ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹងមួយពុំដែល​រីងស្ងួត​​ទេ​…តែឆ្នាំនេះ​ អ្នក​ប្រែ​ហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បឹង​ធំ​គឺជា​បឹង​មួយ​ដែល​មាន​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ​នៅ​ខែវស្សា លាតសន្ធឹង​ពី​ចំណុច​ទំនប់​បារាំង ស្ថិត​ក្នុងភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង រហូត​ទៅ​ដល់​ទួល​អំពិល ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ បឹង​ធំ​គឺជា​បឹង​មួយ​ដែល​មាន​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ​នៅ​ខែវស្សា លាតសន្ធឹង​ពី​ចំណុច​ទំនប់​បារាំង ស្ថិត​ក្នុងភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង រហូត​ទៅ​ដល់​ទួល​អំពិល ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំណែកឯ​ម្ខាង​បឹង​ជាប់​ដង​ទន្លេ​វិញ​គឺ​ជាប់​នឹង​ភូមិ​កំពង់​អុស ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ។ បឹង​មួយ​នេះ​ មាន​វិសាលភាព​ធំធេង​ណាស់ និងពុំដែល​រីងស្ងួត​ឡើយ​នា​ពេល​កន្លង​មក​ ប៉ុន្តែ​ឆ្នាំ​នេះ​បឹង​ដែល​មាន​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ ប្រែជា​រីងស្ងួត​គោក​ស្ទើរ​អស់ទាំង​ស្រុង ។

ផ្តើម​ចេញពី​បញ្ហា​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​ចោទ​លើ​កត្តា​ធម្មជាតិ​ក្តៅ​ហួតហែង ប៉ុន្តែ​អ្នកមាន​ដីស្រែ​ចម្ការ ជុំវិញ​បឹង​ខាងលើ​នេះ បាន​ចោទ​ថា​មក​ពី​មានការ​បង្ហូរទឹក​ចេញ​តាម​ទំនប់​បារាំង បណ្តាល​ខូចខាត​ដំណាំ​របស់​ពួក​គាត់​មាន​ដូច​ជា​ស្រូវប្រាំង និង​ឈូក​ជាដើម ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ដោក ប៊ុ​នថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​មាន​ប្រសាសន៍​ថា
ការ​ដែល​បណ្ដាល​ឱ្យ​បឹង​ធំ​រីងស្ងួត​ហួត​ទឹក​អស់ មិនមែន​មក​ពី​កត្តា​ធម្មជាតិ​ទេ គឺ​មក​ពី​ខាង​មន្ទីរ​ជំនាញ​របស់​លោក​ជា​អ្នក​បង្ហូរទឹក​ចេញ ។

លោក​បាន​ពន្យល់​ថា មូលហេតុ​គឺ​ដោយសារ​បឹង​ធំ​នេះ​ចេះ​តែ​គោក​រាក់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទើប​មន្ទីរ​ជំនាញ​របស់​លោក​ធ្វើ​សំណើសុំ​ទៅ​ក្រសួង​ធនធានទឹក ដើម្បី​ស្ដារ​បឹង​នេះ​ឲ្យ​ទឹក​មាន​ជម្រៅ​ជ្រៅ​ឡើង​វិញ ។ ជា​មួយ​​គ្នា​នេះ រដ្ឋ​ក៏​គ្មាន​ធនធាន​ឯណា​នឹង​អាច​ស្ដារ​បឹង​នេះ​បាន​ដែរ ទើប​សហគមន៍​រក​ដៃគូ​មក​ជួយ​ស្ដារ​បឹង​ធំ​នេះ​វិញ ដោយ​ចំណេញ​ទាំង​រដ្ឋ ចំណេញ​ទាំង​សហគមន៍​ដៃគូ​ដែល​ជា​អ្នក​ចង់បាន​អាចម៍ដី ។

និយាយ​ជា​រួម ដើម្បី​ស្ដារ​បឹង​ធំ​នេះ​បាន លុះត្រាតែ​មាន​ដៃគូ​ពី​វិស័យ​ឯកជន​ស្ដារ​យក​អាចម៍ដី យក​ទៅ​ចាក់​ទីតាំង​ណាមួយ​ដែល​គេ​ត្រូវការ ។ បញ្ហា​នេះ មិនមែន​ជា​រឿង​ត្រូវ​លាក់លៀម​នោះ​ទេ ត្រូវធ្វើ​ជា​ចំហ ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ លោក​នឹង​លើក​ផ្ទាំង​ប៉ាណូ​បង្ហាញ​ពី​គម្រោងការ​ស្តា​របឹង​ធំ​នេះ ។

លោក​ប្រធាន​មន្ទីរ​ន​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​គម្រោង​របស់​លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា កំពុង​វាស់វែង​គ្រោង​ប្លង់​លើ​ទីតាំង​អាងបឹង​ធំ​នេះ ដោយ​កំណត់​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់ ព្រោះថា​បច្ចុប្បន្នកំពុង​តែ​មានការ​ទន្ទ្រាន​យក​ដី​ជុំវិញ​បឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ចេះ​តែ​រំកិល​បោះ​ព្រំ​យក​ដី​ចូល​ទៅ​ក្នុង​អាង​បឹង​ធំ​យ៉ាង​អនាធិបតេយ្យ​ផង​ដែរ ។

ទោះជា​យ៉ាងនេះ​ក្តី មាន​ប្រជាពលរដ្ឋ​ដែល​មាន​ស្រែប្រាំង និង​ចម្ការ​ឈូក​នៅ​ជុំវិញ​បឹង​បានត្អូញត្អែរ​ថា មក​ដល់​ពេល​នេះ​ដំណាំ​ពួក​គាត់​បាន​ងាប់​ខូច​អស់​ទៅ​ហើយ ដោយសារ​តែ​ការ​បង្ហូរទឹក​ចេញ ពិសេស​ប្រជាព​ល​រដ្ឋ​នៅ​ភូមិ​កំពង់​អុស ។ មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​ការ​ស្តារ​បាត​បឹង​ខាងលើ​អាច​ទៅ​ដោយ​រលូន​ ​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​មិន​ទាន់​ចេញ​រូបរាង​ផង​មាន​លេចឮ​បញ្ហា​ខ្លះ​ៗ​ជា​បណ្តើរ​ៗ​ទៅ​ហើយ ។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​មាន​ដីស្រែ​ចម្ការ​ជុំវិញ​បឹង​ធំ​នេះ ខ្លះ​បាន​កាន់កាប់​និង​អាស្រ័យ​ផល​តាំងពី​សម័យ​​ឆ្នាំ​១៩៧៩​មក​ម្លេ​៉ះ ។

អត្ថបទសរសេរ ដោយ