រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)ថា កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ហើយកម្ពុជាបានទុកចិត្តយ៉ាងខ្លាំងចំពោះ UN ក្នុងការដោះស្រាយវិវាទ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA80) នៅទីក្រុងញូវយ៉ក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត របស់កម្ពុជាជាមួយអង្គការសហប្រជាជាតិ ។
ក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. បានសម្តែងការកោតសរសើរចំពោះភាពជាដៃគូដ៏ល្អរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ជាពិសេសតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសដែលផ្តល់កងកម្លាំងថែរក្សាសន្តិភាព និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលត្រីភាគី ។

ឯកឧត្តមបានកោតសរសើរចំពោះវឌ្ឍនភាព ដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានគូសបញ្ជាក់ពីការចូលរួមប្រកបដោយស្ថាបនា និងការគាំទ្ររបស់កម្ពុជា នៅក្នុងដំណើរការពហុភាគី ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប.បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរនឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក ។
ឯកឧត្តមបានជម្រាបថា ឯកឧត្តមបានប្រាប់ពីកង្វល់របស់កម្ពុជាទៅសមភាគីថៃ ហើយចង់បានដំណោះស្រាយចំពោះជម្លោះនេះ ព្រោះនៅទីបញ្ចប់ប្រជាជនជាអ្នករងទុក្ខ ។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេច បានបញ្ជាក់ជាថ្មីថា កម្ពុជាផ្តល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជាផ្តល់ទំនុកចិត្តយ៉ាងខ្លាំង ចំពោះអង្កការសហប្រជាតិក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ការគ្រប់គ្រង និងដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ។
ឯកឧត្តមក៏បានបញ្ជាក់ជាសារជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តផ្តល់ការរួមចំណែកដ៏យ៉ាងសកម្មចំពោះប្រតិបត្តិការថែរក្សាសន្តិភាព និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបេសកកម្មណាមួយដែលស្នើដោយអង្គការសហប្រជាជាតិ និងរួមចំណែកដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការ អ.ស.ប. និងបានពាំនាំអំណរគុណរបស់ររាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្តីថ្លែងការណ៍ជាវិជ្ជមានរបស់ឯកឧត្តមដែលអំពាវនាវឱ្យភាគីទាំងសងខាងឈប់ប្រើប្រាស់កម្លាំង ហើយបានស្នើឱ្យឯកឧត្តមអគ្គលេខាធិការបន្តប្រឹងប្រែងជួយក្នុងកិច្ចការនេះ ។
ឯកឧត្តមបានបញ្ជាក់ថា ៖ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តឡើងវិញ និងស្តារប្រក្រតីភាព ក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថៃឡើងវិញ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ។
កម្ពុជាបានឆ្លងកាត់សង្គ្រាមបីទសវត្សរ៍រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ ។ ដូច្នេះ យើងបានយល់ច្បាស់ពីសង្គ្រាម ហើយអ្វីដែលយើងចង់បាន គឺសន្តិភាព ដូចយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សា សន្តិភាព ។
ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. សូមជូនពរគណៈប្រតិភូកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការសន្ទនាជាមួយភាគីថៃ ដើម្បីស្វែងរកដំណោះស្រាយវិជ្ជមានក្នុងផ្លូវសន្តិភាព៕
ចែករំលែកព័តមាននេះ