រាជធានីភ្នំពេញ ៖ មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស សម្រេចកែសម្រួលឈ្មោះរបស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរកស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងក្នុងមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ដែលប្រារព្ធធ្វើឡើងនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានកោតសរសើរចំពោះការខិតខំ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានរៀបចំឱ្យមានមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស លើកទី៣ នេះឡើង ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹកឃើញ និងចងចាំជានិច្ច នូវពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានលះបង់អាយុជីវិតបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល ដើម្បីបន្តវីរភាពក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិកម្ពុជា ជាទីស្នេហា នៃយើងជានិច្ច និរន្តរ៍តរៀងទៅ ។
មហាសន្និបាត បានពិភាក្សាយ៉ាងផុលផុស និងសម្រេចអនុម័តលើរបាយការណ៍បូកសរុបលទ្ធផលការងារ ១០ឆ្នាំ និងទិសដៅអនុវត្តបន្ត និង លក្ខន្តិកៈថ្មី របស់សមាគមព្រមទាំង សេចក្តីសម្រេចចិត្តមហាសន្និបាត ។
មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះរបស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ដែលហៅកាត់ថា «អ.ន.ក.» ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម ផងដែរ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិភាពសង្គម ប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល និងគ្រួសារឱ្យប្រកបដោយសុខុដមរមនា ជាមួយក្រុមគ្រួសារ និងសហគមន៍។ កិច្ចការទាំងនោះ រួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់ដី សម្បទានសង្គមកិច្ច ការជួយសាងសង់លំនៅដ្ឋាន ការជួយដោះស្រាយជីវភាពចំពោះយោធិន រំសាយ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារពិការ និងគ្រួសារយុទ្ធជនពលី មរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមគ្រួសារ ដើម្បីឱ្យពួកគេ មានធនធាន ដីធ្លី លំនៅដ្ឋាន សម្រាប់ប្រកបរបរផ្សេងៗ ។
ជាក់ស្តែង រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាអតីតយុទ្ធជនកម្ពុជា» បង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងស្ថិតិអតីតយុទ្ធជន ឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់របបសន្តិសុខសង្គមប្រចាំខែ ជូនដល់អតីតយុទ្ធជន ព្រមទាំងសម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គម នេះតាមរយៈការបើកផ្ដល់របបសន្តិសុខសង្គមមួយខែពីរដងជាដើម ។
នាឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុនសែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម ៖
១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តពង្រឹងការបើកផ្ដល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលឱ្យបានទាន់ពេលវេលា និងទៀងទាត់តាមការកំណត់របស់រាជរដ្ឋាភិបាល ។
២-ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីត យុទ្ធជន និងគ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗឱ្យបានពិតប្រាកដ មុននឹងផ្ទេរមកក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូនអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងបន្តប្រមូល និងគ្រប់គ្រងទិន្នន័យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្តែង របស់អតីតយុទ្ធជន និងគ្រួសារដែលក្រីក្រលំបាក ដើម្បីបង្កលក្ខណៈឱ្យគ្រួសារទាំងនោះ ទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី មធ្យម និងវែង ការផ្តល់អាហារូបករណ៍ ដល់កូនរបស់អតីតយុទ្ធជន ការផ្តល់ឥណទានខ្នាតតូច ការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ ជួយសម្រួល និងកែលម្អ ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ។
៤-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង គណៈកម្មាធិការសម្បទាន ដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្តពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ដែលក្រីក្រពិតប្រាកដ ។
៥-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានស្នាដៃ និងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍។ សម្តេចសម្គាល់ឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារអតីតយុទ្ធជន និងនិវត្តជន ខ្លួនឯង មានដីជាកម្មសិទ្ធិ ដែលជាបដិភាគ ចំណែកឯសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អាជ្ញាធរ ដែនដី សប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រជាថវិកា និង សម្ភារៈ។ ការណ៍នេះ គឺជាវប្បធម៌ចែករំលែកចំពោះអតីតយុទ្ធជន និងនិវត្តជន ធ្វើឱ្យជីវភាពអតីតយុទ្ធជន និងនិវត្តជន ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបន្តបន្ទាប់ ។
៦-ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់អាទិភាពបញ្ចូល គម្រោងអភិវឌ្ឍអតីតយុទ្ធជន និង និវត្តជន នៅតាមថ្នាក់នីមួយៗ ។ អាជ្ញាធរដែនដីត្រូវយកចិត្ត ទុកដាក់ពិនិត្យ និងជ្រើសរើសអតីតយុទ្ធជន ដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗ ដូចជា សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍អភិរក្ស សត្វព្រៃ ក៏ដូជាថ្នាក់ដឹកនាំនៅមូលដ្ឋាន តាមសមត្ថភាព និងលទ្ធភាពរបស់បងប្អូនជាក់ស្តែង ។
៧-ក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គមេបញ្ជាការ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និងអង្គភាពនគរបាលជាតិគ្រប់លំដាប់ថា្នក់ និងបណ្តាអង្គភាពឈរជើងនៅគ្រប់តំបន់ ត្រូវសហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្បែរតំបន់ឈរជើងរបស់ខ្លួនឱ្យបានជិតស្និទ្ធបំផុត និងចុះជាប់រួមសុខរួមទុក្ខជាមួយ អតីតយុទ្ធជនដោយមិនគិតពីអតីតភាព ។
៨-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំង គ្រប់ថ្នាក់ឱ្យបានរឹងមាំ និង ស្ថិតស្ថេរគង់វង្ស ។ ភាពរឹងមាំរបស់សមាគម គឺអាស្រ័យលើកត្តា ៣ យ៉ាង គឺ៖ ទី១). មានគោលការណ៍ និងមាគ៌ាសកម្មភាពត្រឹមត្រូវ, ទី២). មានរចនាសម្ព័ន្ធខ្សែរយៈចាត់តាំងរឹងមាំ មានសមាជិក សមាជិកា មហាជន ប្រជាជនគាំទ្រ និង ទី៣).មានហិរញ្ញវត្ថុសម្រាប់ ទ្រទ្រង់សម្មភាពចាំបាច់របស់ខ្លួន ។
៩-គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈ សេចក្តីសម្រេចចិត្ដមហាសន្និបាតសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អនុវត្តរបបធ្វើការ តាមគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។ ក្នុងន័យនេះ គណៈកម្មាធិការគ្រប់ថ្នាក់ ត្រូវអនុវត្តរបបសន្និបាត និងរបបប្រជុំ ឱ្យបាន ទៀងទាត់តាមការកំណត់ ហើយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជាគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវអនុវត្តនូវភារកិច្ច ដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ ។
១០-គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈកម្មាធិការ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ជាមួយសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទាំងអស់ ដើម្បីជាឧត្តមប្រយោជន៍ ដល់អតីតយុទ្ធជន និងនិវត្តជន ។
១១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជួយគាំទ្រ និងសហការល្អជាមួយសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ដោយជួយសម្រួលនិរន្តរភាពសម្រាប់ កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
១២-នៅតាមក្រសួងស្ថាប័ន ត្រូវរៀបចំបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យបានឆាប់រហ័ស ស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
១៣-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តជំរុញវប្បធម៌ក្នុងចលនា ប្រឡងប្រណាំងក្នុងជួរអតីតយុទ្ធជន និងនិវត្តជនគឺ៦ ទី១). ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ទី២). ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និង ទី៣). ការអភិវឌ្ឍសមាគម និង សង្គមជាតិពូកែ ។
១៤-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការប្រើប្រាស់ប្រាក់ភាគទាន ប្រាក់វិភាគទាន និងអំណោយ របស់សប្បុរសជននានា ដោយអនុវត្តឱ្យបានល្អ ឱ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់ ។
១៥-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយបណ្តាសមាគមអតីតយុទ្ធជន និងចលនាអតីតយុទ្ធជន នៃប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក ៕




ចែករំលែកព័តមាននេះ