់កាមេរ៉ានៅក្នុងបន្ទប់អាកាសយានិក។ ឧបមាថាបើមានកាមេរ៉ានៅក្នុងបន្ទប់នោះប្រហែលជាងាយស្រួលវិនិច្ឆ័យកាន់តែច្បាស់ថាតើមានសកម្មភាពអ្វីកើតឡើង។
ករណីនេះមិនសាមញ្ញពេកទេ។ ឥឡូវនេះ សមត្ថកិច្ចឥណ្ឌាបន្តតាមដានប្រវត្តិសុខភាពរបស់អាកាសយានិកថែមទៀត។ ជាពិសេស តាមដានសុខភាពផ្លូវចិត្តក្រែងលោពួកគាត់មានជំងឺធ្លាក់ទឹកចិត្ត ឬមានវិបត្តិអ្វីមួយ។ ឬមិនដូច្នេះទេ ពួកគាត់អាចនឹងជឿលង់ទៅតាមការអូសទាញរបស់ក្រុមភេរវកម្មណាមួយ។ បើដូច្នេះមែន សំណុំរឿងនេះកាន់តែវែងឆ្ងាយមែនទែនហើយព្រោះវាមិនត្រឹមតែជាការធ្វើអត្តឃាតប៉ុណ្ណោះទេ ប៉ុន្តែជាអំពើភេរវកម្មតែម្ដង។
ករណីអាកាសយានិកធ្វើអត្តឃាត និងនាំអ្នកដំណើរ១កប៉ាល់ហោះទៅស្លាប់ជាមួយដែរមិនមែនជារឿងថ្មីទេ។ ឧទាហរណ៍ ករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ជើមេនវីង (Germanwing) ជើងហោះហើរ៩៥២៥កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ជាការធ្វើអត្តឃាតរបស់អាកាសយានិកសុទ្ធសាធតែម្ដង។ មុនដំបូង កាពីទែនធំបើកទ្វារចេញទៅបន្ទប់ទឹក។ រំពេចនោះឃើញឱកាសល្អ អាកាយានិករងក៏បិទទ្វារចាក់សោពីខាងក្នុង និងកាច់ចង្កូតយន្តហោះជិះបុកភ្នំតែម្ដង។
ងាកមកករណីធ្លាក់យន្តហោះឥណ្ឌានៅអាមេដាបាត (Ahmedabad) ដែលបណ្ដាលឱ្យស្លាប់អ្នកជិះនៅក្នុងយន្តហោះ២៤១នាក់ និងអ្នករស់នៅក្បែរកន្លែងធ្លាក់យន្តហោះ១៩នាក់ទៀត។ អ្នកជំនាញយល់ថាបើសិនបានបំពាក់កាមេរ៉ានៅក្នុងបន្ទប់អ្នកបើកបរប្រហែលជាជួយបានច្រើនក្នុងការស៊ើបអង្កេត។ ជាពិសេស ការស៊ើបអង្កេតអំពីសុខភាពផ្លូវចិត្តរបស់អាកាសយានិក៕
ចែករំលែកព័តមាននេះ