ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តបន្ទាយមានជ័យ ប្រឆាំង និងការប្រកាសរបស់អភិបាលខេត្តស្រះកែវថៃ ករណីអនុវត្តច្បាប់ខ្លួនមកលើពលរដ្ឋកម្ពុជា

1 ម៉ោង មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រកាស​ប្រឆាំង និង​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ស្រះ​កែវ​ថៃ ករណី​អនុវត្ត​ច្បាប់ ក្នុង​ស្រុកលើ​ពលរដ្ឋ​កម្ពុជា ។ យោង​តាម​លិខិត​របស់​ឯកឧត្តម អ៊ុំ…

រាជធានី​ភ្នំពេញ ៖ អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រកាស​ប្រឆាំង និង​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ស្រះ​កែវ​ថៃ ករណី​អនុវត្ត​ច្បាប់ ក្នុង​ស្រុកលើ​ពលរដ្ឋ​កម្ពុជា ។

យោង​តាម​លិខិត​របស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ផ្ញើ​លិខិត​ទៅ​កាន់​អភិបាលខេត្ត​ស្រះ​កែវ បាន​លើក​ពី​ករណី​ការ​តវ៉ា​ប្រឆាំង​នឹង​ករណី​រដ្ឋបាល​ខេត្ត​ស្រះ​កែវ​លើក​បដា នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​មាន​ខ្លឹមសារ​ប្រកាស​អនុវត្ត​ច្បាប់​ក្នុងស្រុក​ថៃ លើ​ប្រជាពលរដ្ឋ​កម្ពុជា រស់នៅ​ក្នុងភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម​បាន​បញ្ជាក់​ទៅ​កាន់​អភិបាលខេត្ត ស្រះ​កែវ នៃ​ព្រះរាជាណាចក្រ​ថៃ​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​ស្រះ​កែវ បាន​លើក​បដា​ដោយ​មាន​ខ្លឹមសារ​ស្តី​ពី​ការ​អនុវត្ត​ច្បាប់​ក្នុងស្រុក​ថៃ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ក្នុងភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ក្នុង​នាម​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ខ្ញុំ​សូម​តវ៉ា​ប្រឆាំង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​នេះ ដូច​ខាងក្រោម ៖ សកម្មភាព​ដដែល​ៗ នៃ​ការ​លើក​បដា និង​ខ្លឹមសារ​ប្រកាស​ខាងលើ​នេះ ជា​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​មក​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​ស្លូតត្រង់​កម្ពុជា ដែល​បាន​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុងភូមិ ទាំង​ពីរ​នេះ តាំងពី​យូរយារ​ណាស់​មក​ហើយ គឺ​មុន​ពេល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ (MOU 2000) ចូល​ជា​ធរមាន ។

ទន្ទឹម​នេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ សូម​បញ្ជាក់​ជូន​ថា រដ្ឋបាល​ខេត្ត​ស្រះ​កែវ មិន​មាន​សមត្ថកិច្ច​កំណត់ព្រំដែន និង​អនុវត្ត​ច្បាប់​ក្នុងស្រុក​ថៃ​របស់​ខ្លួន​មក​លើ​សហគមន៍​កម្ពុជា​ដែល​បាន និង​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ក្នុង​តំបន់​មិន​ទាន់​មានការ​កំណត់​ខណ្ឌសីមា​ព្រំដែន​រួចរាល់​នោះ​ទេ ។

យោង​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU 2000), កំណត់ហេតុ​កិច្ចប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ភាគី​ទាំង​សងខាង​បាន​ឯកភាព​រក្សា​ស្ថានភាព​ដដែល​រហូត​ដល់​ការងារ​ខណ្ឌសីមា​ព្រំដែន​ត្រូវ​បាន​បញ្ចប់ ។

សកម្មភាព​ឯកតោភាគី​ដដែល​ៗ​ខាងលើ គឺជា​ការ​បង្កហេតុ​ដែល​នាំ​ឱ្យ​មាន​ភាព​តានតឹង​កើនឡើង​នៅ​តំបន់​ដែល​កំពុង​មាន​ជម្លោះ និង​ជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥, លទ្ធផល​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) ព្រមទាំង​ជា​ការ​រំលោភ​បំពាន​យ៉ាង​ជាក់ស្តែង លើ​កំណត់ហេតុ​កិច្ចប្រជុំ​ពិសេស លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ក្នុង​ការ​ទប់ស្កាត់​រាល់​សកម្មភាព ដែល​ធ្វើ​ឱ្យ​ខូច​ដល់​ការ​ជឿ​ទុកចិត្ត គ្នា​ទៅ​វិញ​ទៅ​មក​បង្ក​ឱ្យ​មានការ​យល់​ច្រឡំ បង្កើន​ភាព​តានតឹង​នៅ​តាម​ព្រំដែន ឬ​ពង្រីក​វិសាលភាព និង​ទំហំ​នៃ​ជម្លោះ ជា​ពិសេស​រំលោភ​ចំណុច​៨​នៃ​កំណត់ហេតុ​កិច្ចប្រជុំ​ពិសេស GBC លើក​ទី​១ ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដូច​ខាងក្រោម ៖

ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​នៅ​ក្នុង​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ បន្ទាយ​មាន​ជ័យ ព្រះរាជាណាចក្រ​កម្ពុជា ទល់មុខ​ភូមិ​ណ​ង​ចាន់ ស្រុក​ភ្នំ​ត្បូង ស្រះ​កែវ ព្រះរាជាណាចក្រ​ថៃ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដូច​ខាងក្រោម ៖ ភាគី​ទាំង​ពីរ​បាន​ទទួលស្គាល់​ថា គណៈកម្មការ​ចំរុះ​ព្រំដែន (JBC) ជា​យន្តការ​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​វាស់វែង​រួម និង​ខ័​ណ្ឌ​សីមា​ព្រំដែន ព្រមទាំង​បាន​ឯកភាព​ដាក់​បញ្ហា​នេះ​ជា​របៀបវារៈ​អាទិភាព​នៅ​កិច្ចប្រជុំ​បន្ទាប់​នៃ​គណៈកម្មការ ចំរុះ​ព្រំដែន (JBC)​។

ភាគី​ទាំង​ពីរ​បាន​ប្រគល់​ភារកិច្ច​ដល់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) ដើម្បី​ពិភាក្សា​អំពី​ការ​គ្រប់គ្រង​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​របស់​គណៈកម្មការ​ចំរុះ​ព្រំដែន (JBC)​។ នៅ​ក្នុង​រយៈពេល​នេះ អភិបាល​ខេត្តបន្ទាយមានជ័យ និង​អភិបាលខេត្ត​ស្រះ​កែវ នឹង​សម្របសម្រួល ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នៅ​ទីតាំង​ផ្ទាល់​ប្រកបដោយ​សន្តិវិធី រួម​បញ្ចូល​ទាំង​ការ បញ្ឈប់​រាល់​សកម្មភាព​ដែល​ពង្រីក​ទំហំ​វិវាទ និង​បង្កើន​ភាព​តានតឹង​។

ដូចនេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត​ស្រះ​កែវ ចូលរួម​ផ្តល់​កិច្ចសហការ​ចាត់វិធានការ​បញ្ឈប់​នូវ​សកម្មភាព​ខាងលើ​ជា​បន្ទាន់ ដោយ​រក្សា​នូវ​ស្ថានភាព​ដើម ។

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ សង្ឃឹម​យ៉ាង​មុតមាំ​ថា ខេត្ត​ស្រះ​កែវ ប្រកាន់ខ្ជាប់​ដោយ​សុខចិត្ត នូវ​លក្ខខណ្ឌ​បទ​ឈប់​បាញ់ និង​បញ្ឈប់​នូវ ផែនការ​បណ្តេញ​ប្រជាជន​រាប់រយ​គ្រួសារ​ចេញពីផ្ទះ​សំបែង និង​ដីធ្លី​ដែល​គេ​បាន​រស់នៅ​ជា​ច្រើន​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ