ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​កញ្ច្រែង​ល្អី​ផ្សារ​អង្គតាសោម​ប្រតិកម្ម​តវ៉ា​ចំពោះ​រដ្ឋបាល​ស្រុក​ត្រាំកក់​ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់

2 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី 29 ខែកញ្ញា​ឆ្នាំ 2025 ក្រុម​អាជីវករ​ផ្សារ​អង្គតាសោម​ជិត 50 នាក់​បាន​នាំ​គ្នា​តវ៉ា​នៅ​សាលាស្រុក​ត្រាំកក់​ករណី​ដែល​អាជ្ញាធរ​ចាត់ចែង​រៀបចំ​សណ្តាប់ធ្នាប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់ដូរ​របស់​ពួក​គាត់​។ យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី​ការ​សម្របសម្រួល​នៅ​ក្នុង​សាលាស្រុក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ក្រុម​អាជីវករ​បាន​ត្រឡប់​មក​លក់ដូរ​ជា​ធម្មតា​វិញ​ហើយ​។…

ខេត្តតាកែវ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី 29 ខែកញ្ញា​ឆ្នាំ 2025 ក្រុម​អាជីវករ​ផ្សារ​អង្គតាសោម​ជិត 50 នាក់​បាន​នាំ​គ្នា​តវ៉ា​នៅ​សាលាស្រុក​ត្រាំកក់​ករណី​ដែល​អាជ្ញាធរ​ចាត់ចែង​រៀបចំ​សណ្តាប់ធ្នាប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់ដូរ​របស់​ពួក​គាត់​។ យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី​ការ​សម្របសម្រួល​នៅ​ក្នុង​សាលាស្រុក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ក្រុម​អាជីវករ​បាន​ត្រឡប់​មក​លក់ដូរ​ជា​ធម្មតា​វិញ​ហើយ​។

នៅ​ក្នុង​លិខិត​ដាក់​ជូន​លោក​អភិបាលស្រុក​ត្រាំកក់​ក្រុម​អាជីវករ​បាន​ឲ្យ​ដឹង​ថា

កម្មវត្ថុ​៖ ស្នើ​សុំ​ឆ្លើយ​តប​ចំពោះ​លិខិត​ជូនដំណឹង លេខ ០១១/២៥ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​តាម​ផ្លូវ​សាធារណៈ​នៅ​ទីប្រជុំជន​ផ្សារ​អង្គតាសោម របស់​រដ្ឋបាល​ស្រុក​ត្រាំកក់​។

យោង ៖ -​សារាចរ លេខ ០៨ ស​.​រ ចុះ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ ស្តី​ពី​ការ​គ្រប់គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង ប្រទេស របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

-​យោង​តាម​ការ​ចាំបាច់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ របស់​អាជីវកម្ម​រង​ផល​ប៉ះពាល់​។

បន្ទាប់​ពី​យើងខ្ញុំ​ជា​អាជីវករ​បាន​ទទួល​ដំណឹង​ពី​ការ​រៀប ចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​តាម​ផ្លូវ​សាធារណៈ​នៅ​ទីប្រជុំជន​ផ្សារ​អង្គតាសោម និង​ទុក​ឱសានវាទ​ឱ្យ​យើងខ្ញុំ​រយៈពេល ១០​ថ្ងៃជា​កំហិត ចាប់ពី​ថ្ងៃ​ជូនដំណឹង​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ តាម​រយៈ​លិខិត​ជូនដំណឹង លេខ ០១១/១៨ ស​ជ​ណ ដើម្បី​ឱ្យ​យើងខ្ញុំ​ជា​អាជីវករ លក់ដូរ នៅ​ទីតាំង​ខាងលើ​នេះ​រុះរើ​តូប​លក់ដូរ ក្នុង​ហេតុផល​ផ្សេង​ៗ​ដែល​មិន​ត្រឹមត្រូវ​នឹង ស្ថានភាព​ជាក់ស្តែង​។

យើងខ្ញុំ​ពិតជា​មាន​អារម្មណ៍​តក់ស្លុត មាន​ក្តី​កង្វល់ និង​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​វិធានការ របស់​រដ្ឋបាល​ស្រុក​ត្រាំកក់ ដែល​គ្រោង​នឹង​ធ្វើ​មក​លើ​អាជីវករ​ដែល​អ្នកខ្លះ​មាន​អតីតភាព​លក់ដូរ​ក្រោម ១០​ឆ្នាំ លើស​១០​ឆ្នាំ ដល់​ក្រោម​២០​ឆ្នាំ និង​អ្នកខ្លះ​ទៀត​លើស​ពី​២០​ឆ្នាំ តាំង ពី​ជំនាន់​អភិបាល នៃ​គណៈ​អភិបាលស្រុក​ចាស់​ច្រើន​អាណត្តិ នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សកល និង​កម្ពុជា​មាន​បញ្ហា​ប្រឈម និង​ស្ថានភាព​ជីវភាព​របស់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ កំពុង​រង​ការ​គំរាមកំហែង​លក់​មិន​ដាច់ និង​រង​ផល​ប៉ះពាល់​ដូច​ជា​ការ​រក​ព្រឹក​ខ្វះ​ល្ងាច និង​ត្រូវ​មាន​បន្ទុក​ចិញ្ចឹម​ក្រពះ និង​ផ្គត់ផ្គង់​កូន​ៗ​បាន​រៀនសូត្រ បែប​នេះ​ឡើយ​។

យើងខ្ញុំ​សូម​គូសបញ្ជាក់​ថា ការ​លើក​ឡើង​អំពី​មូលហេតុ៖
ផ្សេង​ៗ​នៅ​ក្នុង​លិខិត​ជូនដំណឹង របស់ រដ្ឋបាល​ស្រុក​ត្រាំកក់ គឺ​ពុំ​ត្រឹមត្រូវ​តាម​ស្ថានភាព​ជាក់ស្តែង​នោះ​ឡើយ ព្រោះ​អាជីវករ ដែល​ប្រើប្រាស់ និង​អាស្រ័យ​ផល​ក្នុង​ផ្សារ​អង្គតាសោម គឺ​លក់ដូរ​ជា​លក្ខណៈ​កញ្ច្រែង កញ្ជើ ល្អី និង​រាន ដែល​ងាយស្រួល ក្នុង​កា​រុះរើ និង​ចល័ត​។ ម្យ៉ាងទៀត​ក្នុង​ទីតាំង​ភូមិសាស្ត្រ​របស់​ផ្សារ តើ​មាន​ផ្លូវ​ក្រ​វ៉ា​ត់​ជុំវិញ មិន​បង្កក្តី​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​សាធារណៈជន​នោះ​ឡើយ ហើយ​លើស​ពី​នេះ​ទៅ​ទៀត អាជីវករ​ភាគច្រើន​គឺ​លក់​លើ​គំនូស​ដែល​អភិបាល នៃ​គណៈ​អភិបាលស្រុក​ចាស់ រៀបចំ​គូស​ជូន និង​មានការ​បង់ថ្លៃ​ភាស៊ី​ជា​ប្រចាំ​ថ្ងៃ​ត្រឹមត្រូវ​។

យ៉ាងណាមិញ តាម​រយៈ សារាចរ លេខ ០៨ ស​.​រ ចុះ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ ស្តី​ពី​ការ​គ្រប់គ្រង​ផ្សារ​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស​និង សារាចរ​លេខ​១១ សរ ចុះ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៦ ស្តី​ពី​ការ​លុប​ការ​បង់ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី របស់​រាជ រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​កន្លង​មក គឺ​មាន​គោលបំណង​ដើម្បី​ការពារ និង​ផ្តល់​ក្តី​អនុគ្រោះ​ខ្លាំង ដល់​អាជីវករ​លក់ដូរ​បន្តិចបន្តួច ដើម្បី​ចឹ​ញ្ចឹ​ម​ក្រពះ និង​ក៏​ជម្រុញ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ខិតខំ​ការពារ និង​ផ្តល់​ការ​អនុគ្រោះ​ផង​ដែរ​។ ប៉ុន្តែ​ហេតុ​អ្វី​បានជា រដ្ឋបាល​ស្រុក​ត្រាំកក់ ចេញ​លិខិត​មក​យើងខ្ញុំ​បែប​នេះ​ទៅ​វិញ​។

តាម​រយៈ​ការ​រៀបរាប់​ខាងលើ​សូម​សំណូមពរ៖

ទី​១.​សុំ​រក្សា​កន្លែង​លក់ដូរ​របស់​អាជីវករ​ឱ្យ​នៅ​ដដែល ប៉ុន្តែ​សុំ​ត្រឹម​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ

ទី​២.​សុំ​ឱ្យ​អ្នកមាន​ផ្ទះ ឬ​តូប​លក់ដូរ​ត្រឹមត្រូវ​កុំ​ត​សំ​យ៉ាប លយ​មក​មុខ ឬ​ដាក់​សម្ភារ​ហៀរ​ចេញ​មក​ផ្លូវ​ឬ យក​ដី​សាធារណៈ​មុខ​ផ្ទះ​របស់​ខ្លួន​ជួល​ដើម្បី​ប្រយោជន៍​ខ្លួនឯង

ទី​៣. សុំ​ឱ្យ រដ្ឋបាល​ស្រុក​ត្រាំកក់ រៀបចំ​ផ្សារ ឬ​កន្លែង​លក់ដូរ​ថ្មី​ឱ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន មុន​នឹង​សម្រេច ជម្លៀស​អាជីវករ​ទៅ​លក់ដូរ​កន្លែង​ថ្មី ព្រោះ​ប្រសិនបើ​អាជីវករ​លក់ដូរ​បន្តិចបន្តួច​គ្មាន​កន្លែង​លក់ដូរ

គឺ​មាន​ផល​ប៉ះពាល់ និង​បញ្ហា​ប្រឈម​ច្រើន​ដល់​សេដ្ឋកិច្ច អ្នក​ក្នុង​បន្ទុកគ្រួសារ និង​សង្គម​ទាំងមូល

ទី​៤. សុំ​ចេញ​បង្កាន់ដៃ​កាន់កាប់​ឱ្យ​អាជីវករ​ចាស់​ៗ ដើម្បី​គាត់​បាន​ចូលរួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច

ទី​៥.​សុំ​យក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ជា​អាទិភាព ដោយ​គប្បី​រក​វិធីសាស្ត្រ​ដោះស្រាយ​ឱ្យ​មាន លក្ខណៈ​ទន់ភ្លន់ និង​កក់ក្តៅ​ក្នុង​នាម​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ​មូលដ្ឋាន​។

បន្ទាប់​ពី​ការ​តវ៉ា​របស់​ក្រុម​អាជីវករ​នៅ​ព្រឹក​ថ្ងៃ​ទី 29 ខែ កញ្ញា​នេះ​រដ្ឋបាល​ស្រុក​ហាក់ដូចជា​បន្ធូរ​ដៃ​ហើយ​ក្រុម​អាជីវករ​ក៏​បាន​ត្រឡប់​ទៅ​លក់ដូរ​ជា​ធម្មតា​វិញ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ